ជនសង្ស័យចំនួន៤ នាក់ជិះម៉ូតូ ២ គ្រឿងបានធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីជាអ្នកលក់បន្លែម្នាក់បណ្ដាលឲ្យជនរងគ្រោះដួលអូសម៉ូតូជាច្រើនម៉ែត្រចូលក្នុងគុម្ពោតព្រៃរងរបួសយ៉ាងដំណំ រួចជនសង្ស័យស្ទុះទៅឆក់យកការបូបលុយបានសម្រេច នាំគ្នាឡើងជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៩និង ៤៥ នាទីថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២២  នៅចំណុចគល់ស្ពាន ខាងត្បូងក្រុមហ៊ុនស្រាបៀរកម្ពុជាប្រមាណជា ៥០ ម៉ែត្រ តាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហ៊ន ផុន ភេទស្ត្រី អាយុ៣៦ឆ្នាំ មុខរបរលក់បន្លែ នៅផ្សារជម្ពូវ័ន ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូហុងដាគុបជ្រុងពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ1D-9804ចេញពីម្តុំរង្វង់មូលគួរស្រូវ គោលបំណងទៅផ្សារជម្ពូវ័ន្ត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យចំនួន៤ នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ចំនួន២ គ្រឿងមិនចាំស្លាកលេខ  មកពីក្រោយ។ពេលនោះជនសង្ស័យចំនួន២នាក់បានមកធ្វើសកម្មភាពឆក់កាបូបលុយពីរូបគាត់មិនបានសម្រេចបណ្តាលឲ្យរូបគាត់ដួលម៉ូតូអូសជាច្រើនម៉ែត្រចូលទៅក្នុង       គុម្ពោតព្រៃ រងរបួសដៃជើង យ៉ាងដំណំ។ចំណែកជនសង្ស័យចំនួន២ នាក់ទៀតចាំបិទគូថនៅពីក្រោយ។

បន្ទាប់មកជនសង្ស័យបានទាញយកកាបូបលុយដែលរូបគាត់ក្រវ៉ាត់នៅជាប់ចង្កេះ ហើយរូបគាត់បានប្រតាយប្រតប់គ្នាគ្នាជាមួយជនសង្ស័យផងដែរ និងបានស្រែកឲ្យគេជួយតែគ្នានអ្នកជួយ ទើបជនសង្ស័យបានទាញយកកាបូប លុយគាត់ រួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច។ជនរងគ្រោះបានបន្តទៀតថា សម្ភារ:ដែលត្រូវបាត់បង់មានលុយខ្មែរចំនួនជាង ៤លានរៀលនិងទូរស័ព្ទដៃ១គ្រឿងម៉ាកOPPO។

ក្រោយកើតហេតុជនរងគ្រោះ បានទំនាក់ទំនងហៅសាច់ញាតិរួចទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕

អត្ថបទ៖សុខលី

Share.