កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនមនុស្ស ប្រុសស្រី៨នាក់ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់នៅក្នុងរាជធានីភ្នំពេញ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថាទីតាំងយីហោសណ្ឋាគារ ខលល័រ មានបង្ខាំងមនុស្សជំរិតយកប្រាក់ទើបសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋានរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចខណ្ឌចំការមន ឆ្មក់ចូលឆែកឆេរ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ក្នុងនោះមានជនជាតិចិន៤នាក់ស្រីម្នាក់និងជនជាតិខ្មែរជាបុគ្គលិក៤នាក់ និងដកហូតវត្ថុតាងមួយចំនួនរួមទាំងម៉ូតូចំនួន៧គ្រឿង។ 

ក្រោយប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌបាននាំខ្លួនមនុស្សប្រុសស្រីទាំង៨នាក់បញ្ជូនទៅការិយាល័យជំនាញផ្នែកព្រហ្មទណ្ឌដើម្បីសួរនាំបន្តនិងធ្វើការបិទទីតាំងខាងលើជា បណ្តោះអាសន្នរង់ចាំការស៊ើបអង្កេតបន្ថែម៕

Share.