កម្មវិធី «Sisters Who make Waves» គឺជាកម្មវិធី Reality Show ការប្រកួតប្រជែងរបស់អ្នកសិល្បៈផ្នែកនារីចំនួន៣០រូប ដោយអ្នកឈ្នះចំនួន៧រូបចុងក្រោយ នឹងបង្កើតជាក្រុមចម្រៀងមួយ។ បន្ទាប់ពីចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហើយទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពខ្លាំងចំនួន២ រដូវកាលកន្លងមក ស្រាប់តែមានដំណឹងចចាមអារ៉ាមលេចឮថាកម្មវិធីនេះ នឹងដាក់ចេញឱ្យមានការប្រកួតប្រជែងផ្នែកបុរសដែលនឹងត្រូវចាប់ផ្ដើមថតនៅកំឡុងខែកក្កដាឆ្នាំ២០២១ ខាងមុខនេះ។

ដំណឹងនេះកាន់តែទាក់ចិត្តអ្នកគាំទ្រខ្លាំងព្រោះតែតារាកិត្តិយសបុរសដែលនឹងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីខាងលើនេះមានឈ្មោះលោក Andy Lau ហៅ លីវ តឺហួរ ដែលទោះជាឆ្នាំនេះមានវ័យ៥៩ឆ្នាំហើយក្ដី ក៏អធិរាជចម្រៀងហុងកុងរូបនេះត្រូវបានជ្រើសរើសឱ្យធ្វើជាស្ថាបនិកដែលនឹងដើរតួនាទីជ្រើសរើសបេក្ខជន។
ក្នុងដំណឹងលេចឮនោះក៏ឈ្មោះតារាដែលនឹងចូលរួមក្នុងកម្មវិធីគឺសុទ្ធសឹងជាប្រុសស្អាតនិងជាតារាដែលមហាជនស្រលាញ់ចូលចិត្តនិងគាំទ្រយ៉ាងខ្លាំងមានដូចជា Jerry Yan, Vic Chou, Jimmy Lin, Wu Chun, Jordan Chan, Mike He, Calvin Chen, Qin Hao, Chen Kun និងតារាល្បីៗជាច្រើនរូបទៀត។
ក្រោយដំណឹងនេះបានលេចឮខ្ចរខ្ចាយធ្វើឱ្យមជ្ឈដ្ឋានមហាជន បានបង្ហាញការយល់ឃើញចំពោះ Big Name ក្នុងសិល្បៈថាជារឿងមួយដែលពិបាកនឹងអាចទៅរួចណាស់ ហើយថែមទាំងមិនសមនឹងអាចក្លាយជាពិតផង ជាពិសេសរឿងដែល Andy Lau នឹងចូលរួមក្នុងកម្មវិធីនេះ។

«ក្រោយមើលឃើញឈ្មោះរួច ខ្ញុំគិតថាមិនអាចទៅរួចទេ ព្រោះអ្នកដែលមានឈ្មោះក្នុងនេះរវល់ខ្លាំងណាស់» នេះជាការលើកឡើងមួយ ខណៈអ្នកខ្លះទៀតបានលើកឡើងថា «ខ្ញុំមិនជឿទេថា Andy Lau នឹងចូលរួមក្នុងកម្មវិធីទូរទស្សន៍ណាមួយនោះ» ដោយអ្នក Comment រូបនោះលើកឡើងថាដំណឹងចចាមអារ៉ាមនេះបង្កើតឡើងដើម្បីទាញការចាប់អារម្មណ៍ពីហ្វេនប៉ុណ្ណោះ។ ខណៈអ្នកខ្លះទៀតគ្រាន់តែលើកឡើងថាមានតែរងចាំមើលប៉ុណ្ណោះថាតើពិតដូចពាក្យចចាមអារ៉ាមដែរឬអត់?

សូមបញ្ជាក់ថាកម្មវិធី «Sister Who Make Waves» គឺជាកម្មវិធីដែលចាក់ផ្សាយលើ Mango TV ដែលបានផ្សាយរវាងថ្ងៃទី១២ ខែមិថុនា រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២០៕
