តារាសម្ដែងស្រី លី ម៉ារីណា បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរខណៈដែលអ្នកនាងបង្ហោះនៅលើហ្វេសប៊ុកជាសាធារណៈថា ចែកផ្លូវគ្នាជាមួយស្វាមី ដោយមានហេតុផលនិងរៀបរាប់មិនលាក់លៀម។ គេចាំបានថា អ្នកនាង លី ម៉ារីណា បានរៀបអាពាហ៍ពិពាហ៍ជាមីលោក សាត ចាន់ថន នៅក្រៅប្រទេសកាលពីអំឡុងឆ្នាំ២០១២ និងមានកូនប្រុសម្នាក់។ ចុះសុខៗហតុអ្វីបានជាអ្នកនាងបញ្ចប់ទំនាក់ទំនងគ្នាបែបនេះ?

បើតាមការបង្ហោះអះអាងរបស់អ្នកនាង លី ម៉ារីណា នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា«នាងខ្ញុំលី ម៉ារីណាសូមប្រកាសជាសាធារណៈបែបនេះថា នាងខ្ញុំនិងស្វាមីឈ្មោះលោក សាត ចាន់ថន បានបញ្ចប់ទំនាក់ទំនងជាប្ដី-ប្រពន្ធដោយសារភាពមិនចុះសម្រុងនឹងគ្នាហើយ។ អ៊ីចឹងអ្វីៗគ្រប់យ៉ាងនាងខ្ញុំសូមបញ្ចប់ដោយសន្តិវិធី និងទុកមុខរាប់អានគ្នា»។ អ្នកនាងបន្ថែមថា ហើយអ្វីដែលបានបញ្ចប់សូមឱ្យរក្សាតម្លៃទាំងសងខាងកុំបង្កហេតុផលក្នុងព័ត៌មានសង្គមហើយកុំឱ្យបង្ហោះនូវអ្វីដែលឱ្យមានផលប៉ះ ពាល់ដល់សង្គមជាបន្តទៀត។

បន្ទាប់ពីការបង្ហោះរបស់អ្នកនាង លី ម៉ារីណា នៅថ្ងៃទី ១៨ ខែកុម្ភៈ ម្សិលមិញនេះ លោក សាត ចាន់ថន ត្រូវជាស្វាមីអ្នកនាង ក៏បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថា «យើងបានរៀបការនៅជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំ ថែមទាំងមានកូនជាមួយគ្នាទៀត។ ចុះហេតុអ្វីនៅសុខសុខបានសុំចែកផ្លូវគ្នាអញ្ចឹង ខ្ញុំគិតមិនយល់?»។

បើទោះបីជាអ្នកនាង លី ម៉ារីណា ទទូចមិនឱ្យមានព័ត៌មានសង្គមរបស់គ្រួសារអ្នកនាងដែលបង្កឱ្យមានការប៉ះពាល់ដល់សង្គមក្ដី ក៏ប៉ុន្ដែក្នុងការប្រកាសបញ្ចប់ទំនាក់ទំនងនេះ គេមើលឃើញថា មិនត្រូវបានបកស្រាយឱ្យច្បាស់លាស់នោះទេ ឬជាចេតនាអ្វីឱ្យប្រាកដ។ សូម្បីតែខាងភាគីស្វាមីក៏ប្រកាសថាមិនយល់ផងដែរ។ តែយ៉ាងណាការប្រកាសដោយបើកចំពីការចែកផ្លូវជាមួយស្វាមីពីសំណាក់អ្នកនាង លី ម៉ារីណា បានធ្វើឱ្យមហាជនជាច្រើនរង់ចាំមើលថា ទៅថ្ងៃខាងមុខអ្នកទាំងពីអាចផ្សះផ្សាត្រូវគ្នាវិញ ដូចតារាសម្ដែង ស៊ុក សុភា ដែរឬទេ?

សារព័ត៌មានត្រយងរង់ចាំការបំភ្លឺបន្ថែមពីសំណាក់អ្នកនាង លី ម៉ារីណា ដើម្បីឱ្យមហាជនកាន់តែ​ច្បាស់ចិត្ត៕

Telegram-Troryorng
https://t.me/troryorngmedia
Share.