រយៈពេល៥ឆ្នាំហើយដែលផលិតកម្ម YG មិនបានបញ្ចេញក្រុមចម្រៀងស្រីថ្មីៗវាយលុកទីផ្សារ ធ្វើឱ្យអ្នកគាំទ្រផលិតកម្មនេះកើតចិត្តក្ដៅក្រហាយជំនួសក្មេងៗកំពុងតែហ្វឹកហាត់នៅក្នុងផលិតកម្មនេះ។ យោងតាមគេហទំព័រ KOREABOO ក្នុងចំណោមក្មេងៗជាច្រើននាក់ដែលបានចូលហ្វឹកហាត់ មានអតីតក្មេងហ្វឹកហាត់ចំនួន៥នាក់បានចេញមកទម្លាយពីមូលហេតុដែលខ្លួនចាកចេញពីផលិតកម្មមួយនេះដោយសារតែកត្តាពុករលួយនិងស៊ីសំណូក។
១. Han Byul
តារាកូនកាត់កូរ៉េនិងស្វីស Han Byulបច្ចុប្បន្នកំពុងតែប្រកួតក្នុងកម្មវិធី CAP-TEEN របស់ទូរទស្សន៍ Mnet។ មុនពេលចូលប្រកួតក្នុងកម្មវិធីខាងលើ ក្មេងស្រីរូបនេះជាក្មេងហ្វឹកហាត់ដែលល្បីខ្លាំងបំផុតមួយស្ថិតក្រោមផលិតកម្ម YG Entertainment។ នៅក្នុងវីដេអូឃ្លីបមួយដកស្រង់ពីកម្មវិធី CAP-TEEN នោះ Han Byul បានទម្លាយឱ្យដឹងថាទោះជានាងគឺជាក្មេងហ្វឹកហាត់នៅក្នុងក្រុមហ៊ុនចាប់តាំងពីអាយុ១២ឆ្នាំ តែទីបំផុតនាងនៅតែសម្រេចចិត្តចាកចេញពីក្រុមហ៊ុនកាលពីឆ្នាំមុនព្រោះនាងដឹងថានាងមិនអាចចេញបទប្រឡូកក្នុងនាមជាតារាចម្រៀងនៅក្នុងផលិតកម្មនេះបានទេដោយសារតែពេលវេលាចេះតែពន្យារ ដែលធ្វើឱ្យនាងមានអារម្មណ៍ថាខ្លួនបាត់បង់ការតាំងចិត្តនិងគ្មានតម្លៃនៅក្រោមដំបូលផលិតកម្មមួយនេះ ទីបំផុតនាងក៏សម្រេចចិត្តចាកចេញតែម្ដង។ នៅក្នុងកំឡុងពេលហ្វឹកហាត់នាងចេះតែឆ្ងល់ថា «តើខ្ញុំនៅទីនេះធ្វើអ្វី? ខ្ញុំគិតថានៅទីនេះខ្ញុំគ្មានតម្លៃទេ»។

២. MAYDONI
កាលពីឆ្នាំ២០១៩ តារាចម្រៀងទោល MAYDONI បានផុសវីដេអូលើយូធូបដោយប្រើចំណងជើងថា «ខ្ញុំគិតថាពួកគេជាគ្រួសារខ្ញុំ តែនេះជាមូលហេតុខ្ញុំចាកចេញពី YG»។ នៅក្នុងករណីរបស់ MAYDONI បញ្ហារបស់នាងជាមួយនឹងក្រុមហ៊ុនគឺរឿងពុករលួយនិងសំណូក។ យោងតាមការឱ្យដឹងពីអតីតក្មេងហ្វឹកហាត់រូបនេះ ថា ក្មេងមកពីគ្រួសារអ្នកមានស្រាប់តែចូលរួមក្នុងក្រុមហ៊ុនខណៈដែលនាងកំពុងហ្វឹកហាត់នៅទីនោះ។ បុគ្គលិកចាប់ផ្ដើមយកចិត្តទុកដាក់ខ្លាំងលើក្មេងដែលមកពីគ្រួសារអភិជន។ ក្រោយមកនាងបានរកឃើញថាក្មេងអ្នកមាននោះបានយកស្រាទំពាំងបាយជូដ៏ថ្លៃមកពីបរទេសដើម្បីសូកបុគ្គលិកក្នុងផលិតកម្ម។ នាងបាននិយាយទៀតថាអ្នកហ្វឹកហាត់មានលុយមានឱកាសច្រើនជាងអ្នកហ្វឹកហាត់យូរឆ្នាំ ព្រោះបុគ្គលិកបានច្រាននាងចោលដើម្បីទុកផ្លូវឱ្យសិស្សប្អូនដែលចូលរួមក្នុងក្រុមហ៊ុនក្រោយនាងជាច្រើនឆ្នាំ។ ដូច្នេះមិនប្លែកទេដែលនាងបាត់បង់ជំនឿចិត្តព្រោះតែរឿងនេះ។ MAYDONI បានទម្លាយទៀតថា YG Entertainment ថែមទាំងរឹតបន្តឹងលើនាងយ៉ាងតឹងរ៉ឹងថែមទៀតបើសិនជានាងចង់មានឱកាសបានប្រឡូកចូលសិល្បៈ។ នាងត្រូវបានគេឱ្យសម្រកទម្ងន់នៅសល់ត្រឹម៣៨គីឡូ ហើយថែមទាំងត្រូវបានគេលើកទឹកចិត្តឱ្យប្រជែងជាមួយនឹងអ្នកហ្វឹកហាត់ផ្សេងជាជាងមិត្តភាព។

៣. Woong (AB6IX)
សព្វថ្ងៃនេះ អ្នកប្រហែលជាស្គាល់ Woong ក្នុងនាមជាតារាចម្រៀងនាំមុខក្រុម AB6IX និងជាប្រធានផ្នែករាំក្នុងក្រុម។ ប៉ុន្តែមុននឹងចូលរួមជាមួយ Brand New Music តារារូបនេះក៏ជាអ្នកហ្វឹកហាត់ក្រោមផលិតកម្ម JYP, Woollim, និង YG ។ ក្រោយក្លាយជាអ្នកហ្វឹកហាត់ក្នុង Brand New Music រួច Woong បានបង្ហើបឱ្យដឹងថាគេមិនបានចាកចេញពី YG Entertainment ដោយស្ម័គ្រចិត្តនោះទេ។ នៅក្នុងវីដេអូឃ្លីបគេបាននិយាយថា អគ្គនាយកផលិតកម្មលោក Yang Hyun Suk ស្រាប់តែខលមកគេហើយប្រាប់គេថា «ក្រោយពីវាស់ស្ទង់សមត្ថភាពខែនេះរួច Woong មិនចាំបាច់មកកាន់ផលិតកម្មហ្វឹកហាត់ទៀតនោះទេ»។ Woong បានប្រាប់ឱ្យដឹងថាពេលនោះគេបានយំជាខ្លាំងចំពោះរឿងដែលបានកើតឡើង ប៉ុន្តែនៅថ្ងៃនេះអ្នកគាំទ្រ AB6IX បានដឹងហើយថា YG ខាតធំណាស់ដែលបោះបង់ Woong ។

៤. Han Hyun Soo
មិត្តភក្តិជិតស្និតរបស់ G-Dragon និង Taeyang គឺ Han Hyun Soo ត្រូវបានគេចាត់ទុកថាគឺជាក្ដីរំពឹងនៃភាពជោគជ័យសម្រាប់ BIG BANG ពេលដែលគេនៅហ្វឹកហាត់ក្រោមផលិតកម្ម YG កាលពីកំឡុងឆ្នាំ២០០០ ប៉ុន្តែមុនពេលបានប្រឡូកចូលសិល្បៈ Han Hyun Soo បានលុបកុងត្រាចោលដោយសារតែក្ដីបំណងរបស់ឪពុកម្ដាយរបស់គេ។ ចំពោះរឿងនេះមិនដឹងថាមកពីឪពុកម្ដាយរបស់គេមានបញ្ហាអ្វីជាមួយនឹង YG ឬអត់ ព្រោះពួកគាត់បានប្រឆាំងនឹងផ្លូវដើររបស់ Han Hyun Soo ហើយទទូចឱ្យគេត្រលប់ទៅសាលាខិតខំរៀនវិញ។ ទីបំផុត Han Hyun Soo បានទៅសិក្សាហើយរៀនជំនាញសិល្បៈនៅសកល Hanyang University បានក្លាយជា Designer ហើយគេតែងតែគាំទ្រនិងលើកទឹកចិត្តមិត្តតារារបស់គេរហូតមក។

៥. Euna Kim
មុនពេលប្រឡូកចូលសិល្បៈក្នុងនាម The Ark ហើយក្រោយមកជាតារាគូ KHAN ដែលត្រូវបានរំលាយចោល Euna Kim គឺជាក្មេងដែលមានភាពលេចធ្លោក្នុងចំណោមក្មេងហ្វឹកហាត់ទាំងអស់។ នាងត្រូវបានគេរំពឹងថានឹងចូលរួមក្នុងក្រុម PINK PUNK ក្រុមចម្រៀងស្រីដែលត្រូវបានប្រែឱ្យទៅជា BLACKPINK បច្ចុប្បន្ន ប៉ុន្តែគ្រប់គ្នាមានការភ្ញាក់ផ្អើលដែលនាងចាកចេញពី YG នៅឆ្នាំ២០១៣។

នៅក្នុងបទសម្ភាសន៍ជាមួយនឹង Star News នាងបានពន្យល់ថានាងចាកចេញពី YG ព្រោះការប្រកួតប្រជែងមានកម្រិតមួយពេកសម្រាប់នាង ដោយសារនៅទីនោះសំបូរក្មេងៗដែលមានសមត្ថភាពដូច្នេះធ្វើឱ្យនាងមានអារម្មណ៍ថាខ្លួនឯងខ្វះខាតនិងតូចទាប។ នាងថែមទាំងធ្លាប់ចោទជាសំនួរដាក់ខ្លួនឯងទៀតថា តើការច្រៀងពិតជាស័ក្ដិសមសម្រាប់នាងមែនទេ? នាងគិតថាខ្លួនគ្មានទេពកោសល្យ។ ក្រោយចាកចេញពី YG នាងបានត្រលប់ទៅអាមេរិកសិក្សាបន្ត ប៉ុន្តែនាងបានត្រលប់មកប្រទេសកូរ៉េវិញដើម្បីចាប់ផ្ដើមក្ដីសុបិនជាថ្មី។
