នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បើតាមការបញ្ជាក់របស់ក្រុមអ្នកស្នេហាភាពយន្ដចាស់ៗនៅក្នុងប្រទេស​ថៃ​ (มนัส กิ่งจันทร์ ภาคสอง ชุมทางหนังไทยในอดีต) បានបញ្ជាក់ឱ្យដឹងថា ដុំហ្វីលភាពយន្តបុរាណខ្មែរ «ធីតាឃ្លោកទិព្វ» ត្រូវបានអ្នកស្រាវជ្រាវថៃរកឃើញមួយចប់នៅខេត្តកាឡាស៊ីន ប្រទេសថៃ។

ភាពយន្ដបុរាណខ្មែរមួយនេះ ត្រូវបានចូលរួមសម្ដែងដោយតារាឯកស្រី ទិត្យ វិជ្ជរ៉ាដានី សម្ដែងជាតួស្រីទេពអប្សរ អស់បុណ្យហើយចុះពីឋានសួគ៌មកឋានកណ្ដាលក្លាយជាមនុស្សមុខ២ នៅពេលយប់មានសភាពមុខស្រស់ស្អាត និងនៅពេលថ្ងៃមានសភាពមុខខ្មោចគួរឱ្យខ្លាច។ ដោយសារត្រូវបណ្ដាសាពីព្រះ ព្រោះស្រីសួគ៌មកកម្សាន្តព្រៃ ក៏បាន​គប់ដុំថ្មតម្រង់មេអំបៅ តែដុំថ្មជ្រុលទៅប៉ះដោយអចេតនាក្បាលតាចាស់កំពុងតាំងសីល។ ក្រោយមកវាសនារបស់ធីតាឃ្លោកទិព្វ ក៏ត្រូវបានប្រែប្រួលនៅពេលបានចួបព្រះអង្គម្ចាស់។

ភាពយន្តបុរាណខ្មែរ «ធីតាឃ្លោកទិព្វ» ត្រូវបានផលិតនិងចាក់បញ្ចាំងនៅក្នុងរោងភាពយន្ដនៅឆ្នាំ១៩៧១ និងបានយកទៅបញ្ចាំងនៅក្នុងប្រទេសថៃផងដែរ។ យ៉ាងណាមិញ បើតាមការអះអាងរបស់ក្រុមអ្នកស្នេហាភាពយន្ដចាស់​ៗ​នៅក្នុងប្រទេសថៃ បានបង្ហោះសារនៅលើហ្វេសប៊ុកថា ដុំហ្វីលភាពយន្តបុរាណខ្មែរមួយនេះ នៅមានកំណាត់​ហ្វីលភាគច្រើននៅល្អទាំងស្រុង គ្មានសូម្បីតែស្នាមប្រះ ឬរហែក។ ភាពយន្ដនេះមានទាំងអស់៣វគ្គចប់មួយរឿង ហើយប្រសិនបើប្រជាជនខ្មែរយើងចង់ទាក់ទងយកដុំហ្វីលភាពយន្តបុរាណខ្មែរ «ធីតាឃ្លោកទិព្វ» មករក្សាទុក សូមទាក់ទងទៅកាន់ ហ្វេសប៊ុករបស់លោក Praderm Sangaseang ជាអ្នកស្រាវជ្រាវភាពយន្ដចាស់ៗនៅប្រទេសថៃ៕

លោក Praderm Sangaseang
Telegram-Troryorng
Share.