ចាប់តាំងពីឈានជើងចាកចេញពីផលិតកម្មហង្សមាស កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានរបូតតំណែងជាគណៈកម្មការក្នុងកម្មវិធីប្រកួតសមត្ថភាពលំដាប់ពិភពលោកជាច្រើន មានដូចជាកម្មវិធី Cambodian Idol , The Voice Kids Cambodia , Cambodian Idol Junior និង Cambodian’s Got Talent ។ កម្មវិធីធំៗទាំងអស់នេះ បានធ្វើឱ្យហ្វេនអ្នកគាំទ្រ រួមទាំងបេក្ខភាពចូលប្រកួត លែងបានត្រងទទួលបទពិសោធន៍ល្អៗពីសំណាក់លោក ព្រាប សុវត្ថិ ក្នុងការផ្ដល់ Comment ។ ដោយថ្មីៗនេះ ខាងក្រុមហ៊ុនហង្សមាសបានបង្ហាញឱ្យមហាជនមើលឃើញហើយថា កៅអីគណៈកម្មការរបស់លោក ព្រាប សុវត្ថិ គឺមានអ្នកជំនួសតំណែងហើយ។

តាមរយៈហ្វេសប៊ុកផេក Cambodian Idol បានបង្ហោះរូបភាពមួយសន្លឹកដែលមើលឃើញថា គណៈកម្មការទាំង៤រូបដែលនឹងចូលខ្លួនស្វែងរកបេក្ខភាពឆ្នើមរបស់កម្មវិធីប្រកួតសមត្ថភាពលំដាប់ពិភពលោករដូវកាលទី៤នេះ រួមមាន លោក ឆន សុវណ្ណរាជ អ្នកនាង ឱក សុគន្ធកញ្ញា កញ្ញា សុខ សីឡាលីន និងលោក ណុប បាយ៉ារិទ្ធ។ ជាការពិតណាស់ អ្នកដែលបានជំនួសកៅអីលោក ព្រាប សុវត្ថិ នោះគឺកញ្ញា សុខ សីឡាលីន ដែលកញ្ញាធ្លាប់ឆ្លងកាត់ជាគណៈកម្មការនៅក្នុងកម្មវិធីប្រកួតចម្រៀង X Factor Cambodia រដូវកាលទី១។

យ៉ាងណាមិញ ក៏មានការព្យាករណ៍ទុកទៀតថា កញ្ញា សុខ សីឡាលីន នឹងអង្គុយកៅអីជំនួសលោក ព្រាប សុវត្ថិ សម្រាប់ការរ៉ាប់រងការងារបន្ដជំនួសលោកក្នុងកម្មវិធីធំៗខាងលើថែមទៀត ប៉ុន្ដែនៅមិនទាន់មានការប្រកាសជាផ្លូវការណាមួយនៅឡើយទេ។ បើទោះបីជា ការផ្លាស់ប្ដូរគណៈកម្មការក្នុងកម្មវិធី Cambodian Idol រដូវកាលថ្មីនេះក៏ដោយ ក៏បន្ដែហ្វេននៅតែទន្ទឹងចាំមើលថ្ងៃកម្មវិធីមួយនេះដំណើរការផ្សាយជាផ្លូវការដដែរ បន្ទាប់ពីបានរកឃើញបេក្ខភាពដែលមានសមត្ថភាពល្អនិងបានចម្រាញ់នៅវគ្គជម្រុះដំបូងនេះ។

គេក៏មើលឃើញថា តាមរយៈ២កម្មវិធីធំៗដែលនៅក្នុងដៃរបស់កញ្ញា សុខ សីឡាលីន ដូចជា X Factor Cambodia និង Cambodian Idol និងកាន់តែជួយឱ្យទីផ្សារសិល្បៈរបស់កញ្ញាឱ្យកាន់តែឡើងកូដជាងមុនទៅទៀត៕

Telegram-Troryorng
Share.