សម្តេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនក្រុមការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ នៅការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ក្នុងម្នាក់ទទួលបានថវិកា ១លានរៀលជារៀងរាល់ខែ ចាប់ពីខែឧសភានេះ រហូតដល់ខែធ្នូ ឆ្នាំ២០២១។

នេះបើតាមការបញ្ជាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោមក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងនៅព្រឹកថ្ងៃទី១៤ខែឧសភានេះ។

May be an image of one or more people, people standing, military uniform and outdoors

ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចឧបនាយករដ្ឋមន្ត្រី និងថាប្រាក់ឧត្ថម្ភបន្ថែមនេះ គឺជាការលើកទឹកចិត្តខ្ពស់មួយទៀតដល់ក្រុមការងារក្នុងបេសកកម្មនេះ។

រាជរដ្ឋាភិបាលទើបបានបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រកបដោយជោគជ័យកាលពីពេលថ្មីៗនេះ ដោយស្រង់គ្រាប់យុទ្ធភណ្ឌបានជាង១៦តោន រួមទាំងសម្ភារៈសឹក បំណែកឆ្អឹងសព និងស្រង់នាវាឡើងមកលើគោកជាស្ថាពរ ក្នុងកិច្ចប្រតិបត្តិការរយៈពេល៦ខែ។

សម្រាប់ការដ្ឋានទី២នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាលនាពេលនេះ ក្រុមការងារបានស្រាវជ្រាវ និងទទួលបានលទ្ធផលថា នាវាចម្បាំងដែលបានលិចកាលពីសម័យសង្គ្រាមនោះ គឺជាប្រភេទនាវាសឹករបស់កងទ័ព លន់ ណុល ដែលមានចំណុះប្រមាណ ៨០០តោន ហើយដែលអ្នកស្រុកហៅថា ប្លង់តុង៕

អត្ថបទ៖មុនី វិបុលសុខ រូប

កែសម្រួល៖សំ នឿន

Share.