
ពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជា Metfone Cambodian League 2021 បានបន្តប្រកួតនៅចុងសប្ដាហ៍នេះដោយក្រុមបាល់ទាត់វិសាខា ជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ហើយក្រុមណាហ្គាវើល ត្រូវប្រកួតជាមួយក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) នៅល្ងាចថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ។
*វិសាខា Vs ប៉ូលិស
ក្រុមវិសាខា ត្រូវបើកទ្វារកីឡដ្ឋានព្រីនស៍ លើទឹកដីខ័ណ្ឌសែនសុខ របស់ខ្លួនទទួលក្រុមប៉ូលិស នៅវេលាម៉ោង១៥:៣០នាទីរសៀល ព្រមទាំងមានផ្សាយផ្ទាល់តាម Page កម្ពុជាថ្មី ផងដែរ។
លោក Colum Curtis គ្រូបង្វឹករបស់ក្រុមវិសាខា ទើបតែប្រកួតបាន១ប្រកួតប៉ុណ្ណោះ ដែលស្មើគ្នា០ទល់០ ជាមួយក្រុមទ័ព ខណៈប្រកួតផ្សេងទៀតកន្លងមកត្រូវផ្អាកដោយសារការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ យ៉ាងណាមិនក្រុមនេះបានបាត់បង់សមាជិកក្រុមCharlie Machell ជនជាតិអង់គ្លេស ដែលទើបប្រកាសចែកផ្លូវគ្នា។ ក្រុមនេះមានសកម្មភាពប្រកួត៣លើកនៅចុងខែនេះ មុនចេញទៅប្រកួតជម្រុះក្នុងពានរង្វាន់ AFC Cup 2021 ជាមួយក្រុម Lalenok United របស់ទីម័រខាងកើត។
ដោយឡែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ វិញក្រោមការដឹកនាំរបស់លោក អ៊ុង កងយ៉ានិត ហាក់ចាប់ផ្ដើមមិនសូវបានល្អនៅប៉ុន្មានប្រកួតដំបូង ដោយបានចាញ់ក្រុមអគ្គីសនី ៣ទល់២ បន្តចាញ់ក្រុមអាស៊ីអឺរ៉ុប ៣ទល់២ និងចាញ់អង្គរថាយហ្គឺរ ១ទល់០។ កីឡាករ Shane Booysen សញ្ជាតិអាហ្វ្រិកខាងត្បូង ទំនងជាជិតត្រឡប់ចូលទីលានវិញបានហើយក្រោយមានបញ្ហាស្ទះសរសៃឈាមខួរក្បាល ស្របពេលកន្លងមករូបគេធ្លាប់រកបានគ្រាប់បាល់២គ្រាប់ឱ្យក្រុម។
*ណាហ្គាវើល Vs ទ័ព
ក្រុមណាហ្គាវើល ត្រូវជួបក្រុមកងយោធពលខេមរភូមិន្ទ នៅវេលាម៉ោង១៥:៣០នាទីដំណាលគ្នាលើទីលានកីឡដ្ឋាន AEU Sport Park ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News។
ឆ្លងកាត់៣ប្រកួតកន្លងមកនេះក្រុមណាហ្គាវើល រកបានជ័យជម្នះ២លើកនិងបរាជ័យ១លើក មាន៦ពិន្ទុក្នុងដៃ។ លោក មាស ចាន់ណា ជាបេក្ខភាពធ្វើព្យុះធ្វើភ្លៀងខ្លាំងនៅរដូវកាកនេះ ក្រោយនាំយកកីឡាករសំខាន់ៗទាំងខ្មែរនិងបរទេស។ យ៉ាងណាក្តីកីឡាករខ្មែរ-បារាំង បានចាកចេញពីក្រុមទាំងកណ្ដាលទី ដោយអះអាងថាធ្វើដំណើរទៅប្រទេសបារាំង វិញដោះស្រាយបញ្ហាផ្ទាល់ខ្លួន។
ចំពោះក្រុមទ័ព វិញកំពុងឈរចំណាត់ថ្នាក់លេខ៤ក្នុងតារាងបណ្តោះអាសន្នក្រោយប្រកួតកន្លងមករកបានជ័យជម្នះ ២លក ស្មើ១លើកនិងចាញ់១លើកមាន៧ពិន្ទុ។ លោក ហោ សុខហេង ជាគ្រូបង្វឹកថ្មីរបស់ទ័ពនៅរដូវកាលនេះដែលកន្លងមកលោកជាគ្រូជំនួយ។ កីឡាករ ណារ៉ុង កក្កដា និងកីឡាករនីហ្សេរីយ៉ា Dzama Bata ធ្លាប់រកគ្រាប់បាល់ឱ្យក្រុមបានម្នាក់២គ្រាប់ កន្លងមកផងដែរ។
ពានរង្វាន់លីគកំពូលកម្ពុជា មានសមាជិកចំនួន១៣ក្រុម ដោយគ្រោងនឹងបញ្ចប់នៅខែតុលា ខាងមុខ។ ក្រុមជើងឯកនឹងទទួលបានពានរង្វាន់ ព្រមទាំងទទួលបានសិទ្ធិស្វ័យប្រវត្តិទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2022៕
