ក្រុមហ៊ុន Walt Disney Co បានចេញសេចក្ដីប្រកាសនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះថា ខ្លួននឹងផ្អាកការចេញផ្សាយខ្សែភាពយន្តនៅក្នុងប្រទេសរុស្ស៊ី រួមទាំងការចេញផ្សាយរបស់ Pixar Animation Studios ដែលមានចំណងជើងថា «Turning Red» ដោយលើកឡើងហេតុផល ជុំវិញនៃការឈ្លានពានលើអ៊ុយក្រែន និងវិបត្តិមនុស្សធម៌ដ៏សោកនាដកម្ម ។

Disney ត្រូវ​បាន​គេ​ជឿ​ថា​ជា​ស្ទូឌីយោ​ហូលីវូដ​ដ៏​ធំ​ដំបូង​គេ​ដែល​ផ្អាក​ការ​ចេញ​ផ្សាយ​ភាពយន្ដ​នៅ​ក្នុង​ប្រទេស​រុស្សី ដើម្បី​ឆ្លើយ​តប​នឹង​ការដាក់ទណ្ឌកម្មលើរុស្ស៊ី។ Disney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងធ្វើការសម្រេចចិត្តអាជីវកម្មនាពេលអនាគតដោយផ្អែកលើស្ថានភាពវិវត្តន៍ ។ ក្នុងពេលជាមួយគ្នានេះ ដោយសារទំហំនៃវិបត្តិជនភៀសខ្លួនអ៊ុយក្រែនកំពុងកើតមាន យើងកំពុងធ្វើការជាមួយដៃគូ NGO របស់យើង ដើម្បីផ្តល់ជំនួយបន្ទាន់ និងជំនួយមនុស្សធម៌ផ្សេងទៀត»។

កាលពីចុងសប្តាហ៍កន្លងទៅ សាលាភាពយន្តអ៊ុយក្រែនបានបង្កើតញត្តិតាមអ៊ីនធឺណិត ដើម្បីអំពាវនាវឱ្យធ្វើពហិការអន្តរជាតិចំពោះវិស័យភាពយន្តរុស្ស៊ី និងឧស្សាហកម្មភាពយន្តរុស្ស៊ី បន្ទាប់ពីមានការលុកលុយ។

Telegram-Troryorng
Share.