ភ្នំពេញ៖មនុស្ស៤នាក់ ស្រី២នាក់ រងរបួសធ្ងន់ ក្នុងនោះមានដូនជីម្នាក់រងរបួសធ្ងន់ សង្ឃឹមតិចតួច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីមជិះគ្នា២នាក់យាយចៅ បុកជាមួយម៉ូតូកង់បី២នាក់យាយតា ដឹកនំយកទៅលក់ បើកលើផ្លូវបញ្ច្រាស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃក«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង៤នាក់រួមមាន ៖ ភាគីខាងម៉ូតូកង់បី ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-1283 បើកបរដោយឈ្មោះ មាំង ថៃ ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរលក់នំ ប្រពន្ធឈ្មោះ ស្រេង គឹមសាន អាយុ៦៨ឆ្នាំ មុខរបរលក់នំ តាមមុខរោងចក្រ មានទីលំនៅ ក្នុងភូមិកើតហេតុ រងរបួសធ្ងន់ទាំង២នាក់យាយតា ។ ចំណែកភាគីម៉ូតូហុងដាឌ្រីម សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នពេញ 1FQ-9901 បើកដោយចៅប្រុសឈ្មោះ ប៉ាន់ ផានិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ សិស្សសាលាអាសុីអឺរ៉ុប ឌុបជីដូនឈ្មោះ សោ ហែម អាយុ៦៦ឆ្នាំ ជាដូនជី ទាំង២នាក់យាយចៅរងរបួសធ្ងន់មានទីលំនៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់យាយចៅ ជិះម៉ូតូពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បុកជាមួយម៉ូតូកង់បី ២នាក់យាយតា ដែលបើកពីជើងទៅត្បូង តែលើផ្លូវបញ្ច្រាសចរាចរណ៍ ក្នុងគោលបំណងដឹកនំយកទៅលក់នៅមុខរោងចក្រ បណ្តាលឲ្យបោកផ្ទប់ ធ្លាក់ដេកដួលនឹងដីទាំងអស់គ្នា រងរបួសធ្ងន់ ក្នុងនោះមានដូនជីម្នាក់សង្ឃឹមតិចតួច ។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់យាយចៅ ត្រូវបានរថយន្តគ្លីនិកឯកជននៅកំបូលដឹកយកទៅ ចំណែកជនរងគ្រោះ ២នាក់យាយតា ត្រូវបានរថយន្តគ្លីនិកឯកជនមុខព្រលានយន្តហោះដឹកយកទៅសង្គ្រោះផងដែរ។ ចំណែកមធ្យោបាយទាំង២គ្រឿងទទួលរងបាក់ខ្ទេច សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យរួចប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.