Facebook – នៅ​លើបណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិនា ឆ្នាំ​២០២២ ម្សិលមិញ​នេះ ​​​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​​និង​កោតសរសើរ​​ទៅ​លើ​​ឈុត​ក្រមា​សូត្រ​របស់ កញ្ញា​ តន់​ ចន្ទសីម៉ា ដែល​បាន​គ្រង​ដើម្បី​​ថត​ MV ថ្មី​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​​។ ខណៈ​ដែល​ជនជាតិ​ខ្មែរ​កំពុង​តែ​មានក្ដី​មោទកភាព​ចំពោះ​ឈុត​​បុរាណ​ច្នៃ​ប្រឌិត​ថ្មី​រំលេច​ដោយ​រូប​ទង់​ជាតិ​ ជា​អត្តសញ្ញាណ​ជាតិ​ខ្លួន​​នោះ​ ស្រាប់​តែ​មាន​មនុស្ស​ថៃ​មួយ​ចំនួន​ ពិសេស​ផេក​ហ្វេកប៊ុក​មួយ​បាន​យក​រូប​​​របស់​តារា​ចម្រៀង​កម្ពុជា​ទៅ​ផ្សព្វផ្សាយ​ក្នុង​លក្ខខ័ណ្ឌ​​ពេបជ្រាយ​និង​ចំអក​ឡកឡឺយ​ ដែល​ជា​ទង្វើ​មួយ​មិន​គួរ​គប្បី​និង​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ថែម​ទៀត​ផង​។​

សូម​ចុច​អាន​ – តន់​ ចន្ទសីម៉ា​ និយាយ​បែប​នេះ​ ក្រោយ​ផ្ទុះ​ការ​សរសើរ​ពី​ឈុត​សម្លៀក​បំពាក់​ច្នៃ​ពី​ក្រមា​សូត្រ​ សម្រាប់​ MV​ ថ្មី​ ថតនៅ​អង្គរ​

ផេក​ថៃ​ដែល​មាន​ឈ្មោះ​ថា​ ASEAN “มอง” ไทย នេះ​ជា​រឿយ​ៗ​តែងតែ​ធ្វើ​ការ​បង្ហោះ​ឌឺដង​ផ្លែ​ផ្កា​ចំអក​ឡកឡឺយ​មក​កាន់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ជា​ញឹកញាប់​ ហើយ​ផេក​នេះ​ផង​ដែរ​ តែងតែ​លើក​ឡើង​ថា​ប្រទេស​កម្ពុជា​ទទួល​ឥទ្ធិពល​និង​អារ្យធម៌​ពី​ប្រទេស​ថៃ​ ហើយ​ប្រទេស​ថៃ​គឺជា​ប្រទេស​ដែល​មាន​ប្រវត្តិ​ជា​យូរលង់​ណាស់​មក​ហើយ​នៅ​លើ​ទឹកដីសុវណ្ណភូមិ​។ មិន​ត្រឹម​តែ​កម្ពុជា​ សូម្បី​តែ​ប្រទេស​ឡាវ ប្រទេស​ម៉ាឡេស៊ី ឬ​ប្រទេស​វៀតណាម ក៏​តែងតែ​ត្រូវ​បាន​ផេក​នេះ​ផុស ញុះញង់​អុជអាល បង្កើត​ឱ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ជានិច្ច​។​

បើ​មើល​តាម​រយៈ​ការ​ផុស​ជា​​ច្រើន​ ​សាធារណជន​បាន​ឱ្យ​តម្លៃ​​ Admin ផេក​នេះ​ ​ថា​ជា​មនុស្ស​មាន​អំនួត ​​ហើយ​ច្រើន​លើក​តម្កើង​ ​ជនជាតិ​ថៃ ​និង​ប្រទេស​ថៃ ​ថា​​អស្ចារ្យ ​ឆ្លាត​ និង​ជា​អ្នក​ធំ អ្នក​មាន​ចំណេះ​ដឹង​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​​អាស៊ាន​ផង​ដែរ​។

​ងាក​ត្រលប់​មក​ករណី​តារា​ចម្រៀង​ តន់ ចន្ទសីម៉ា និង​ឈុតបុរាណច្នៃ​ពី​​ក្រមា​សូត្រ​វិញ​ ផេក​នោះ​​បាន​យក​ទៅ​ផុស​ដោយ​ដាក់​ Caption ខ្លី​ថា​ «ชุดไทยสีธงชาติที่นครวัด» ឬ​ «ឈុត​ថៃ​ពណ៌​ទង់ជាតិ​នៅ​អង្គរវត្ត» ហើយ​នៅ​មិន​អស់​ត្រឹម​ប៉ុណ្ណេះ​នោះ​ទេ​ ផេក​នោះ​បាន​បន្ត​យក​ឈុត​ក្រមាសូត្រ​នេះ​ទៅ​ប្រៀប​នឹង​រូប​ភាព​សខ្មៅ​របស់​ស្ត្រី​ថៃ​ដែល​គ្រងឈុត​បុរាណ​ព្រម​ទាំង​ផុស​ថា​ «ว้าย ชุดสไบที่ใส่เดินนครวัด Copy Thai 555+» ឬ​ «វ៉ាយ ឈុត​ស្បៃ​ដែល​ស្លៀក​ដើរ​លេង​អង្គរវត្ត​ Copy Thai 555+» ដែល​លេខ​៥៥៥+ ​គឺ​សំដៅ​ដល់​សំឡេង​សើច​​ ព្រោះ​នៅ​ក្នុង​ភាសាថៃ​លេខ៥​នេះ​​បញ្ចេញ​​សំឡេង​​​ថា​ ហាហាហា ​គឺ​ស្រដៀង​ទៅ​នឹង​សំឡេង​សើច​។​

សង្កេត​នៅ​ខាង​ក្រោម​ផុស​របស់​ផេក​នេះ​ មាន​ជនជាតិ​ថៃ​មួយ​ភាគ​ធំ​ បាន​ចូល​មក​បញ្ចេញ​មតិ​សើច​ចំអក​ឡកឡឺយ​ និង​អះអាង​ថា​ឈុត​​ស្បៃ​នេះ​ជា​ឈុត​ប្រពៃណី​បុរាណ​របស់​ថៃ​ហើយ​ ប្រទេស​កម្ពុជា​យើង​បាន​លួ​ចចម្លងតាមខ្លួន​។ ប៉ុន្តែ​ជនជាតិ​ខ្មែរ​យើង​មិន​បាន​នៅ​ស្ងៀម​ឱ្យ​ភាគី​ថៃ​ចោទ​ប្រកាន់​និង​សើច​ចំអក​​តែ​ម្ខាង​នោះ​ឡើយ​ព្រោះ​បងប្អូន​ខ្មែរ​ក៏​បាន​ចូល​ទៅ​ឆ្លើយ​តប​និង​បញ្ចេញ​ភស្តុតាង​ក៏​ដូច​ជា​អំណះអំណាង​ជា​ច្រើន​​ បង្ហាញ​ថា​ឈុត​នេះ​ជា​ឈុត​ប្រពៃណី​ខ្មែរ​ ពិសេស​ឈុត​នេះ​មិន​បាន​ប្រើ​ពណ៌​ទង់​ជាតិ​ថៃ​​នោះ​ឡើយ​ ប៉ុន្តែ​ដោយសារ​តែ​ពន្លឺ​ចាំង​ទើប​ធ្វើ​ឱ្យ​រូប​ដែល​ចេញ​មក​ពណ៌​ប្រផេះ​ក្លាយ​ជា​ពណ៌​ខៀវ​។ល។​

នេះ​គ្រាន់​តែ​ការ​លើក​ឡើង​ពី​ផេក​មួយ​ដែល​មាន​ចរិត​ជ្រុល​និយម​ មាន​ទស្សនៈ​​ផ្អៀង​ជ្រុល​ និង​ប្រកាន់​ជាតិសាសន៍​ជ្រុល​ ជា​ហេតុ​នេះ​នាំ​ឱ្យ​មាន​ការ​ជជែក​តវ៉ា​ និង​ប្រកែក​ប្រណាំង​គ្នា​ ប៉ុន្តែ​​ការ​លើក​ឡើង​និង​ការ​ផុស​របស់​ផេក​ក៏​យើង​មិន​អាច​សន្មត​​បាន​ទាំង​ស្រុង​ថា​នោះ​គឺជាទស្សនៈ​របស់​ជនជាតិថៃ​មួយ​ប្រទេស​នោះ​ដែរ។

យោង​តាម​អង្កេត​បាន​បង្ហាញ​ថា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​ស្នេហាជាតិ​ក៏​មិន​បាន​ឆ្លើយ​តប​ដោយ​ភាសា​ពាលា​ឬ​ទ្រគោះបោះបោកឡើយ​ ប៉ុន្តែ​ជា​ការ​ឆ្លើយតប​ដោយ​សុភាព​និង​បញ្ចេញ​ភស្ដុតាង​ជាក់ស្ដែង​ដើម្បី​ជា​ភស្តុ​តាង​និង​អំណះអំណាង​ថា​ឈុត​នោះ​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ និង​ជា​ឈុត​បុរាណ​ដែល​បន្សល់ទុក​តាំង​ពី​​សម័យ​បុព្វបុរស​ជា​​យូរលង់​ណាស់​មក​ហើយ​។

​ដើម្បី​តាម​ដាន​លម្អិត​ សូមចុច​ត្រង់​ ASEAN “มอง” ไทย

Telegram-Troryorng
Share.