អតីតតារាស្រីប៉ុន្មាននាក់នេះអាចនិយាយបានថា មានភ័ព្វសំណាងល្អវាសនាខ្ពស់ ខណៈដែលពួកគេកំពុងតែប្រើជីវិតរស់នៅយ៉ាងសោយសុខ ជាមួយស្វាមីដែលមានទ្រព្យសម្បត្តិស្ដុកស្ដម និងមានងារជាឧកញ៉ា។

បើទោះបីជានៅពេលនេះ ពួកគេបានបញ្ចប់អាជីពសិល្បៈរបស់ខ្លួនហើយក្ដី តែមហាជននៅតែបន្ដចាប់អារម្មណ៍ពីដំណើរជីវិតរបស់ពួកគេ ដែលជ្រើសគូជីវិតដ៏ស័ក្តិសម និងចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល។ ថ្ងៃនេះសារព័ត៌មានត្រយង សូមលើកយកអតីតតារាស្រីមួយចំនួនដែលបានចាកចោលសិល្បៈ ហើយមានស្វាមីជាឧកញ៉ា ដូចជា លោកជំទាវ ស្រី​តូច ចំណាន អ្នកនាង ឈិន សុធារី អ្នកនាង វ៉ាន់ ម៉ូនិច និងអ្នកនាង លី ឈី មករៀបរាប់ប្រាប់មិត្តអ្នកគាំទ្រ។

១. លោកជំទាវ ស្រី​តូច ចំណាន ត្រូវជាអ្នក​ឧកញ៉ា គិត ម៉េង

លោកជំទាវ ស្រី​តូច ចំណាន មានឈ្មោះដើម ម៉ៅ ចំណាន មានស្រុកកំណើតនៅខេត្តស្វាយរៀង និងបានចូលប្រឡូកសិល្បៈជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ហើយក៏ជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព និងសម្រស់ស្រស់សោភា។ លោកស្រីបានជាន់ជើងលើវិថីសិល្បៈតាំងពីឆ្នាំ១៩៩៨ ដោយមានការសម្ដែងខារ៉ាអូខេឱ្យផលិតកម្មធំៗជាច្រើនដូចជា ហង្សមាស ស្ទឹងសង្កែ យូធូ និងផលិតកម្មក្រៅស្រុកជាដើម។ លោកស្រីជាពិធីការិនីដែលមានសំឡេងស្រទន់ និងបានភ្ជាប់ចំណងស្នេហ៍ជាមួយឧកញ៉ាល្បីឈ្មោះម្នាក់នៅស្រុកខ្មែរ អស់រយៈពេលជាច្រើនឆ្នាំដោយមិនបញ្ចេញអត្ដសញ្ញាណ។ តែក្រោយមក មហាជនក៏បានដឹងថា ឧកញ៉ានោះគេជាស្វាមីរបស់លោកស្រី គឺអ្នក​ឧកញ៉ា គិត ម៉េង ដោយបានដឹកដៃគ្នាចូលរោងជ័យនៅថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៥​។ លោកជំទាវ ស្រី​តូច ចំណាន តែងតែទទួលបានការស្រឡាញ់ពីសំណាក់មហាជនអ្នកគាំទ្រ និងបង្ហាញពីជីវិត​ឯកជន ព្រមទាំងសកម្មភាពផ្សេងៗរបស់លោកជំទាវតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកមិនដែលខាន។ តាមរយៈការស្រឡាញ់ និងយកទុកចិត្តពីសំណាក់អ្នកឧកញ៉ា គិត ម៉េង លោកជំទាវ ស្រីតូច ចំណាន មានមុខរបររកស៊ីធំៗជាច្រើននៅក្នុងដៃ ដែលបានប្រគល់សិទ្ធិដូចជា សណ្ឋាគារ និងកាស៊ីណូ ដ៏ធំនៅក្រុងបាវិត ខេត្តស្វាយរៀង និងមានមុខជំនួញមួយចំនួនបន្ថែមទៀត។ នេះបើតាមការផ្សព្វផ្សាយនៅក្នុងស្រុកឱ្យដឹង។

២.អ្នកនាង ឈិន សុធារី ភរិយាឧកញ៉ា កែវ ពិសិដ្ឋ


អ្នកនាង ឈិន សុធារី ក៏ជាអតីតពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ និងជាតារាសម្ដែងស្រីដែលមានឈ្មោះបោះសំឡេងខ្លាំង។ ក្រៅពីអាជីពទាំងពីរនេះ អ្នកនាងក៏មានសមត្ថិភាពមួយទៀតពីកំណើត នោះគឺជាតារាចម្រៀង។ គេនៅចាំថា អ្នកនាង ឈិន សុធារី ក៏មានឈ្មោះដើម ឈិន ច័ន្ទសុធារី ហើយធ្លាប់បានភ្ជាប់ចំណងស្នេហ៍ជាមួយតារាសម្ដែងឯកប្រុស សុវណ្ណ មករា ។ ក៏ប៉ុន្ដែចំណងស្នេហ៍មួយនេះមិនបានចងជាប់ច្រើនឆ្នាំនោះទេ។ អ្នកទាំងពីរចាប់ផ្ដើមរកាំរកូសហ្នឹងគ្នានៅអំឡុងឆ្នាំ ២០១៧ បន្ទាប់ពីរៀបការបាន២ឆ្នាំ។​ អ្នកនាង ឈិន សុធារី ត្រូវខូចចិត្ត៣ឆ្នាំ ហើយឃ្លាតឆ្ងាយពីសិល្បៈតែម្ដង។ ក្រោយមកទៀត អតីតតារាស្រីរូបនេះ បានសាងស្នេហ៍ជាមួយឧកញ៉ា កែវ ពិសិដ្ឋ ដែលរូបរាងខ្ពស់ស្រឡះ និងមុខមាត់ស្រស់សង្ហា ថែមទាំងពូកែយកចិត្តភរិយាថែមទៀតផង។ អ្នកនាង ឈិន សុធារី រស់នៅយ៉ាងសោយសុខលើទ្រព្យសម្បត្តិរបស់ស្វាមី និងមានងារជាជំទាវផងដែរ។

៣.អ្នកនាង វ៉ាន់ ម៉ូនិច ភរិយាឧកញ៉ា ​ជា​ ​លាង​​ហុង

មហាជនបានដឹងមកហើយថា អ្នកនាង វ៉ាន់ ម៉ូនិច ជាអតីតតារាសម្ដែងដែលមានរូបសម្រស់ស្រស់ស្អាត សាច់ស ធ្មេញជំពើស បបូរមាត់ស៊ីជម្ពូ។ អ្នកនាងក៏ជាតារាស្រីម្នាក់ដែលមានភ័ព្វវាសនាខ្ពស់ត្រដែត រហូតធ្វើឱ្យតារាស្រីដទៃផ្សេងទៀត លួចមានចិត្តច្រណែន។ អតីតតារាស្រីរូបនេះ បានរៀបការជាមួយឧកញ៉ា ​ជា​ ​លាង​​ហុង និងមានកូនប្រុសគួរឱ្យស្រឡាញ់ចំនួន ២ នាក់ ជាចំណងដៃក្រោយរៀបការ។ តារាស្រីរូបនេះ មានជីវិតហាយសូ ស៊ីវិល័យ ជាមួយរបស់ទ្រព្យ ដែលមានតម្លៃខ្ទង់លើ ១០ ម៉ឺនដុល្លារ ហើយរស់នៅយ៉ាងសោយសុខព្រមទាំងសុភមង្គលខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បើទោះបីចាកចេញពីសិល្បៈហើយក្ដី តែមហាជននៅតែចំណាំតាមដានពីជីវិតឯកជនភាពរបស់អ្នកនាងរហូតមក។


៤. អ្នកនាង លី ឈី ភរិយាឧកញ៉ា ប៊ុន រតនា

ប្ដីប្រពន្ធមួយគូនេះ គឺកើតចេញពីចង្កោមអ្នកសិល្បៈដូចគ្នា ដោយអ្នកនាង លី ឈី គឺជាអតីតតារាសម្ដែងស្រីស្អាត ហើយលោកឧកញ៉ា ប៊ុន រតនា ក៏ជាអតីតអ្នកដឹកនាំសម្ដែងល្បីឈ្មោះឱ្យផលិតកម្មថោន។ ក្រោយងាកមកធ្វើការពង្រីករបរក្រៅសិល្បៈ អ្នកទាំងពីរមានរាសីខ្ពស់ រកស៊ីរីកចម្រើនជាលំដាប់ ហើយបានទិញងារជាឧកញ៉ា ដើម្បីធ្វើជាខែលជួយជំរុញមុខជំនួញផងដែរ។ គេនៅចាំទៀតថា អ្នកនាង លី ឈី និង លោកឧកញ៉ា ប៊ុន រតនា មានកូនស្រីម្នាក់បន្ទាប់ពីអាពាហ៍ពិពាហ៍ហើយ អ្នកទាំងពីរបានរស់នៅលើគំនរសុខភមង្គល និងតែងតែសម្ញែងឱ្យអ្នកគាំទ្របានឃើញរហូតមកផងដែរ៕

Telegram-Troryorng
Share.