នៅពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលហ្វេសប៊ុកផេក Team Cambodia បានបញ្ចេញដំណឹងឱ្យដឹងថា រហូតមកទល់ពេលនេះស្រាប់តែស្ងាត់ដំណឹងសូន្យឈឹងពីលោក ហោ សុវណ្ណគីរីដា ដែលជ័យលាភីរងទី១ Mister Cambodia 2021 បានជាប់ជាបេក្ខភាពតំណាងកម្ពុជាចេញទៅចូលរួមប្រកួតកម្មវិធី Mister Global 2021 នៅប្រទេសថៃ ដែលរៀបចំឡើងក្នុងខេត្ត មហាសារខាម។ យ៉ាងណាមិញ ប្រភពដដែរនេះក៏បានអះអាងទៀតថា គ្មាននរណាម្នាក់ដែលអាចបញ្ជាក់អំពីដំណឹងរបស់បេក្ខភាពតំណាងកម្ពុជារូបនេះបានឡើយ សូម្បីតែអ្នកសិទ្ធស្នាលក៏មិនដឹងតម្រុយពីលោកដូចគ្នាដែរ។

បើតាមការបង្ហោះរបស់តារាសម្ដែង​ ឌី វណ្ណដា ដែលជាអតីតជ័យលាភី Mister Global 2018 ក៏បានអះអាងដែរថា មានអ្នកសួរនាំពីលោក ហោ សុវណ្ណគីរីដា ពីលោកច្រើននាក់ដែរ តែលោកមិនបានដឹងដូចគ្នា និងបានព្យាយាមទាក់ទងទៅបេក្ខភាពតំណាងកម្ពុជារូបនេះផងដែរ។ លោក ឌី វណ្ណដា បានរសរសេរបញ្ជាក់នៅលើហ្វេសប៊ុកលោកថា៖ «សូមទោសខ្ញុំបាទក៏ជាអតីត Mister Global ហើយក៏មានបងប្អូនសួរខ្ញុំពីគាត់ច្រើនដែរ តែខ្ញុំក៏មិនដឹងដូចគ្នា ហើយក៏ព្យាយាមទាក់ទងទៅគាត់ដែរ តែគ្មានការឆ្លើយតប»។

រហូតមកទល់ម៉ោងនេះពេលនេះ គេនៅមិនឃើញខាងស្ថាប័ន Mister Cambodia បញ្ជាក់អំពីដំណឹងបច្ចុប្បន្នភាពរបស់លោក ហោ សុវណ្ណគីរីដា នៅឡើយទេ ជាហេតុដែលកាន់តែធ្វើឱ្យហ្វេនអ្នកគាំទ្រកាន់តែមានក្ដីព្រួយបារម្ភខ្លាំង។ កម្មវិធី Mister Global 2021 នឹងប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៥ ខែមីនា២០២២ ខាងមុខនេះ ដែលមានបេក្ខភាពជាង៥០ប្រទេសបានចូលរួមប្រកួត ។ ជាមួយគ្នានេះដែរ លោក ហោ សុវណ្ណគីរីដា ក៏បានត្រៀមឈុតអ្នកចម្បាំងយសោធៈបុរៈ ជាឈុតតំណាងជាតិកម្ពុជា ហើយហោះចេញពីប្រលានយន្ដហោះអន្ដរជាតិភ្នំពេញកាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២នេះ។

យ៉ាងណាក្ដី ហ្វេននៅតែរំពឹងទុកថា លោក ហោ សុវណ្ណគីរីដា នៅតែមានសុវត្ថិភាព ហើយនឹងមិនធ្វើឱ្យខូចបរិយាកាសប្រកួតនៅក្នុងឆ្នាំនេះ។ ហ្វេននៅតែបន្តចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់លោក ថែមទាំងបួងសួងជូនពរឱ្យលោកមានជំនឿជាក់ ដើម្បីដណ្តើមបានជោគជ័យ និងពានរង្វាន់ ត្រឡប់មកម្ពុជាវិញ៕

ទស្សនាវីដេអូ Big new៖

Telegram-Troryorng
Share.