មហាជនបានដឹងមកហើយថា តារាកំប្លែង និងជាពិធីការិនីភេទទី៣ ផេន ខេក ឬមានឈ្មោះពិតហៅថា វ៉ាន់ សំណាង បានចូលរោងការជាមួយស្វាមីដែលមានរូបរាងស្រស់សង្ហាគឺ លោក ឈិន វិឆៃ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីរៀបមង្គលការរបស់អ្នកទាំងពីរ គេឃើញមានភ្ញៀវកិត្តិយស និងមិត្តសិល្បៈបានអញ្ជើញចូលរួមជាច្រើនកុះករ។

អ្នកនាង ផេន ខេក បានអះអាងប្រាប់អ្នកសារព័ត៌មានថា គម្រោងរៀបការរបស់អ្នកនាង និងស្វាមី គឺត្រូវបានលើកពេលវេលាច្រើនដងមកហើយ ក៏ដោយសារស្ថានភាពកូវីដ-១៩ផង និងស្ថានភាពហិរិញ្ញវត្ថុរបស់អ្នកនាងផង។ តែទោះជាយ៉ាងណា អ្នកនាងថា នៅពេលនេះ អ្នកនាងនិងស្វាមីពិតជាបានសម្រេចបំណងហើយ ដើម្បីមុខមាត់ឱ្យគ្រួសារ។ នៅក្នុងថ្ងៃរៀបការនោះដែរ ផេន ខេក សុំមិនបង្ហើបពីការរៀបចំចំនួនតុសម្រាប់ទទួលភ្ញៀវកិត្តិយសទេ តែអុ្នកនាងអាចបញ្ជាក់បានថា មិនច្រើនតុទេ ព្រោះតម្រូវតាម និងគោរពគោលការណ៍របស់ក្រសួងសុខាភិបាល ៣កុំ និង៣ការពារ។

មកដល់សំនួរចាក់ដោត នៅពេលរៀបការហើយ តើអ្នកនាង ផេនខេក ចង់បានកូនជាមួយស្វាមីនៅពេលណា? មានគម្រោងទេ? មិនបង្អង់យូរនិងលាក់លៀមឡើយ អ្នកនាង ផេន ខេក ឆ្លើយផាំងៗតែម្ដងថា ៖ «គម្រោង គឺនាងខ្ញុំចង់បានកូនជាមួយស្វាមី ក៏ប៉ុន្ដែមិនមែននៅពេលនេះទេ។ ដោយសារតែពួកយើងកំពុងតែជួបស្ថានភាពលំបាក ដូច្នោះហើយទាល់តែយើងបានរស់ដោយសុខស្រួលសិន ទើបរៀបគម្រោងយកកូន»។ ផេន ខេក បន្ដថា៖ «ពួកយើងធ្លាប់ដឹងពីបងៗភេទទី៣ខ្លះៗដែរ​ ពីការពិគ្រោះជាមួយគ្រូពេទ្យក្នុងការយកកូន ដោយផ្ញើមេជីវិតរបស់ស្វាមី…។»។

យ៉ាងណាមិញ ដោយសារតែស្វាមីអ្នកនាង ផេនខេក មានរូបរាងសង្ហាខ្លាំង អីចឹងហើយប្រហែលជាអ្នកនាងមិនឱ្យរបូតស្វាមីពីដៃទេ ទើបអ្នកនាងប្រាប់បន្ថែមថា អ្នកនាងជាមនុស្សកំពូលប្រចណ្ឌ តែក្រោយរៀបការហើយប្រហែលមិនប្រចណ្ឌទេ។ ចំណែកឯ លោក ឈិន វិឆៃ ក៏បានសារភាពដែរថា លោកនឹងស្រឡាញ់អ្នកនាង ផេនខេក រហូត មិនក្បត់ចិត្តឡើយ៕

Telegram-Troryorng
Share.