លោក Higinio Velez ប្រធាន​សហព័ន្ធ​កីឡា​បេស្បល​​គុយបា (Cuban Baseball Federation) និង​ធ្លាប់​ដឹក​ជា​គ្រូ​បង្វឹក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ឈ្នះ​មេដាយ​មាស​ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០០៤ នៅ​ទីក្រុង​អាតែន ប្រទេស​ក្រិក បាន​ទទួល​មរណភាព​ក្នុង​វ័យ​៧៤​ឆ្នាំ​​ដោយ​សារ​ជំងឺ​កូវីដ-១៩។

លោក​បាន​មរណភាព​នៅ​ថ្ងៃ​ពុធ សប្ដាហ៍​មុន ខណៈ​គ្រប់គ្នា​បាន​ចងចាំ​ពី​ស្នាដៃ​របស់​លោក​ជា​ច្រើន​នៅ​ក្នុង​វិស័យ​កីឡា​មួយ​នេះ​មាន​ដូចជា​​ធ្លាប់​ឈ្នះ​ជើង​ឯក​ Pan American Games នៅ​ឆ្នាំ​១៩៨៧​និង​២០០១, ឈ្នះ​ជើង​ឯក​ World Cups ២០០១, ២០០៣ និង​២០០៥ និង​ឈ្នះ​មេដាយ​មាស​កីឡា​អូឡាំពិក​ 2004 Olympic Games។

អត្ថបទពាក់ព័ន្ធ៖ម្ចាស់​មេដាយ​មាស​អូឡាំពិក​កីឡា​ហុកគី របស់​ឥណ្ឌា២រូប ស្លា.ប់​ក្នុង​ថ្ងៃ​តែមួយ​ដោយ​សារ​កូវីដ-១៩

លោក Riccardo Fraccari ប្រធាន​សហព័ន្ធ​កីឡា​បេស្បល​ពិភពលោក បាន​​បង្ហោះ​នៅ​លើ​គណនី Twitter របស់​លោក​​ក្រោយ​លឺ​ដំណឹង​មរណភាព​របស់​លោក Higinio Velez ថា៖«អ្នក​ស្ថិត​នៅ​ជា​រៀងរហូត​ក្នុង​ប្រវត្តិសាស្រ្ដ​កីឡា​របស់​យើង។ សូម​អរគុណ​គ្រប់​យ៉ាង​ដែល​យើង​បាន​រួម​គ្នា​ធ្វើ​កន្លង​មក ហើយ​អ្នក​ជា​គំរូ​ដល់​គ្រប់​គ្នា»។

លោក Miguel Díaz-Canel ប្រធានាធិបតី​នៃ​ប្រទេស​គុយបា បាន​សរសេរ​សំបុត្រ​ចូលរួម​រំលែក​ទុក្ខ​ទៅ​កាន់​គ្រួសារ​នៃ​សព​លោក Higinio Velez។ លោក​ចាត់ទុក​ថា​មរណភាព​របស់​លោក Velez ជា​ការ​«ព្រាត់​គ្រួសារ​និង​ក្ដី​ស្រមៃ»។

លោក Higinio Velez បាន​ជាប់​ឈ្មោះ​ជា​ប្រធាន​សហព័ន្ធ​កីឡា​បេស្បល​​គុយបា តាំង​ពី​ឆ្នាំ​២០០៧ មក​គឺ​ក្រោយ​ពី​លោក​បញ្ចប់​អាជីព​ជា​កីឡាករ​និង​អ្នកចាត់ការ របស់​ជម្រើសជាតិ​លោក៕

Share.