កូរ៉េ​ខាង​ត្បូង​ – នៅ​ពេល​ដែល​ទាំង​សារព័ត៌មាន​និង​អ្នក​គាំទ្រ​ជឿ​ថា​ Park Min Young និង​ដៃ​គូ​សម្ដែង​លោក​ Park Seo Joon មាន​ស្នេហា​នឹង​គ្នា​ ប៉ុន្តែ​តារា​សម្ដែង​ស្រី​ខាង​លើ​បាន​ចេញ​មក​បដិសេធ​និង​ច្រាន​ចោល​​រឿង​នេះ​ទាំង​ស្រុង​។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​សារព័ត៌មាន​ Insight បាន​ផ្សាយ​ពី​បទ​សម្ភាសន៍​របស់​​ Park Min Young ដោយ​ក្នុង​នោះ​ស្រីស្រស់​រូប​នេះ​បាន​បើក​បេះដូង​និយាយ​ដល់​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ពិសេស​គឺ​​ទំនាក់ទំនង​ពិសេស​រវាង​ខ្លួន​និង​ Park Seo Joon។ តារា​ទាំង​ពីរ​ដួង​បានសម្ដែង​ជា​គូស្នេហ៍​នឹង​​គ្នា​កាល​ពី​ឆ្នាំ​២០១៨​ ក្នុង​រឿង​ «What’s Wrong With Secretary Kim» ដែល​ជា​ភាពយន្ត​កូរ៉េ​ល្បី​និង​ជោគជ័យ​បំផុត​មួយ​ ក្រោយ​រឿង​នេះ​ចប់​រយៈ​ពេល ​៤​ឆ្នាំ​ហើយ​ ដែល​កញ្ញា​រង​នូវ​ព័ត៌មាន​អាស្រូវ​ស្នេហា​ថា​បាន​លួច​ទាក់ទង​តួ​ប្រុស​ដោយ​សម្ងាត់​។

នៅ​ក្នុង​បទ​សម្ភាសន៍​នោះ​ស្រី​តូច​ច្រឡឹង​រូប​នេះ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ពី​ទំនាក់ទំនង​ស្នេហា​រវាង​ខ្លួន​និង​ Park Seo Joon ដោយ​កញ្ញា​បាន​លើ​ក​ឡើង​ថា​ពិត​ជា​អរគុណ​ខ្លាំង​ចំពោះ​ការ​គាំទ្រ​តួអង្គ​ដែល​កញ្ញា​បានសម្ដែង​ ប៉ុន្តែ​រវាង​កញ្ញា​និង​ដៃគូ​សម្ដែង​រឿង​នោះ​គ្រាន់​តែ​ជា​មិត្ត​ធម្មតា​ប៉ុណ្ណោះ​ក្នុង​ជីវិត​ មួយ​វិញ​ទៀត​កញ្ញា​សង្ឃឹម​ថា​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​នឹង​ឈប់​មាន​តទៅ​ទៀត​។

កញ្ញា​ បាន​ទទួល​ស្គាល់​ថា​ខ្លួន​ធ្លាប់​មាន​ទំនាក់ទំនងលួចលាក់​ប៉ុន្តែ​ជាមួយ​នឹង​ Park Min Young ទេ «ខ្ញុំ​ធ្លាប់​មាន​ស្នេហា​លួចលាក់​មែន​ ប៉ុន្តែ​មិនមែន​ជាមួយ​នឹង​តួ​ប្រុស​ Park Soe Joon ទេ​ ហើយ​ពួក​យើង​ក៏​មិន​ដែល​ទៅ​ដើរ​លេង​នៅ​ក្រៅ​ប្រទេស​ដែរ​។ បើ​សិន​ជា​យើង​លួច​ស្រលាញ់​គ្នា​រឿង​អី​ខ្ញុំ​ទៅ​ផុស​ Online ខ្ញុំ​ច្បាស់​ជា​មិន​បន្សល់​ស្លាក​ស្នាម​ទេ​។»

Park Min Young បាន​បន្ថែម​ទៀត​ថា​ កញ្ញា​ពិត​ជា​ហត់​ហើយ​ខ្លាំង​ណាស់​ចំពោះ​រឿង​យល់​ច្រឡំ​ដែល​ផ្សាយ​ថា​កញ្ញា​ទាក់ទង​ Park Seo Joon ដោយ​គ្រាន់​តែ​សំអាង​លើ​កញ្ញា​បាន​ទៅ​កន្លែង​ណាមួយ​ឬ​ប្រើប្រាស់​ ហ្វេសសិន​ជា​របស់​ប្រើប្រាស់​ស្រដៀង​គ្នា​។

តួ​ឯក​ស្រី​ដ៏​ល្បី​រូប​នេះ​បាន​ពន្យល់​ទៀត​ថា​ភស្តុតាង​ទាំង​នោះ​គឺ​អ្នក​សារព័ត៌មាន​និង​ហ្វេន​បង្កើត​ឡើង​ ប៉ុន្តែ​សាធារណ​ជន​នៅ​តែ​ជឿ​។ កញ្ញា​បាន​ប្រាប់​ដែរ​ថាកញ្ញា​គ្មាន​ចេតនា​ប្រើប្រាស់​ស្បែក​ជើង មួក ឬ​របស់​ប្រើប្រាស់​ផ្សេងៗ​ដូច​​គ្នា​នឹង​ Park Seo Joon នោះ​ទេ​។ រឿង​ដែល​ធ្វើ​ឱ្យ​កញ្ញា​ក្ដៅ​ក្រហាយ​ខ្លាំង​នោះ​គឺ​រឿង​ដែល​កញ្ញា​ចាំ​បាច់​ត្រូវ​ពន្យល់​រឿង​នេះ​ដដែល​ជា​ដដែល​។

តារា​ស្រី​រូប​នេះ​ថែម​ទាំង​និយាយ​ដែរ​ថា​ម្ដាយ​របស់​កញ្ញា​ស្ទើរតែ​ចេញ​មក​ផុស​ Pass Sport ​ជា​សាធារណៈដើម្បី​បញ្ជាក់​ថា​កូន​ស្រី​ទៅ​លេង​ក្រៅ​ប្រទេស​ជាមួយ​នឹង​ខ្លួន​ មិន​មែន​ទៅ​ដើរ​លេង​ជាមួយ​នឹង​ Park Seo Joon ដូច​ព័ត៌មាន​ផ្សាយ​នោះ​ឡើយ​។

ក្រៅ​ពី​ក្ដៅ​ក្រហាយ​ដោយ​សារ​តែ​ព័ត៌មាន​ស្នេហា​របស់​ខ្លួន​ជាមួយ​នឹង​អតីត​ដៃ​គូសម្ដែង​ខាង​លើ​ហើយ​នោះ​ កញ្ញា​ Park Min Young ថែម​ទាំង​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង​ព្រោះ​តែ​រឿង​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​ការ​ខិតខំប្រឹង​ប្រែង​សម្ដែង​របស់​ខ្លួន​ ក៏​ដូច​ជា​ក្រុម​ការងារ​ថត​រឿង «What’s Wrong with Secretary Kim» ត្រូវ​បាន​​មើល​រំលង​៕

ប្រភព​៖ KBIzoom

Telegram-Troryorng
Share.