ក្រោយពីភ្ញាក់ផ្អើលករណីកម្មករមួយក្រុមមានគ្នា៩នាក់ចាប់សត្វសុនខចិញ្ចឹម Husky ចំនួន៣ក្បាលប្រហារធ្វើជាម្ហូបនៅខេត្តកំពតហើយនោះ មានមហាជនជាច្រើននាក់បានសម្ដែងអារម្មណ៍មិនពេញចិត្ត។ ក្រៅពីនោះ ក៏មានអ្នកសិល្បៈមួយចំនួនទៀត ក៏បានបង្ហាញអារម្មណ៍សោកស្រណោះ ស្រឡាញ់សត្វចិញ្ចឹម និងបញ្ចេញមតិហួសចិត្តចំពោះទង្វើឃោរឃៅមួយនេះ។

ជាក់ស្ដែង នៅពេលថ្មីៗនេះ ក៏មានតារាចម្រៀងប្រុស ហេង ពិទូ ក៏បានបញ្ចេញសារនៅលើហ្វេសប៊ុក ដែលលោកប្រាប់ទៅកាន់មហាជនថា ក្រុមគ្រួសាររបស់លោកបានទុកសត្វសុនខចិញ្ចឹមដូចជាញាតិ ហើយថែមទាំងព្រួយបារម្ភពីវាគ្រប់ពេល និងនៅពេលវាបានបាត់បង់ជីវិតទៅក៏ដោយ ក៏អ្នកផ្ទះរបស់លោក នៅតែទ្រហោយំអាឡោះអាល័យវាដែរ។ លោក ហេង ពិទូ រៀបរាប់ថា៖ «ម្តាយឪពុក​ខ្ញុំចញ្ចឹមឆ្កែទុកដូច​ញាតិ​ ទៅដល់ណាក៏បារម្ភ​ ទុកដាក់បាយទឹកផ្តាំអ្នកជិតខាងឱ្យជួយមើល ពេលឆ្កែឈឺនាំទៅពេទ្យ​ ពេលឆ្កែស្លាប់​ យំពេញផ្ទះ​ .​ តែមនុស្សមួយចំនួន……👹»។ ក្រោយការបង្ហោះរបស់តារាចម្រៀងរូបនេះ គេឃើញមានអ្នកគាំទ្រជិត២០០នាក់ បានចូលទៅ Comment គាំទ្រសម្ដីរបស់លោក និងបង្ហាញអារម្មណ៍ស្រឡាញ់សត្វចិញ្ចឹមគ្រប់ៗគ្នា។

ជាមួយករណីនេះដែរ ជនសង្ស័យទាំងអស់៩នាក់ដែលបានសម្លាប់សុនខ Hasky ៣ក្បាល បានបញ្ជូនទៅតុលាការ​ហើយ និងប្រឈម​រង​ការចោទប្រកាន់ពីបទ​ លួចទ្រព្យសម្បត្តិអ្នកដទៃ ហើយព្យាយាមបំបាត់ព័ស្តុតាង។ នេះបើតាមសម្ដីរបស់លោក លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុក។ ចំណែកឯម្ចាស់សុនខវិញ ក៏បានអះអាងនៅក្នុងបទសម្ភាសជាមួយ TVFB Live ថា លោកមិនចង់ឱ្យមនុស្សមាន បញ្ហាដោយសារសត្វសុនខរបស់លោកនោះទេ ព្រោះពួកគេក៏មានគ្រួសារផងដែរ ប៉ុន្តែលោកចង់ឱ្យសមត្ថកិច្ចចាប់ជនល្មើសដែលសម្លាប់ឆ្កែប៉ុណ្ណោះ៕

Telegram-Troryorng
Share.