អ្នកគាំទ្រមានការព្រួយបារម្ភខ្លាំង ខណៈបានឃើញតារាចម្រៀងស្រី សុន ស្រីពេជ្រ កំពុងតែដេកស្ដូកស្ដឹងនៅលើគ្រែមន្ទីរពេទ្យ។​​​ គេឃើញមានរូបភាពជាច្រើនសន្លឹកបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមើលទៅអ្នកនាង សុន ស្រីពេជ្រ ដូចជាធ្លាក់ខ្លួនឈឺធ្ងន់។ សភាពដេកនៅលើគ្រែមន្ទីរពេទ្ររបស់តារាចម្រៀងស្រីរូបនេះ បានធ្វើឱ្យមហាជនដេញដោលសួរពីអាការជំងឺរបស់នាង។

ម្ចាស់បទ«បណ្ដាំធម្មជាតិ» និង«អនុស្សាវរីយ៍កោះតាតៃ» រូបនេះ បានបញ្ជាក់ឱ្យមហាជនអ្នកគាំទ្របានដឹងថា អ្នកនាងជំងឺរលាកពោះវៀនដុះខ្នែង។ តែយ៉ាងណាមិញ អ្នកនាងមិនបានបញ្ជាក់ថាអ្នកនាងត្រូវសម្រាកនៅមន្ទីរពេទ្យប៉ុន្មានថ្ងៃនោះទេ។ អ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រក្ដុកក្ដួលក្នុងអារម្មណ៍ថែមទៀតនោះ នៅពេលដែលអ្នកនាង សុន ស្រីពេជ្រ បានទម្លាយឱ្យដឹងថា ម្ដាយរបស់អ្នកនាងសុខចិត្តប្រគល់ខ្សែកមាសដែលមានតម្លៃបំផុត និងជាកាដូរបស់អ្នននាងទិញជូនម្ដាយ យកមកប្រគល់ឱ្យអ្នកនាងតាមរយៈបងស្រី ដើម្បីយកទៅលក់បង្គ្រប់ថ្លៃព្យាបាលជំងឺ។ អ្នកនាង សុន ស្រីពេជ្រ ពិតជាអួលដើមកនៅពេលបានឃើញពីទំហំទឹកចិត្តរបស់ម្ដាយចំពោះកូនស្រីនៅពេលនេះ និងបានបដិសេធមិនព្រមទទួលយកឡើយ។

អ្នកនាង សុន ស្រីពេជ្រ បានសរសេររៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «អ្នកម្តាយរបស់កូនអើយ ឮសូរកូនវះកាត់ម៉ែផ្ញើខ្សែកតាមរយៈបងស្រីឱ្យទៅលក់ខ្លាចកូនខ្វះលុយអោយពេទ្យ 😢 ទឹកចិត្តម្តាយ 🌷🌷🌷 តែកូនមិនយកទៅលក់ទេម៉ែទុកចុះព្រោះកូនបានទិញជូនម៉ែហើយ ❤️ ស្រលាញ់ម៉ែ អាណិតម៉ែ ❤️❤️❤️»។

យ៉ាងណាមិញ ក្រៅពីការព្រួយបារម្ភហើយនោះ មហាជនអ្នកគាំទ្របានជូនពរឱ្យតារាស្រី សុន ស្រីពេជ្រ ឆាប់ជាសះស្បើយ និងឆាប់វិលត្រឡប់មកសិល្បៈវិញ ដោយបញ្ចេញបទចម្រៀងថ្មីៗសម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ៕

Telegram-Troryorng
Share.