ចិន – តារា​សម្ដែង​ Deng Lun បាន​បាត់បង់​កិត្តិយស​និង​កេរ្តិ៍​ឈ្មោះ​ ហើយ​ប្រឈម​នឹង​បាត់បង់​តួនាទី​ជា​អ្នក​សម្ដែង​ថែម​ទៀត ព្រោះ​លោក​គឺជា​តារា​ទីពីរ​បន្ទាប់​ពីតារា​ស្រី​​ Fan Bingbing ដែល​ត្រូវ​រដ្ឋបាល​ចិន​ផាក​ពិន័យ​។

តារា​សម្ដែង​ចិន​ Deng Lun ត្រូវ​បាន​​ដាក់​ទោស​និង​ពិន័យ​ទឹក​ប្រាក់​១០៦​លាន​យ័ន​ (១៦.៦លាន​ដុល្លារ)​ ​នេះ​បើ​តាម​អាជ្ញាធរ​ពន្ធដារ​ទៅក្រុង​ស៊ាងហៃបាន​ប្រកាស​។ ករណី​របស់​ Deng Lun នេះ​បាន​បើកកាយ​ចេញ​មក​ក្រៅ​តាម​រយៈ​ការ​វិភាគ​របាយ​ការណ៍​ធំ​របស់​ក្រសួង​ពន្ធដារ​។

តារា​សម្ដែង​វ័យ​២៩​ ដែល​មាន​មនុស្ស​ follow ៤០​លាន​គណនី​នៅ​លើ​ Social Media របស់​ចិន Sina Weibo ក្រោយ​មក​បាន​ផុស​សុំទោស​នៅ​លើ​​បណ្ដាញ​សង្គម​ចំពោះ​ទង្វើ​របស់​លោក​ «ខ្ញុំ​បាន​ពិនិត្យ​មើល​ទង្វើ​របស់​ខ្លួន​ឯង​ ខ្ញុំ​សូម​ទទួល​ស្គាល់​ទង្វើ​របស់​ខ្ញុំ​គ្រប់​យ៉ាង​ទាំង​អស់​»។ ក្រោយ​មក​គណនី​​ Deng Lun នៅ​លើ​ Weibo និង​ Douyin ក៏​ដូច​ជា​ Platform វីដេអូ​ខ្លះៗ​ និង​ផលិតកម្ម​របស់​លោក​ ​ត្រូវ​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​។

ព័ត៌មាន​នេះ​បាន​ក្លាយ​ជា​ដំណឹង​ដ៏​ក្ដៅ​គគុក​និង​ល្បីល្បាញ​បំផុត​នៅ​ Sina Weibo នៅ​ត្រឹម​តែ​៣០​នាទី​ក្រោយ​ពី​ដំណឹង​នេះ​បាន​ផ្សាយ​ចេញ​មក​​មាន​ចំនួន​អ្នក​តាម​ដាន​រឿង​នេះ​រហូត​ឡើង​ខ្ពស់​ជាង​៥០០លាន​ដង​។ ម្ចាស់​ Brand ធំ​និង​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​មាន​ដូច​ជា​ Viomi Technology និង​ LÓreal បាន​ផ្អាក​និង​បញ្ចប់​កិច្ច​សន្យា​ជាមួយ​នឹង​ Deng Lun។

ភាពយន្ត​ដែល​តារា​រូប​នេះ​សម្ដែង​​និង​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​មាន​ហ្វេន​ច្រើន​គឺ​បាន​មក​ពី​ភាពយន្ត​ភាគ​បុរាណ​ចិន «Ashes of Love» គឺ​ជា​រឿង​ដែល​មាន​ល្បី​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ជប៉ុន និង​ប្រទេស​ថៃ​។

កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២១ Platform Hunag Wei ដែល​ជា​កម្មវីធី​ Livestreamer ឬ​ត្រូវ​បាន​ស្គាល់​ថា​ Viya ក៏​ត្រូវ​បាន​ពិន័យ​១.៣៤ពាន់​លាន​យ័ន​ សម្រាប់​ការ​គេច​ពន្ធ​។ ខណៈ​ដែល​នៅ​ឆ្នាំ​២០២១​ នា​ខែ​សីហា​ តារា​សម្ដែង​ស្រី​ Zheng Shuang ត្រូវ​បាន​ពិន័យ​ប្រាក់​២៩៩​លាន​យ៧ន​ ដោយសារ​តែ​តារា​ស្រី​រូប​នេះ​បាន​គេច​​មិន​បង់​ពន្ធ​ចូលរដ្ឋ​។ ត្រលប់​ទៅ​ខែ​តុលា ឆ្នាំ​២០១៨​ តារា​សម្ដែង​ស្រី​ដ៏​ល្បីល្បាញ​​និង​ជា​រាជិនី​របស់​​ចិន​គឺ​ Fan Bingbing ក៏​ត្រូវ​បាន​អាជ្ញាធរ​ចិន​បញ្ជា​ឱ្យ​បង់​ប្រាក់​ពិន័យ​ជាង​៨០០​លាន​យ័ន​ផង​ដែរ​៕

ប្រភព៖ Globaltimes

Telegram-Troryorng
Share.