ល្បែង​ចាប់​កូន​ខ្លែង​ ជា​ល្បែង​របស់​កុមារា-កុមារី​ជំទង់​ៗ​ តែង​លេង​ក្នុង​វេលា​យប់​ខែ​ភ្លឺ​ នៅ​រដូវ​ចូល​ឆ្នាំ​ ឬ​នៅ​ពេល​ទំនេរ​។ តើ​ល្បែង​នេះ​មាន​ប្រវត្តិ​បែបណា? ហើយ​គេ​លេង​ល្បែង​នេះ​តាម​របៀបណា​?

រូបភាព ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត – Angkor Sankranta

ល្បែង​នេះ​ ពេល​គេង​គេ​ចាត់​ម្នាក់​ដែល​មាន​មាឌ​មាំធំ​ ឱ្យ​ធ្វើ​ជា​មេ​ហ្វេូង​ហៅ​ថា​មេមាន់​ ចាត់​ច្រើន​នាក់ឱ្យ​ធ្វើ​ជា​កូន​មាន់​ បើ​គេ​ចាត់​ម្នាក់​ទៀត ឱ្យ​ធ្វើ​ជា​ខ្លែង​ ចាំចាប់​កូន​មាន់​។ ម្នាក់ៗ​ គេ​យក​ក្រមា​ក្រវាត់​ចង្កេះ​ឱ្យ​តឹងណែន​ ការពារ​កុំ​ឱ្យ​របូត​សំលៀកបំពាក់​។ គេ​នាំ​គ្នា​បង្កាត់​ភ្លើង​ឱ្យ​បាន​ជា​ភ្លក់១​តូច​ ដោយ​កំទេច​ឧស​ ហើយម្នាក់​ដែលធ្វើ​មេមាន់ បញ្ជា​ឱ្យ​កូន​របស់​ខ្លួន​ឱ្យ​តោង​ចង្កេះ​តៗ​គ្នា​រហូត​ដល់​អស់​ ដោយ​ឈរ​ជា​ជួរ​ រួច​ដើរ​ក្រឡឹង​ព័ទ្ធ​ជុំ​ភ្នក់​ភ្លើង​។ ជាមួយ​គ្នា​នេះ​ មេមាន់​ពោល​ពាក្យ​ចំអក​ឡក​ឡឺយ​ឱ្យ​ន័យ​ទៅ​ខ្លែង​ថា​៖

«ចាប់​កូន​ខ្លែង​កូន​អត់​ ពពេៗ​ញ៉ែកញ៉ក​ កូន​អញ​តែមួយ​។ ផឹក​អន្លុង​ដាំ​ត្រកួន​ ទន្សាយ​រត់​ពួន​ ត្រកួន​ឡើង​លាស់​។ ទៀន​១​គូ តាំងយូបាំង​ព្រះ​ លើកដៃ​សំពះ​ ដូន​ៗ​សុំ​ភ្លើង​»​

ចំណែក​ម្នាក់​ដែល​ធ្វើ​ខ្លែង​ឈរ​ធ្វើ​ព្រងើយ​ កាល​បាន​ឮមាន់​និង​កូន​មាន់​ស្រែក​ដូច្នោះ​ ក៏​ដើរ​​រូល​ទៅ​រក​ភ្លើង​ ហើយ​និយាយ​សុំ​ភ្លើង​ថា​ «ដូន​ៗ​សុំ​ភ្លើង​!»

មាន់​ឆ្លើយ​៖ រលត់​
ខ្លែង​សុំ​ថា​៖ សុំ​មួយ​អង្កត់

ខ្លែង​សុំ​ថា ៖ សុំ​មួយ​អង្កត់
មាន់​ឆ្លើយ​ថា ៖ រលាយ
ខ្លែង​សុំ​ថា ៖ សុំ​ទឹកបាយ
មាន់​ឆ្លើយ​ថា ៖ ឆ្កែ​លិទ្ធ
ខ្លែង​សុំ​ថា ៖ សុំ​កាំបិត
មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​ប្រុង
ខ្លែង​សុំ​ថា ៖ សុំ​ល្ហុង
មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​ដាំ
ខ្លែង​សុំ​ថា ៖ សុំ​ថ្នាំ
មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​ហាល
ខ្លែង​សុំ​ថា ៖ សុំ​ផាល
មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​សិត
ហើយ​ខ្លែង​ក៏​អង្គុយ​នៅ​បៀត​ភ្នក់ភ្លើង​នោះ។

ចំណែក​មេមាន់​ក៏​នាំ​គ្នា​របស់​ខ្លួន​ដើរ​ប្រទក្សិណ​ព័ទ្ធ​ជុំវិញ​ខ្លែង និង​ភ្នក់ភ្លើង ហើយ​ស្រែកច្រៀង​ទាំង​មេ​ទាំង​កូន​ថា ៖
«​ចាប់កូនខ្លែង​ប្រឡែង​កូន​មាន់ (​បន្ទរ​) ៖​អាឡយ​ៗ បើ​មេ​ទៅ​ទាន់ យក​មាន់​ទៅ​លាក់ (​បន្ទរ​) ៖ អាឡយ ៗ
លាក់​ទុក​ឯណា លាក់​ក្បាល​ដំណេក (​បន្ទរ​)៖ អាឡយ ៗ រលឹក​ពី​ដេក វាយ​មាន់​តូងតាង​» ។
មាន់​ច្រៀង​ចប់​ក៏​ឈប់​ឈរ​តម្រៀប​គ្នា ។
ខ្លែង​ក៏​ស្រែក​សុំ​ភ្លើង​ម្តងទៀត​ថា «​ដូន​ៗ សុំ​ភ្លើង​» ។

មាន់​ឆ្លើយ​ថា «​ក្អែក​ពាំ​ទៅ​ទម្លាក់​ក្នុង​ទឹកទន្លេ​បាត់​ទៅ​ហើយ​» រួច​ក៏​ដើរ​ព័ទ្ធ​ជុំវិញ​ខ្លែង និង​ភ្នក់ភ្លើង ហើយ​ច្រៀង​តទៅ​ទៀត​ថា ៖
«​ប្អូន​វេញខ្សែ​សូត្រ បង្ហូត​ខ្សែ​គោម (​បន្ទរ​)៖ អាឡយ ៗ ខ្លែង​អើយ​កុំ​លោម​មិន​បាន​មាន់​ទេ (​បន្ទរ​) ៖ អាឡយ ៗ ហើយ​ឈរ​ស្ងៀម ។
ខ្លែង​ក៏​និយាយ​ទទូច​សុំ​កូន ៖
ខ្លែង​សុំ​ថា ៖ ដូន​ៗ​ឱ្យ​សុំ​កូន​មុខ
មាន់​ឆ្លើយ​ថា ៖ ឪពុក​មិន​ឱ្យ
ខ្លែង​សុំ​ថា ៖ សុំ​កូន​ក្រោយ
មាន់​ឆ្លើយ​ថា ៖ កំបាក់​កំបែក​យក​ចុះ

ស.ស.យ.ក ខេត្ត​ តាកែវ

ខ្លែង​កាល​បាន​ឮ​មេមាន់​ថា​ឱ្យ​កូន​ណា​កំបាក់​កំបែក​ដូច្នេះ​ ក៏​តាំង​ដេញ​ចាប់​បេះ​យក​កូន​ណា​ដែល​នៅ​ក្រោយ​គេ​ ឯមេមាន់​ខំប្រឹង​ការ​ពារ​កូន​របស់​ខ្លួន​កុំ​ឱ្យ​គេ​បេះ​យក​បាន​ ឯកូន​មាន់​ ក៏​ខំប្រឹង​តោង​ចង្កេះ​គ្នា​យ៉ាង​ជាប់​ រត់​ពេន​ចុះពេន​ឡើង​ ខ្លាច​ខ្លែង​ចាប់​បេះ​យក​ខ្លួន​ម្នាក់ៗ​បាន​។ ជួន​ក៏​ខ្លែង​បេះ​យក​កូន​បាន​ម្ដង​១ ម្ដង​២ ទាល់​តែ​អស់​ ជួន​ក៏​បេះ​បាន​តែ​១​។ តែ​គេ​មាន​លក្ខខណ្ឌ​មួយ​ថា​ បើ​កូន​ណា​របូត​ចេញ​ពី​មេ​ព្រោះ​ប្រឹង​គេច​ខ្លាំង​ហើយ​កូន​នោះ​គេ​ក្រាប​ទៅ​នឹង​ដី​ នោះ​មេ​ខ្លែង​មិ​ន​ត្រូវ​ចាប់​គេ​ទេ​។ កាលអស់​កម្លាំង​ហត់​រៀង​ខ្លួន​ហើយ​ ក៏​ឈប់​សម្រាក​បន្តិច​ ហើយ​ផ្លាស់ប្ដូរ​​គ្នាលេង​តទៅ​ទៀត​ កេ​លេង​តែ​របៀប​នេះ​រហូត​ដល់​ពេល​ឈប់​។ ប៉ុន្តែ​ល្បែង​បែប​ដូច​គ្នា​នេះ​ នៅ​ស្រុកខ្លះ​ គេ​ហៅ​ន័យ​តាម​របៀប​លេង​ថា​ «​ល្បែង​ខ្លែង​ចាប់​កូន​មាន់​»​ ក៏​មាន​។

ល្បែង​ប្រជា​ប្រិយ​ខ្មែរ​មួយ​នេះ​គឺ​​ជា​ការ​​បង្ហាត់​មនុស្ស​ឱ្យ​ចេះ​ប្រុង​ស្នៀត​ ប្រុង​ស្មារតី​ឱ្យ​រហ័ស​រហួន ចេះ​ការពារ​ខ្លួន​និង​គ្រួសារផង​៕

Telegram-Troryorng

Share.