ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ សមាជិកពានរង្វាន់បាល់ទាត់ Cambodian Premier League 2022 បានប្រកាសថាកីឡាករបរទេស១រូបរបស់ខ្លួនត្រូវបានក្រុមជម្រើសជាតិកោះហៅឱ្យចូលក្នុងក្រុម ដើម្បីបេសកកម្មអំឡុងពេលនៃប្រតិទិនប្រកួតអន្តរជាតិ FIFA ក្នុងខែមីនា (FIFA International Calendar)។
កីឡាកររូបនោះគឺ Jose Elmer Porteria ដែលជាខ្សែបម្រើប្រយុទ្ធជនជាតិហ្វីលីពីន ដែលបានបង្ហាញខ្លួនជាមួយក្រុមគីរីវង់សុខសែនជ័យ ចំនួន២ប្រកួតនិងរកបានគ្រាប់បាល់១គ្រាប់ផងដែរ។ សម្រាប់ក្រុមជម្រើសជាតិហ្វីលីពីន ត្រូវធ្វើដំណើរទៅប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសសិង្ហបុរី ក្នុងព្រឹត្តិការណ៍មួយឈ្មោះ 2022 FAS Tri-Nations Series នៅពហុកីឡដ្ឋានជាតិសិង្ហបុរី (Singapore Sport Hub)។
សម្រាប់កម្មវិធីប្រកួត2022 FAS Tri-Nations Series នេះមាន៖
-២៣ មីនា ២០២២ ម៉ាឡេស៊ី ប៉ះ ហ្វីលីពីន
-២៦ មីនា ២០២២ សិង្ហបុរី ប៉ះ ម៉ាឡេស៊ី
-២៩ មីនា ២០២២ សិង្ហបុរី ប៉ះ ហ្វីលីពីន
កីឡាករវ័យ២៧ឆ្នាំរូបនេះធ្លាប់ចូលរួមក្រុមយុវជនហ្វីលីពីន វ័យ២២ឆ្នាំនៅឆ្នាំ២០១២ ខណៈនៅឆ្នាំ២០១១ រូបគេត្រូវបានកោះហៅចូលក្រុមយុវជនក្រោមអាយុ២៣ឆ្នាំ។ កីឡាករដែលកើតនៅលើទឹកដីសហរដ្ឋអាមេរិកខាងលើបានជាប់ក្រុមជម្រើសជាតិឈុតធំតាំងពីឆ្នាំ២០១២ មកម៉្លេះ។
OJ Porteria ជាកីឡាករបរទេសទី២ហើយដែលប្រកបអាជីពក្នុងលីគកំពូលកម្ពុជា Cambodian Premier League 2022 ត្រូវបានក្រុមជម្រើសជាតិស្រុកកំណើតខ្លួនកោះហៅឱ្យចូលក្រុមបន្ទាប់ពីកីឡាករជនជាតិអាហ្វហ្គានីស្ថាន Fareed Sadat របស់ភ្នំពេញក្រោន៕