ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់នៅថ្ងៃទី១៧ខែឧសភានេះថា ខ្លួន នឹងបន្ដពិភាក្សាជាមួយ YouTube ដើម្បីដោះស្រាយបញ្ហា ការផ្អាកមិនឲ្យមានការផ្សាយពាណិជ្ជកម្ម លើថ្នាលវីដេអូ នៅប្រទេសកម្ពុជាឲ្យបានឆាប់។

ក្រុមហ៊ុនYouTube បានផ្អាកមិនឲ្យមានការផ្សាយពាណិជ្ជកម្ម លើថ្នាលវីដេអូនៅប្រទេសកម្ពុជា និងប្រទេសជាង៩០ទៀត។

ការសម្រេចរបស់ YouTube ធ្វើឲ្យអ្នកទស្សនា វីដេអូសប្បាយចិត្ត ព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ផ្ទុយទៅវិញអ្នកផលិតមាតិកាចុះផ្សាយក្នុង YouTube មិនអាចរកចំណូលនៅប្រទេសទាំងនោះបានទៀតទេ។

បើតាមក្រសួងប្រៃសណីយ៍ ក្រុមហ៊ុន កំពុងតែសម្រួលគោលការណ៍ ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឲ្យមាតិកាវីដេអូកាន់តែល្អប្រសើរ និងតម្រូវឲ្យអ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ «កម្មវិធីភាពជាដៃគូ» (YouTube Partner Program) នៅក្នុងប្រទេសដែលជាដៃគូ ទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន។

ក្នុងចំណោមប្រទេសទាំងជាង៩០ដែលជាប់បម្រាមកន្លងមក ការផ្សាយពាណិជ្ជកម្មលើថ្នាល  វីដេអូ YouTube នឹងត្រូវផ្តល់ជូនជាបន្តបន្ទាប់ តាមរយៈការទទួលបាន «កម្មវិធីភាពជាដៃគូ»។ ការសម្រេចនេះ ត្រូវការពេលវេលាក្នុងការរៀបចំ និងចូលរួមសហការពីអ្នកផលិតមាតិកា ស្របតាមគោលការណ៍និងលក្ខខណ្ឌកំណត់ដោយ YouTube ផងដែរ។

ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តឲ្យមានការផលិតមាតិកាល្អៗ ដោយគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន៕

Share.