លោក Marco Tullio Teixeira

សហព័ន្ធ​កីឡា​បាល់ទះ​ទ្វីប​អាមេរិកខាងត្បូង (Confederación Sudamericana de Voleibol) ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល បាន​ជ្រើសរើស​ប្រធាន​ថ្មី ចូលកាន់​ដំណែង​ ក្រោយ​លោក Rafael Lloreda Currea ជនជាតិ​កូឡុំប៊ី ជា​ប្រធាន​សហព័ន្ធ​​ប្រចាំ​ទ្វីប​ចាស់ បាន​ទទួល​មរណភាព​កាល​ពី​ខែ​មេសា កន្លង​ទៅ​ដោយសារ​ជំងឺ​កូវីដ-១៩។

អ្នក​ចូល​កាន់​តំណែង​ជំនួស​នេះ​គឺ​លោក Marco Tullio Teixeira ជា​ជនជាតិ​ប្រេស៊ីល ដែល​លោក​ធ្លាប់​ជា​អតីតកីឡាករ​ក្នុង​ក្រុម​ជម្រើស​ជាតិ​របស់​លោក​​ទាំង​ក្នុង​ក្រុម​បាល់ទះ​ក្នុង​សាល និង​បាល់ទះ​លើ​ឆ្នេរខ្សាច់។ មុន​ចូលកាន់​តំណែង​នេះ​លោក​មាន​តួរនាទី​ជា​អនុប្រធាន​សហព័ន្ធ​ប្រចាំ​ទ្វីប​រួច​ទៅ​ហើយ​ផង​ដែរ។ ក្បាល​ម៉ាស៊ីនថ្មី​នេះ​នឹង​ដឹកនាំ​​រហូត​ដល់​ឆ្នាំ​២០២៤ ខាង​មុខ។

បើតាម​វិបសាយ Volleyabll.World លោក Marco Tullio Teixeira ធ្លាប់​នាំ​យក​មេដាយ​ជូនជាតិ​ជា​ច្រើន​កាល​ពី​នៅ​ជា​កីឡាករ​ហើយ ក្រោយ​​ពេល​ចូល​និវត្តន៍​លោក​ក៏​ទទួល​បាន​តួនាទី​ផ្នែក​រដ្ឋបាល​កីឡា​ទាំង​ក្នុង​សហព័ន្ធ​ទ្វីប​អាមេរិកខាងត្បូង និង​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ រហូត​ដល់​ឆ្នាំ​២០១៤ លោក​​បាន​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ​​ផ្នែក​រដ្ឋបាល​និង​ផែន​ហិរញ្ញវត្ថុ។ លោក​ធ្លាប់​ជា​សមាជិក​សហព័ន្ធ​កីឡា​បាល់ទះ​ឆ្នេរខ្សាច់​ពិភពលោក​ចន្លោះ​ឆ្នាំ​១៩៨៧​ដល់​២០១៦ ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖ចិន ប្រកាស​ដក​ខ្លួន ខណៈ​ហុល្លង់ ចូល​ជំនួស​ក្នុង​ពានរង្វាន់​បាល់ទះ​​កម្រិត​ពិភពលោក Nations League

លោក Marco Tullio Teixeira ​ថ្លែងការ​សោកស្ដាយ​ដែល​បាត់បង់​លោក Rafael Lloreda Currea ដែល​ជា​មេដឹកនាំ​​និង​ជា​មិត្ត​ដ៏​ល្អ ដែល​បាន​ជំរុញ​បាល់ទះ​ក្នុង​ទ្វីប​ទៅ​កាន់​ពិភពលោក។ យ៉ាងណាក្តី​លោក​តាំង​ចិត្ត​ដឹកនាំ​សហព័ន្ធ​មួយ​នេះ​ឱ្យ​បាន​ល្អ ក្នុង​តួនាទី​ថ្មី។

ដំណាល​គ្នា​នេះ​ដែរ​លោក Julio Perez Alfaro ​មក​ពី​ប្រទេស​អ៊ុយរ៉ាហ្គាយ នឹង​ចូល​កាន់​តំណែង​ក្នុង​ក្រុមប្រឹក្សា​កីឡា​បាល់ទះ​សហព័ន្ធ​ទ្វីប​អាមេរិក​ខាង​ត្បូង ផ្នែក​រដ្ឋបាល​ ជំនួស​លោកMarco Tullio Teixeira ​ ដែល​ឡើង​ទៅ​ឈរ​កៅអី​ជា​ប្រធាន៕

Share.