ឈានចូលដល់ពាក់កណ្ដាលខែមីនា ឆ្នាំ2022 នេះ គេកត់សម្គាល់ឃើញមានសិល្បករជំនាញបុរាណ៣នាក់ ធ្លាក់ខ្លួនឈឺធ្ងន់បន្តបន្ទាប់គ្នានៅក្នុងខែតែមួយ រហូតធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភខ្លាំង។ តែយ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតគឺ លេខអាយុ ឆ្នាំ របស់សិល្បករទាំង៣ដួងនេះ គឺសុទ្ធសឹងតែមានលេខ ៣ និងលេខ ៦។ តើរាសីនៃអាយុរបស់សិល្បករទាំង៣ដួង មានការព្យាយករណ៍តាមក្បួនរាសីយ៉ាងណាទៅ?

ដូចមហាជនបានដឹងមកថា សិល្បករជំនាញបុរាណ៣ដួងរួមមាន អ្នកនាង សុន ស្រីពេជ្រ អ្នកនាង ស៊ូ ដាណេ និងលោក ព្រហ្មម៉ាញ បានធ្លាក់ខ្លួនឈឺធ្ងន់នៅក្នុងខែមីនានេះ។ ចុះមានអ្វីពាក់ព័ន្ធជាមួយនឹងអាយុរបស់អ្នកទាំង៣ទៅ? បើតាមគេដឹង និងកត់សម្គាល់ អ្នកនាង សុន ស្រីពេជ្រ និង អ្នកនាង ស៊ូ ដាណេ មានវ័យប្រមាណ ៣៦ឆ្នាំ រីឯលោក ព្រហ្មម៉ាញ គឺមានវ័យប្រមាណ ៦៣ឆ្នាំ។ អ្នកទាំង៣ សុទ្ធតែមានលេខអាយុ លេខ ៣ និងលេខ ៦ ដូចគ្នា គួរឱ្យចាប់អារម្មណ៍។

តារាចម្រៀងទេសចរណ៍គឺអ្នកនាង សុន ស្រីពេជ្រ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលនឹងព្រួយបារម្ភខ្លាំង តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យឃើញថា អ្នកនាងមានជំងឺរលាកពោះវៀនដុះខ្នែង កាលពីថ្ងៃទី ១៧ ខែមីនានេះ។ ចំណែកឯសិល្បការិនីជំនាញបុរាណ អាយ៉ៃ ចាប៉ី យីកេ របាំបុរាណគឺអ្នកនាង ស៊ូ ដាណេ ក៏បានបង្ហោះសារនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះឱ្យឃើញថា អ្នកនាងដួលសន្លប់បាត់ស្មារតី និងបញ្ជូនទៅមន្ទីរពេទ្យនៅខេត្តសៀមរាបភ្លាមៗ។ គ្រូពេទ្យបានបញ្ជាក់ថា អ្នកនាង ស៊ូ ដាណេ មានអាការ លើសឈាម ពុលថ្នាំផ្សះ រលាកតម្រងនោម និងខ្យល់គ ប៉ុន្ដែព្យាបាលទាន់ពេល អាចប្រសើរឡើងវិញហើយ។ រហូតមកទល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ គេទទួលបានដំណឹងថា វីរៈសិល្បករអាយ៉ៃ គឺលោក ព្រហ្មម៉ាញ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម បន្ទាប់ជំងឺលើសឈាមបានធ្វើទុក្ខរាងកាយបណ្ដាលឱ្យដួលសន្លប់ស្ដូកស្ដឹង។ គ្រោះស៊យនេះ ពិតដូចអ្វីដែលបានព្យាករណ៍រាសីពីឆ្នាំអ្នកទាំង ៣ដែរឬទេ?

អ្នកនាង សុន ស្រីពេជ្រ មានជំងឺរលាកពោះវៀនដុះខ្នែង
អ្នកនាង ស៊ូ ដាណេ មានជំងឺលើសឈាមនិងតម្រងនោម
លោក​ ព្រហ្មម៉ាញ ដួលសន្លប់ដោយសារជំងឺលើសឈាម

យ៉ាងណា​មិញ​ ការឈឺ​ធ្ងន់​របស់​អ្នក​ទាំង​៣​ គាប់​ជួន​នឹង​អ្វី​ដែល​ហោរាសាស្ត្រ​ថៃ​បាន​ទស្សន៍ទាយ​ដូច្នោះ​ដែរ។ បើតាមការព្យាករណ៍របស់ក្បួនហោរាសាស្ត្រពីប្រទេសថៃដកស្រង់​តាម​រយៈ​សារព័ត៌មាន Sanook បានរៀបរាប់ឱ្យដឹងថា នៅក្នុងឆ្នាំ២០២២នេះ អ្នកដែលមានអាយុ ៣៦ ឆ្នាំ និង៦៣ឆ្នាំ គឺមានបញ្ហាសុខភាព ជាពិសេស ក្រពះ និងពោះវៀន។ តាមការរៀបរាប់នោះដែរ បានបញ្ជាក់ថា នៅក្នុងខែមីនានេះ អ្នក​មាន​រាសី​ដូច​រៀបរាប់​ខាង​លើ​ អាច​នឹង​មានបញ្ហាសុខ បើទោះបីជាសុខភាពល្អពិតមែន ប៉ុន្ដែត្រូវប្រយ័ត្នចំពោះបញ្ហាសុខភាពប្រចាំកាយដូចជា ប្រតិកម្មអាលែហ្ស៊ី ជំងឺលើសឈាម ជំងឺប្រព័ន្ធរំលាយអាហារ ( ពោះវៀន និងក្រពះ) និងបញ្ហាផ្នែកសាច់ដុំ ឆ្អឹងជាដើម។ យ៉ាងណាមិញ វិធីនៃការកាត់គ្រោះសម្រាប់ខែមីនា ឆ្នាំ2022នេះ ក៏បានរៀនរាប់ដែរថា ត្រូវបរិច្ចាគទឹក ប្រលែងត្រី បរិច្ចាគសៀវភៅធម៌និងប្រគេនក្រណាត់សជូនដូនជីជាដើម ដើម្បីរំដោះគ្រោះស៊យនៅក្នុងឆ្នាំនេះ។

ការ​លើក​ឡើង​របស់​សារព័ត៌មាន​ត្រយង​ មិន​មែន​ចង់​ផ្សព្វផ្សាយ​ឱ្យ​បងប្អូន​ប្រិយមិត្ត​មាន​ជំនឿ​ជឿ​ងប់ងុល​ឡើយ គ្រាន់​តែ​ចង់​​លើក​យក​មក​បង្ហាញ​ជូន​ពីរឿង​គាប់​ជួន​ដែល​បាន​កើត​ឡើង​លើ​សិល្បករ-សិល្បការិនី​ខ្មែរ​ទាំង​៣​ដួង ដែល​ស្រប​ទៅ​តាម​ការ​ទស្សន៍ទាយ​របស់​ហោរាសាស្ត្រ​ប៉ុណ្ណោះ​៕

មើលរាសីខែមីនា

Telegram-Troryorng
Share.