សារព័ត៌មាន Bestlife បានលើកឡើងថា កញ្ញា Thuzar Wint Lwin ប្រើឱកាសបង្ហាញខ្លួនលើវេទិកាប្រកួតសម្រស់លំដាប់ពិភពលោក Miss Universe 2020 បង្ហាញគោលជំហរប្រឆាំងតវ៉ានឹងរដ្ឋបាលយោធារបស់ប្រទេសមីយ៉ាន់ម៉ា ដែលជាសកម្មភាពមួយមិនធ្លាប់មានបេក្ខនារីប្រទេសណាធ្លាប់បានធ្វើនោះទេនៅលើវេទិកាមួយនេះ។
សូមចុចត្រង់នេះ៖ អបអរប្រទេសអាស៊ាន ទាំង៥បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Top21

បវរកញ្ញាមីយ៉ាន់ម៉ា កញ្ញា Thuzar Wint Lwin បានឡើងបង្ហាញខ្លួនលើវេទិកាប្រកួត Miss Universe 2020 នៅក្នុងសណ្ឋាគារ Seminole Hard Rock Hotel & Casino នៅក្រុង Hollywood រដ្ឋហ្ល័ររីដា។ ជាទំនៀមសម្រាប់កម្មវិធីប្រកួត បេក្ខនារីគ្រប់រូបនឹងមានឱកាសបានផ្សព្វផ្សាយពីប្រទេសកំណើតរបស់ខ្លួន ប៉ុន្តែឆ្នាំនេះខុសគ្នាស្រឡះបវរកញ្ញាមីយ៉ាន់ម៉ា បានឆ្លៀតឱកាសនេះបង្ហាញពីគោលជំហរប្រឆាំងនិងបាតុកម្មប្រឆាំងជាមួយនឹងមេដឹកនាំប្រទេសរបស់ខ្លួន។ សកម្មភាពរបស់បេក្ខនារីរូបនេះបានទាញបានចំណាប់អារម្មណ៍មនុស្សទូទាំងសកលលោកឱ្យងាកមកចាប់អារម្មណ៍ពីសកម្មភាពរបស់ទ័ព Junta ដែលបានប្រើប្រាស់ហិង្សាលើប្រជាពលរដ្ឋ កាលពីថ្ងៃទី១ខែកុម្ភៈ កន្លងទៅ។

«ប្រជាជនពួកយើងបានស្លាប់ដោយសារការបាញ់សម្លាប់របស់កងយោធាជារៀងរាល់ថ្ងៃ» បវរកញ្ញារូបនេះនិយាយក្នុងវីដេអូកំឡុងពេលប្រកួត «ខ្ញុំចង់សុំឱ្យអ្នករាល់គ្នាជួយនិយាយពីប្រទេសមីយ៉ាន់ម៉ា។ក្នុងនាមជាបវរកញ្ញាចក្រវាឡរបស់មីយ៉ាន់ម៉ាចាប់តាំងពីមានរដ្ឋប្រហារ ខ្ញុំបាននិយាយច្រើនទៅតាមលទ្ធភាពរបស់ខ្ញុំហើយ»។
ថ្វីត្បិតតែបវរកញ្ញាមីយ៉ាន់ម៉ាមិនបានជាប់ក្នុងចំណោម Top5 ក៏ពិតមែនប៉ុន្តែឈុតតំណាងជាតិដែលកញ្ញាស្លៀកអមជាមួយនឹងពាក្យ «បួងសួងដល់ប្រទេសមីយ៉ាន់ម៉ា» បានក្លាយជាឈុតតំណាងជាតិដ៏ល្អផ្ដាច់គេនៅក្នុងការប្រកួត Miss Universe 2020 ឆ្នាំនេះ៕
