ជារៀងរាល់ឆ្នាំ ដើម្បីចូលរួមសារទរ និងអបអរនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពាក់កណ្ដាលខែ មេសា ខាងមុខនេះ តារាសិល្បៈខ្មែរជាច្រើនដួង តែងតែបង្ហាញការតុបតែងកាយជាទេពធីសង្ក្រាន្ដឱ្យមហាជនអ្នកគាំទ្របានឃើញ។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២នេះ គេកត់សម្គាល់ឃើញ តារាចម្រៀងស្រី ទេព បូព្រឹក្ស គឺជាតារាដំបូងគេតែងម្ដង ដែលបានកាយជាទេពធីតាសង្ក្រាន្ដព្រះនាម «កិរិណីទេវី​» បុត្រីទីប្រាំកបិលមហាព្រហ្ម បង្ហាញជូនបានមហាជនបានគន់ពីសម្រស់។

បើតាមការបញ្ជាក់របស់តារាស្រី ទេព បូព្រឹក្ស បានបញ្ជាក់ឱ្យដឹងថា មួយឈុតដែលគ្រង និងតុបតែងតំឡើងគ្រឿងលើកាយ គឺបានដកស្រង់ច្នៃម៉ូដតាមគំនូរបុរាណខ្មែរ ដោយក្រុមសិល្បករ ​Botramohar Art។ យ៉ាងណាមិញ គេឃើញមានអ្នកគាំទ្ររបស់កញ្ញា ទេព បូព្រឹក្ស បានលាន់មាត់សរសើរមិនដាច់ពីមាត់ ចំពោះការផ្សព្វផ្សាយ និងលើកស្ទួយដល់វប្បធម៌របស់ខ្មែរយើងនេះ។

គួរជ្រាបដែរថា ផ្អែកតាមសៀវភៅមហាសង្ក្រាន្ដខ្មែរបានឱ្យដឹងថា បើតាមទំនៀមមហាសង្ក្រាន្តចូលឆ្នាំថ្មីនេះ​នឹងរំកិលចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ទី១៣កើ​​​​​​​​ត​ ខែចេត្រ ពុទ្ធសករាជ​ ២៥៦៥​ វេលាម៉ោង​ ១០:០០នាទីព្រឹក នឹងគន់គូរមហាសង្ក្រាន្តឆ្នាំថ្មី​ ដល់ទីចុងជួបរវាងមីនរាសី​ និងមេសរាសី​ ក្នុងកាលវេលាព្រឹក។ ទើបមានទេពធីតាមួយព្រះអង្គព្រះនាម​ កិរិណីទេវី​ ជាបាទបរិចាកា​ គង់នៅចាតុម្មហារាជិកា​ ឆកាមាសួគ៌ជាន់ទី១​ អម្ពរពស្ត្រាពណ៌​ស្លឹកចេកស្រស់ (បៃតង)​ ស៊កសៀតលម្អព្រះកាណ៌ដោយ បុប្ផាមន្ទារវបុស្ប​ គ្រឿងប្រដាប់ដោយ កែវមរកត ចិញ្ចាចរស្មី​ រីភក្សាហារទ្រង់សោយ​ ធញ្ញហារ មានសណ្តែកល្ងជាចំណី​ មានសាស្ត្រាវុធជា កង្វេរ (ក្ងក់ទាក់កាវដំរី)​ កាន់នៅនាព្រះហស្ថស្តាំ​ និង​កាំភ្លើង (អសនី) ទ្រនាប់កាន់នៅព្រះហស្ថឆ្វេង​ធីតានាងគង់ឈរគន់រំពៃលើខ្នងពាហន: គជសារ (ដំរី) ជាយាន​ ចុះចាកសួគ៌ាមកកាន់ជម្ពូទ្វីបា៕

Telegram-Troryorng
Share.