រូបភាពទេពធីតាសង្ក្រាន្តប្រចាំឆ្នាំខាលនៅប្រទេសថៃ គ្រាន់តែអណ្ដែតនៅលើបណ្ដាញសង្គមហ្វេសប៊ុកមិនបានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែត្រូវអ្នកលេងបណ្ដាញសង្គមសំពងតាមពាក្យសម្ដីឱ្យយ៉ាងចាស់ដៃ។ ភាគច្រើនអ្នកលេងបណ្ដាញសង្គមបានរិះគន់ និងប្រតិកម្មខ្លាំងចំពោះការតុបតែងខ្លួន និងស្លៀកពាក់សិចស៊ីជ្រុល ដែលមើលទៅមិនស័ក្ដិសមជាទេពធីតាសង្ក្រាន្តសោះឡើយ។

តាមការស្រាវជ្រាវប្រភពពីហ្វេសប៊ុក ក៏បានបង្ហាញឱ្យឃើញថា រូបភាពជាច្រើនសន្លឹកនោះបានថតបង្ហាញដោយ នាង Kamolrose Thunphirom ជាអតីតបវរកញ្ញាក្នុងស្រុកថៃ និងជាអ្នកម៉ូដែលមួយរូបក្នុងពិភពសិល្បៈថៃផងដែរ។ រូបភាពនាងត្រូវបានថតដោយក្រុម ๙.๕.๑๓ Studio ដែលជាក្រុមជំនាញនិងមានទឹកដៃផ្ដិតបានរូបភាពស្អាតៗទាក់ចិត្តមហាជនក្នុងប្រទេសថៃ។ រូបភាពទាំងនោះទំនងជារូបភាពចាស់ ដែលថតកាលពីអំឡុងខែ មេសា ឆ្នាំ២០២០។ នេះបើតាមការបង្ហោះរបស់នាង Kamolrose Thunphirom នៅលើហ្វេសប៊ុក។

តាមរយៈរូបភាពដែលបង្ហោះនៅលើហ្វេសប៊ុកនោះ គេមើលឃើញថា មានការទ្រង់គ្រឿងតាមបែបបុរាណសមសួនហើយ ក៏ប៉ុន្ដែមិនមានស្បៃបិទបាំងកាយខាងលើអីសូម្បីបន្ដិច ពោលគឺព្រលែងកាយតែម្ដង បិទតែគ្រឿងតិចៗនៅលើដើមទ្រូង។ ប្រភពពីហ្វេសប៊ុកផេក ទេវធីតាសង្ក្រាន្ត បានយករូបទេពធីតាសង្ក្រាន្តប្រចាំឆ្នាំខាលនៅប្រទេសថៃប៉ុន្មានសន្លឹកមកបង្ហោះ គេឃើញមានអ្នករិះគន់ដោយចោលសម្ដីថា៖ «ទេវតាថៃសិចស៊ីម្លេះ» , «ទេវតា ថៃ ស៊ិចស៊ីហាសដូចស្រីកូច😂», «ទេវតាគឺពួកសេពសោយកាម​ ឋានទេវតាគឺឋានសោយកាម​ សោយសុខ» និងមានខ្លះទៀតថា « ទេពធីតាខាងថៃមើលទៅរៀងsexyបន្តិច ប៉ុន្តែតាមពណ៌និងគ្រឿងមរកតមើលទៅស្អាត»។

ជារួមមក នេះគ្រាន់តែជាមតិរិះគន់ពីអ្នកលេងបណ្ដាញសង្គមមួយចំនួនតែប៉ុណ្ណោះ ហើយយ៉ាងណាមិញ អ្នកលេងបណ្ដាញសង្គមក៏ជាអ្នកដាក់ពិន្ទុរចំពោះការយល់ឃើញទាំងនេះផងដែរ៕

ប្រភព៖ ទេវធីតាសង្ក្រាន្ត

Telegram-Troryorng
Share.