ល្ខោន​ព្រះរាជ​ទ្រព្យ​ «រឿង​ព្រះ​ថោង​នាងនាគ​»​ ដែល​បាន​សម្ដែង​​នៅ​វិទ្យា​ស្ថានភាសា​បារាំង​ក្រោម​ដំណក់ទឹក​ភ្លៀង​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍យ៉ាងក្រៃលែង​ ​ជា​ពិសេស​ពី​អ្នក​ស្នេហា​សិល្បៈ​បុរាណ​ខ្មែរ​ រហូត​មាន​ការ​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​យ៉ាង​គគ្រឹក​គគ្រេង​។

កាល​ពី​យប់​ទី​២១​ ខែ​មីនា ឆ្នាំ​២០២២​ ផេក​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា​ «វប្បធម៌​ខ្មែរ​ Khmer Culture» បាន​កាត់​បង្ហោះ​វីដេអូ​ខ្លី​មួយ​ មាន​រយៈ​ពេល​៧​នាទី​ បង្ហាញ​ពី​សកម្មភាព​ក្រុមនាដការី​កំពុង​តែ​សម្ដែង​ល្ខោន​ព្រះរាជ​ទ្រព្យ​រឿង​ «​រឿង​ព្រះ​ថោង​នាងនាគ​» ​ក្រោម​តំណក់​ទឹកភ្លៀង​​។សកម្មភាព​របស់​សិល្បករ​ផ្នែក​បុរាណ​ដែល​បាន​ប្រឹងប្រែង​សម្ដែង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​មិន​ខ្លាច​ភ្លៀង​ផ្គរ​ដូច្នេះ​បាន​អន្ទង​ចិត្ត​អ្នក​ទស្សនា​ផ្ទាល់​ឱ្យ​ទះដៃ​អបអរសាទរ​យ៉ាង​កង​រំពង​លាន់​ឮ​ពេញ​អាហ្លឺយ៉ង់​។

ក្រៅ​ពី​អ្នក​គាំទ្រ​ដែល​បាន​ទៅ​ទស្សនា​ផ្ទាល់​ដល់​ទីតាំង​​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា​ កន្លង​មក​ ចំណែក​ឯ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​វិញ​ ក៏​បង្ហាញ​ពី​ការ​ស្រលាញ់​និង​គាំទ្រ​ច្រើន​ចំពោះ​សិល្បករ​របាំ​បុរាណ​យ៉ាង​ខ្លាំង​ដែរ​ ដោយ​យោង​ទៅ​តាម​ការ​បង្ហោះ​របស់​ផេក​ វប្បធម៌​ខ្មែរ​ Khmer Culture បាន​​យក​សកម្មភាព​នោះ​មក​បង្ហោះ​ឡើង​វិញ​ ដោយ​បង្ហាញ​ឱ្យ​​ឃើញ​ថា​មតិ​យោបល់​ដែល​ចូលរួម​គឺ​មាន​តែ​ពាក្យ​​កោត​សរសើរ​​លើក​ទឹក​ចិត្ត ​និង​អរគុណ​ចំពោះ​​ការ​ប្រឹង​ប្រែង​ដោយ​ឥតរួញរា​របស់​សិល្បករ​បុរាណ​យើង​​ទោះ​ជា​ស្ថិត​ក្រោម​តំណក់​ទឹក​ភ្លៀង​រលឹម​មិន​ដាច់​គ្រាប់​​ក្ដី​។

សូម​ទស្សនា​ការ​សម្ដែង​របស់​នាដ​ការី​របាំ​សម្ដែង​រឿង​ «ព្រះថោងនាងនាគ​» ខាង​ក្រោម​៖

ប្រភព៖ វប្បធម៌ខ្មែរ Khmer culture

Telegram-Troryorng
Share.