ពាក្យ​មួយ​ឃ្លា​ដែល​តារា​ចម្រៀង​ សួ វិចិត្រ​ ​ម្ចាស់​ពាន​ Beat The Best លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​មីនា​ ឆ្នាំ​២០២២​ នេះ កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ហ្វេន​ព្រោះ​តែ​ពាក្យ​ពេចន៍​ដ៏​ចាក់​ដោត​របស់​លោក​​ទៅ​កាន់​អ្នក​ខូច​ចិត្ត​ហើយ​ចង់​លោត​ទឹក​សម្លាប់​ខ្លួន។​

តារា​ចម្រៀង​ថ្មី​ប្រចាំ​ផលិតកម្ម ​ហង្សមាស និង រស្មី​ហង្សមាស​​ ​មក​ពី​ខេត្ត​ពោធិ៍័សាត់​ បាន​លើក​សម្ដី​ដ៏​មាន​ខ្លឹមសារ​មួយ​ឃ្លា​នៅ​លើ​បណ្ដាញសង្គម​ដែល​ជា​សារ​អប់​រំ​និង​ដាស់​តឿន​ ដល់​យុវវ័យ​ ដែល​គិត​តែ​រឿង​ស្នេហា​ពេក​រហូត​ភ្លេច​គិត​ដល់​អ្នក​មាន​គុណ​ដែល​ជា​អ្នក​ផ្ដល់​កំណើត​និង​ជីវិត​សម្រាប់​ខ្លួន​ទៅវិញ​។

លោក សួ វិចិត្រ​ បាន​លើក​ឡើង​ថា៖ «ខូចចិត្តរឿងស្នេហាចង់លោតទឹក? បើគិតម្ដាយឱពុកជាធំខ្ញុំជឿថាមិនមានរឿងលោតទឹកកើតឡើងទេ ខ្ញុំទទួលស្គាល់ថាស្នេហាវាធំធេងតែមិនធំជាងម៉ែពុកទេគិតឡើងវិញណាប្អូនៗ #SourVichet រងចាំ»

កា​រ​លើក​ឡើង​របស់​តារា​ចម្រៀង​ថ្មី​របស់​ផលិតកម្ម​ធំ​រូប​នេះ​បាន​ទាញ​ការ​ចាប់​អារម្មណ៍​របស់​ហ្វេន​យ៉ាង​ខ្លាំង​ មាន​ហ្វេន​ជា​អ្នក​គាំទ្រ​លោក​បាន​លើក​ឡើង​ពី​មតិ​ផ្សេង​ៗ​ដើម្បី​យក​មក​ពិភាក្សា​គ្នា​នៅ​ខាង​ក្រោម​ការ​ផុស​នោះ​ ដោយ​មាន​អ្នក​ខ្លះ​គិត​ថា​​ការ​លើក​ឡើង​របស់​លោក​គឺជា​ឃ្លា​ឬ​អត្ថន័យ​ដកស្រង់​ចេញ​ពី​ក្នុង​ចម្រៀង​ថ្មី​ត្រៀម​ចេញ​របស់​លោក​ក៏​ថា​បាន​។

ការ​ដែល​មហាជន​ហ៊ាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ ក៏​ព្រោះ​តែ​មុន​នេះ​លោក​ធ្លាប់​បាន​បង្ហោះ​រូប​ភាពលោក​នៅ​ក្នុង​បន្ទប់​ថត​សំឡេង​ ហេតុ​នេះ​ហើយ​មហាជន​​យល់​ឃើញ​ថា​ការ​ផុស​របស់​លោក​គឺ​ជា​ការ​ចាប់​ផ្ដើម​ Promote បទ​ចម្រៀង​ថ្មី​ ដែល​ត្រៀម​នឹ​ងចេញ​នោះ​។​

យ៉ាង​ណា​មិញ​ការ​លើក​ឡើង​របស់​តារា​ចម្រៀង​ថ្មី​នេះ​ ពិត​ជា​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​សង្គម​ដែល​កំពុង​តែ​កើត​មាន​នា​ពេល​បច្ចុប្បន្ន​ដោយ​សារ​តែ​មាន​យុវវ័យ​ក្មេង​ខ្ចី​មួយ​ចំនួន​រាល់​ពេល​មាន​បញ្ហា​តែងតែ​គិត​ខ្លី​ ហើយ​រក​ផ្លូវ​ចេញ​ដោយ​គិត​ចង់​បញ្ចប់​ជីវិត​របស់​ខ្លួន​ ដោយ​ភ្លេចគិត​ថា​ការដោះ​បញ្ហា​ដោយ​ការ​​គិត​ខ្លី​របស់​ខ្លួន​នេះ​ មិនមែន​ជា​ការ​បញ្ចប់​បញ្ហា​នោះ​ទេ​ ប៉ុន្តែ​ជា​ការ​បង្កើត​បញ្ហា​និង​បង្កើត​ក្ដី​ទុក្ខ​សម្រាប់​ក្រុម​គ្រួសារ​និង​ឪពុក​ម្ដាយ​របស់​ខ្លួន​ទៅវិញទេ៕

ប្រភព៖ Sour Vichet

Telegram-Troryorng
Share.