លោក​ ឧកញ៉ា​ ខេមរៈ​ សិរីមន្ត​ តារា​ចម្រៀង​ល្បី​លំដាប់​ប្រទេស​ដែល​ឈ្មោះ​របស់​លោក​តែងតែ​មាន​នៅ​គ្រប់​សារព័ត៌មាន​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ​ បាន​ធ្វើ​ឱ្យ​ហ្វេន​ៗ​របស់​លោក​ភ្ញាក់​ផ្អើល​សារ​ជា​ថ្មី​ម្ដង​ទៀត​ដោយ​លោក​បាន​ទៅ​​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធីមង្គល​ការ​មួយ​ដោយម្ចាស់​ដើម​ការ​និង​ភ្ញៀវ​មិន​បាន​ដឹង​ទាល់​តែ​សោះ​។

កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​ឧកញ៉ា​ថ្មោង​ថ្មី​ បាន​បង្ហោះ​ Status នៅ​លើ​ផេក​ផ្លូវ​ការ​របស់​លោក​ថា លោក​​បាន​ទៅ​ច្រៀង​នៅ​ក្នុង​កម្មវិធី​រៀបអាពាហ៍ពិពាហ៍​មួយ​ដោយ​ម្ចាស់​ការ​មិន​បាន​ដឹង​ផង​ទេ​ ពោល​គឺ​លោក​មាន​បំណង​ទៅ​ច្រៀង​ពញាក់​អារម្មណ៍​ទាំង​ដែល​មិន​មាន​អ្នក​ណា​អញ្ជើញ​លោក​នោះ​ឡើយ​។

តារា​ចម្រៀង​មាន​ងារ​ជា​ឧកញ៉ា​នេះ​បាន​លើក​យក​បទ​ចម្រៀង​ដ៏​ល្បីល្បាញ​ដែល​ជា​ចង្វាក់​ញាក់​បែប​សប្បាយ​ៗយក​មក​បកស្រាយ​គឺ​បទ​ «ពឺតៗ» ជា​បទ​ចម្រៀងមួយ​​មាន​ការ​និយម​ និង​គាំទ្រ​យ៉ាង​ខ្លាំង​ជា​ពិសេស​គឺបទ​មួយ​ដែល​ផ្ទុះ​ការ​គាំទ្រ​ច្រើន​ទាំង​ខាង​ក្រៅ​និង​បណ្ដាញ​សង្គម​ ពិសេស​ platform Tiktok តែម្ដង​ ដោយ​មាន​ម្ចាស់​គណនី​ទាំង​ខ្មែរ​និង​បរទេស​បាន​យក​បទ​នេះ​ទៅ​ cover និង​ រាំតាម​យ៉ាង​ច្រើន​។

ទង្វើ​និង​សកម្មភាព​របស់​លោក​ត្រូវ​បាន​ហ្វេន​ៗ​ដែល​ស្រលាញ់​ម្នាក់​ៗ​កោត​សរសើរ​ព្រម​ទាំង​មាន​អ្នក​ខ្លះ​ច្រណែន​និង​ចង់​ឱ្យ​អាយដល​របស់​ខ្លួន​រូប​នេះ​ទៅ​ពញាក់​អារម្មណ៍​ក្នុង​ថ្ងៃ​ពិសេស​ ឬ​ថ្ងៃ​សំខាន់​របស់​ខ្លួន​ផង​ដែរ​ យ៉ាងណា​មិញ​ក៏​មាន​ហ្វេន​ខ្លះ​ទៀត​បាន​ប្រដូច​លោក​ទៅ​នឹង​តារា​ចម្រៀង​ Top Star កម្រិត​ពិភពលោក​ Maroon5 ដែល​ធ្លាប់​បាន​ធ្វើ​សកម្មភាព​​ពញាក់​អារម្មណ៍​កូន​កំលោះ​-កូន​ក្រមុំ​ សាច់​ញាតិ​ និង​ភ្ញៀវកិត្តិយស​ ដូច​គ្នា​នេះ​ដែរ​នៅ​ក្នុង​កម្មវិធី​មង្គលការ​នានា ​តាម​រយៈ​​បទ​ចម្រៀង​ Sugar ដែល​បាន​ចេញ​កាល​ពី​៧​ឆ្នាំ​មុន​។

ប្រភព៖ Khemarak Sereymun

ទស្សនា​បទ​ចម្រៀង​ Sugar របស់​ Maroon5 ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.