កូរ៉េខាង​ត្បូង – Hwang Dong-hyuk អ្នក​ដឹក​នាំ​ភាពយន្ត​ភាគ​ «Squid Game» របស់​ Netflix បាន​ចេញ​មក​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​នឹង​ Deadline ក្នុង​ខណៈ​ដើរ​លើ​កម្រាល​ក្រហម​ប្រកាស​រង្វាន់​ PGA Awards ថា​លោក​កំពុង​តែ​ប្រមូល​ផ្ដុំ​គំនិត​រួម​ជាមួយ​នឹង​ក្រុម​ការងារ​ដើម្បី​ផលិត​ភាពយន្ត​ «Squid Game» វគ្គ​២។

អ្នក​សារព័ត៌មាន​បាន​សួរ​ទៅ​កាន់​បុរស​រូប​នេះ​ថា​តើ​ហ្វេន​អាច​សង្ឃឹម​អ្វី​ខ្លះ​ពី​វគ្គ​ទី​២​នេះ​ លោក Hwang បាន​ឆ្លើយ​តប​​ថា​ អ្នក​ទស្សនា​នឹង​បាន​ឃើញ​រូបបែប​ថ្មី​នៃ​ការ​លេង​ហ្គេម​ ប៉ុន្តែ​នៅ​ពេល​នេះ​គឺ​​មិន​ទាន់​អាច​និយាយ​ប្រាប់​​លម្អិត​បាន​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​គ្រប់​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​បង្អស់​ សូម្បី​តែ​សេណារីយ៉ូ​រឿង​នៅ​មិន​ទាន់​បាន​សរសេរ​នៅ​ឡើយ​ផង​។

ប៉ុន្តែ​មាន​​រឿង​ដែល​ធ្វើ​ឱ្យ​មហាជន​​ចាប់​អារម្មណ៍​និង​ភ្ញាក់ផ្អើល​នោះ​ គឺ​ការ​ដែល​ Hwang Dong hyuk ប្រាប់​ថា​លោក​នឹង​សាក​ល្បង​ធ្វើ​អ្វី​មួយ​ ដើម្បី​នាំ​តួអង្គ​ដែល​បាត់​បង់​ជីវិត​នៅ​ក្នុង​វគ្គ​ទីមួយ​ត្រលប់​មក​កាន់​វគ្គ​ទី​២​ម្ដង​​ទៀត​ ហើយ​តួអង្គ​នោះ​គឺ​រួម​ទាំង​តួ​ Sae byeok ឬ​អ្នក​លេង​ហ្គេម​លេខ​៦៧​ ដែល​សម្ដែង​ដោយ​តារា​បង្ហាញ​ម៉ូដ​ Jung Ho Yeon នោះ​ផង​ដែរ​។

«ខ្ញុំ​នឹង​សាក​ល្បង​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​នាំ​ពួក​គេ​ត្រលប់​មកមក​កាន់​វគ្គ​ទី​២​វិញ​ ដោយ​តួអង្គ​របស់​ Jung Ho Yeon ជួន​កាល​អាចនឹង​មាន​បងស្រី​ ឬ​បងស្រី​ភ្លោះ​ក៏​ថា​បាន​ ចាំ​បន្តិច​អ្នកគ្រប់​គ្នា​នឹង​បាន​ដឹង​»

សម្រាប់​តួអង្គ​ Ho Yeon ចាត់​ទុក​ថា​ជា​តារា​សម្ដែង​ដែល​សាង​ឈ្មោះ​ល្បីល្បាញ​ពី​ភាពយន្ត​ «Squid Game» ហើយ​ជួយ​ឱ្យ​នាង​ទទួល​បាន​រង្វាន់ Screen Actors Guild Awards តារា​​សម្ដែង​ឯក​ស្រី​ឆ្នើម​​ផ្នែក​ Drama series ហើយ​ថ្មីៗ​នេះ​ដែរ​ទើប​តែ​មាន​សេចក្ដីរាយការណ៍​ចេញ​មក​ថា​ នាង​បាន​ចូលរួមសម្ដែង​​ក្នុងភាពយន្ត​ជា​ស៊េរី​«Disclaimer» ដឹក​នាំ​ដោយ​អ្នក​ដឹកនាំ​ម្ចាស់​ពាន​រង្វាន់​អូស្ការ​ Alfonso Cuarón ផងដែរ​៕

ប្រភព៖ nme

Telegram-Troryorng
Share.