នៅថ្ងៃ២៤ ខែមីនា ឆ្នាំ២០២២នេះ សារព័ត៌មានថៃបានផ្សព្វផ្សាយថា តារាឯកប្រុស Beam Papangkorn Lerkchaleampote តួឯកប្រុសពីភាពយន្តភាគ «The Stranded» នៅលើ Netflix មរណភាពទាំងវ័យត្រឹម២៥ឆ្នាំ ។

មូលហេតុនៃការស្លាប់របស់តារាឯកប្រុសវ័យក្មេងរូបនេះកើតឡើងនៅពេលដែលគេចូលគេង ហើយមិនព្រមភ្ញាក់ទោះជាដាស់យ៉ាងណាក្ដី ថ្វីបើក្រុមសង្គ្រោះបានបញ្ជូនគេទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់នៅតែមិនអាចជួយសង្គ្រោះជីវិតបាន។

ទោះជាយ៉ាងណាក្ដី រហូតមកទល់ពេលនេះ នៅមិនទាន់មានសេចក្ដីថ្លែងការណ៍ជាផ្លូវការណាមួយពីសំណាក់ក្រុមគ្រួសារបស់លោក Beam Papangkorn និងខាងអ្នកគ្រប់គ្រងតួនេះនៅឡើយទេ អំពីមូលហេតុពិតប្រាកដដែលបណ្ដាលឱ្យលោកគេងស្លាប់។ តែយ៉ាងណាក៏ដោយ ខាងអ្នកគ្រប់គ្រងតារាប្រុសរូបនេះ បានអះអាងថា គេចង់ឱ្យខាងភាគីក្រុមគ្រួសារបស់តារាប្រុសរូបនេះជាអ្នកធ្វើសេចក្ដីថ្លែងការព័ត៌មានលម្អិតឱ្យមហាជនអ្នកគាំទ្របានដឹង។

តារាឯកប្រុស Beam Papangkorn កើតនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ១៩៩៦ ក្រៅពីអាជីពសិល្បៈហើយនោះ លោកធ្លាប់ជាអត្តពលិកតេក្វាន់ដូតាំងពីអាយុ៦ឆ្នាំ រហូតដល់អាយុ១៤ឆ្នាំ ប្រកួតជិត១០០ប្រកួត ហៀបនឹងចូលជាក្រុមជម្រើសជាតិ ក៏ប៉ុន្តែលោកបានបោះបង់ចោលវិញព្រោះលោកស្រឡាញ់សិល្បៈជាង។ លោកបានប្រឡូកក្នុងវិថីសិល្បៈរយៈពេលច្រើនឆ្នាំមកនេះ មានស្នាដៃជាច្រើនដែលបានបន្សល់ទុកឱ្យអ្នកគាំទ្រដូចជា រឿងភាគ Water Boy Love , Mister Merman , Project S The Series , រឿងភាគបុរាណ Bang Rachan, Blue Wave និងចុងក្រោយនេះរឿង «The Stranded» ដែលមានបញ្ចាំងនៅលើ Netflix។

បើតាមការទម្លាយរបស់បណ្ដាញសិល្បៈថៃបានអះអាងបញ្ជាក់ថា គេពិតជាសោកស្ដាយចំពោះតារាឯកប្រុស Beam Papangkorn ដែលមិនមានវត្តមានក្នុងភាពយន្ដភាគ«The Stranded»រដូវកាលទី២។ តែយ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ទេថា តារាប្រុសរូបនេះបានថតបញ្ចប់ភាពយន្ដមុនបាត់បង់ជីវិត ឬយ៉ាងណា​ ខណៈហ្វេនកំពុងរង់ចាំការប្រកាសបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន Netflix Thailand អំពីដំណឹងនេះ៕

សូមទស្សនាវីដេអូ Big News៖

ប្រភព៖ Nine Entertainment

Telegram-Troryorng
Share.