កូរ៉េ​ខាង​ត្បូង​ – Business Proposal ភាពយន្ត​ភាគ​ជា​ស៊េរី​នៅ​លើ​ Netflix ដែល​បាន​ផលិត​ពី​ប្រលោមលោក​និង​ Webtoon សម្ដែង​ដោយ​ Ahn Hyo-seop និង​តារា​ចម្រៀង​កូរ៉េ Kim Sejeong ធ្លាប់​បាន​ផលិត​ជា​ប្រលោម​លោក​កាល​ពី​ឆ្នាំ​២០១៧​ ហើយ​ក្រុមហ៊ុន​ Kakao Entertainment Corp. បាន​ផលិត​​ជា​រឿង​បែប​ Webtoon នៅ​ឆ្នាំ​២០១៨។

រឿង​ដែល​មាន​ការ​ពេញ​និយម​ច្រើន​សន្ធឹកសន្ធាប់​ទាំង​ក្នុង​ប្រទេស​កូរ៉េ​ អាមេរិក​ ជប៉ុន ថៃ​ ឥណ្ឌូនេស៊ី​ តៃវ៉ាន់ និង​ឥណ្ឌា ត្រូវ​បាន​ Netflix ផលិត​ជា​រឿង​រ៉ាវ​​សម្ដែង​ដោយ​មនុស្ស​ឡើង​មក​ដើម្បី​ធ្វើ​ឱ្យ​រឿងរ៉ាវ​ស្នេហា​របស់​តួអង្គ​កាន់​តែ​ចូល​ដល់​ក្នុង​​ចិត្ត​អ្នក​ទស្សនា​ជ្រាលជ្រៅ​ជាង​មុន​។ ប៉ុន្តែ​ការ​បរិយាយ​​និង​ពិពណ៌នា​រឿង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ក្នុង​រឿង​តុក្កតា ដូច្នេះ​មិនប្លែក​ឡើយ​ដែល​រឿង​នេះ​ទទួល​បាន​ការ​គាំទ្រ​និង​ពេញ​និយម​ខ្លាំង​ព្រោះ​រឿង​កន្លង​ៗ​មក​ដូច​ជា​ Itaewon Class, The Uncanny Counter និង​ Space Sweepers ធ្លាប់​ធ្វើ​បាន​កំណត់​ត្រា​យ៉ាង​ល្អ​លើ​ Netflix។

Business Proposal គឺ​ជា​រឿង​រ៉ាវ​របស់​ Shin Hari នារី​ធ្វើ​ការ​ងារ​ក្នុង​ក្រុមហ៊ុន​ធម្មតា​ម្នាក់​ មាន​បញ្ហា​ចាំ​បាច់​ធ្វើ​ឱ្យ​នាង​ត្រូវ​ទៅ​ណាត់​ជួប​រើស​គូស្រករ (Blind Date) ​ជំនួស​​មិត្ត​ភក្ដិ​របស់​នាង​ ដោយ​មាន​លក្ខខ័ណ្ឌ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​បុរស​ម្នាក់​នោះ​បដិសេធ​មិន​ព្រម​រៀបការ​ ប៉ុន្តែ​ផែនដី​បែរ​ជា​ក្រឡាប់​ចាក់​ព្រោះ​មនុស្ស​ដែល​មាន​ត្រូវ​ណាត់​ជួប​នោះ​គឺជា​ Kang Taemo ជា​ CEO កំលោះ​ម្ចាស់​ក្រុមហ៊ុន​ដែល​នាង​កំពុង​តែ​ធ្វើ​ការងារ​បច្ចុប្បន្ន​។

Kang Taemo ស្អប់​រឿង​២​យ៉ាង​គឺ​ ពាក្យ​កុហក​និង​រឿង​ស្រលាញ់​គ្នា​នៅ​កន្លែង​ធ្វើ​ការ​ ហើយ​រឿង​រ៉ាវ​ស្នេហា​រ៉ូមែនទិច​របស់​អ្នក​ទាំងពីរ​បាន​កើត​ឡើង​ដោយ​សារ​តែ​អារម្មណ៍​ល្អៗ​ដែល​អ្នក​ទាំង​ពីរ​មាន​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក​ ទោះ​ជា​ Shin Hari បាន​តុបតែង​ខ្លួន​រហូត​កើត​មាន​ការ​យល់​ច្រឡំ​ក្ដី​។

បច្ចុប្បន្ន​រឿង​ភាគ​ «Business Proposal» កំពុង​តែ​ល្បីល្បាញ​និង​មាន​អ្នក​តាម​ដាន​ទស្សនា​ច្រើន​នៅ​លើ​ Netflix ខណៈ​ដែល​អ្នក​និពន្ធ​ធ្លាប់បាន​ពោល​ថា​ «ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​បាន​ឃើញ​រឿង​ A Business Proposal ក្លាយ​ពី​រឿង​តុក្កតា​មក​ជា​រឿង​ដែល​សម្ដែង​ដោយ​មនុស្ស​ ដើម្បី​ធ្វើ​ឱ្យ​អ្នក​ទស្សនា​បាន​ទទួល​រសជាតិ​ថ្មី​ដែល​កាន់​តែ​ជក់​ច្រើន​»

ចំពោះ​ប្រិយមិត្ត​ដែល​មិន​ទាន់​បាន​ទស្សនា​រឿង​ភាគ​ «A Business Proposal» អាច​រក​ទស្សនា​បាន​នៅ​លើ​ Netflix ដោយ​មាន​ផ្សាយ​ឬ​បង្ហោះ​ភាគ​ថ្មី​រៀងរាល់​ថ្ងៃ​ចន្ទ​និង​អង្គារ​ ហើយ​១​ភាគ​មាន​រយៈ​ពេល​១០​នាទី និង​មាន​ចំនួន​ភាគ​សរុប​ទាំង​អស់​១២​ភាគ​។ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ នៅ​លើ​ Netflix មាន​ដល់​ភាគ​ទី​៨​ហើយ ដូច្នេះ​នៅ​សល់​ត្រឹម​តែ​៤​ភាគ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​​ភាគ​បញ្ចប់​ហើយ​៕

ប្រភព៖ Netflix, Asianwiki, wikipedia, dramalist

Telegram-Troryorng

Share.