ផ្អែកតាមសៀវភៅមហាសង្ក្រាន្ដខ្មែរបានឱ្យដឹងថា បើតាមទំនៀមមហាសង្ក្រាន្តចូលឆ្នាំថ្មីនេះ​នឹងរំកិលចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ទី១៣កើ​​​​​​​​ត​ ខែចេត្រ ពុទ្ធសករាជ​ ២៥៦៥​ វេលាម៉ោង​ ១០:០០នាទីព្រឹក នឹងគន់គូរមហាសង្ក្រាន្តឆ្នាំថ្មី​ ដល់ទីចុងជួបរវាងមីនរាសី​ និងមេសរាសី​ ក្នុងកាលវេលាព្រឹក។

រូបតំណាងទេពធីតា បង្ហាញដោយ កញ្ញា ទេព បូព្រឹក្ស

ទើបមានទេពធីតាមួយព្រះអង្គព្រះនាម​ កិរិណីទេវី​ ជាបាទបរិចាកា​ គង់នៅចាតុម្មហារាជិកា​ ឆកាមាសួគ៌ជាន់ទី១​ អម្ពរពស្ត្រាពណ៌​ស្លឹកចេកស្រស់ (បៃតង)​ ស៊កសៀតលម្អព្រះកាណ៌ដោយ បុប្ផាមន្ទារវបុស្ប​ គ្រឿងប្រដាប់ដោយ កែវមរកត ចិញ្ចាចរស្មី​ រីភក្សាហារទ្រង់សោយ​ ធញ្ញហារ មានសណ្តែកល្ងជាចំណី​ មានសាស្ត្រាវុធជា កង្វេរ (ក្ងក់ទាក់កាវដំរី)​ កាន់នៅនាព្រះហស្ថស្តាំ​ និង​កាំភ្លើង (អសនី) ទ្រនាប់កាន់នៅព្រះហស្ថឆ្វេង​ធីតានាងគង់ឈរគន់រំពៃលើខ្នងពាហន: គជសារ (ដំរី) ជាយាន​ ចុះចាកសួគ៌ាមកកាន់ជម្ពូទ្វីបា។

រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេង ៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតាមានជាអាទិ៍បាយសី ៩ថ្នាក់មួយគូបាយសី ៧ថ្នាក់មួយគូបាយសី ៥ថ្នាក់មួយគូបាយសី ៣ថ្នាក់មួយ គូបាយសីប៉ាឆាមមួយគូ ស្វាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួនចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ(១រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹក ស្អាតពីរកែវ ។

រូបតំណាង

ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនៈត្រ័យសមាទានសីលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា ។ ចំពោះបាយសី៩ថ្នាក់៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្ររាជពិធីទ្វារទសមាសនិងមាន អនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមកឬរៀបត្រឹមគ្រឿងសក្ការបូជាដែល មានទៀនបំ ធូបប្រាំស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀប ឱ្យបានត្រឹម៣ ឬ៥មុខក៏ជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ។

រូបតំណាងទេពធីតា បង្ហាញដោយ កញ្ញា ទេព បូព្រឹក្ស

គួរដឹងដែរថា ផ្លែឈើ១១មុខ ដោយ១១ហៅថា រាជាជោគ គឺតំណាងឱ្យព្រះរាជា ជាអ្នកថ្វាយចំពោះទេវតាប្រចាំឆ្នាំ កាលសំពត់សក៏បាន ពណ៌ខៀវខ្ចីក៏បាន តាមអម្ពរបស់ទេពធីតា៕

Telegram-Troryorng
Share.