តាមរយៈសារព័ត៌មាន Sanook បានចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ឱ្យដឹងថា មានមិត្តភក្ដិសិល្បៈរបស់តារាឯកប្រុស Beam Papangkorn ដែលមហាជនស្គាល់ពីភាពយន្ដភាគ «The Stranded» ដែលបញ្ចាំនៅលើ Netflix បានចូលរួមពិធីសពរបស់លោក និងបានសម្រក់ទឹកភ្នែកដាក់អ្នកសារព័ត៌មានថៃថែមទៀតផង។ ម្ដាយរបស់តារាឯកប្រុស Beam Papangkorn បានចេញមុខបកស្រាយប្រាប់អ្នកសារព័ត៌មានថៃជាលើកដំបូង បន្ទាប់ពីការស្លាប់របស់កូនប្រុសនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។

អ្នកស្រី Davika Rerkchalermphot ត្រូវជាម្ដាយរបស់ Beam Papangkorn បានរៀបរាប់ថា អ្នកស្រីមាន Beam គឺជាកូនប្រុសតែម្នាក់ប៉ុណ្ណោះ។ អ្នកស្រីពិតជាសុំទោសទៅកាន់មហាជនអ្នកគាំទ្រ ដែលខណៈនេះ អ្នកស្រីនៅទាន់ត្រៀមខ្លួនសម្រាប់ការផ្ដល់បទសម្ភាសន៍ណាមួយឡើយបានទេ ព្រោះអ្នកស្រីនៅធ្វើចិត្តចំពោះការបាត់បង់កូននៅមិនទាន់បាន។ ប៉ុន្តែ​ដោយ​ឡែកពេលនេះ អ្នកស្រីចង់និយាយ​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់កូនប្រុស ដោយក្រោយពីសំបុត្រមរណភាពបឋមដែលចេញពីខាងកោសល្យវិច្ច័យ បញ្ជាក់ថា កូនប្រុសស្លាប់ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​បញ្ហាផ្លូវដង្ហើម។ អ្នកស្រីបញ្ជាក់ថា មុនពេលកូនប្រុសស្លាប់ កូនប្រុសបាន​ទៅ​លេង​បាល់ទាត់​ជាមួយ​មិត្តភក្តិដូចធម្មតា និងត្រឡប់មកវិញញ៉ាំអាហារពេលល្ងាច មុនពេលចូលគេងក៏ដូចធម្មតា។ លុះស្អែកឡើង បែរជាប្រទះឃើញកូនប្រុសដេកស្ដូកស្ដឹង ដាស់មិនភ្ញាក់ទៅវិញ។ រហូត​ដល់​ពេលដឹង​ថា​ កូនប្រុស​បាន​ស្លាប់អ្នកស្រីក៏ស្លុតចិត្តតែម្ដង។

យ៉ាងណាមិញ មន្ទីរពេទ្យ​ និងប៉ូលិស បានបញ្ជាក់ឱ្យ​រង់ចាំ​ប្រហែល​៣​សប្តាហ៍​សិន ដើម្បីទទួលបានលិទ្ធផលកោសល្យវិច្ច័យឱ្យកាន់តែជាក់ច្បាស់។ ជាមួយគ្នានោះដែរ នាយ Akkarawat Chokpiyaset មានវ័យ ២៥ឆ្នាំ ដែលជាមិត្តម្នាក់បានលេងបាល់ជាមួយ Beam Papangkorn មុនពេលគេបាត់បង់ជីវិត ក៏បានលើកឡើងថា ខ្លួននិងមិត្តភក្តិចំនួន ៦នាក់បានណាត់គ្នាទាត់បាល់នៅទីលានបាល់ទាត់នៅម្ដុំ Sukhontha Sawat កាលពីថ្ងៃអង្គារ។ ប៉ុន្តែមុនទៅទាត់បាល់ លោកនិងមិត្ត​ស្រី ហើយនិង​ Beam បានទៅ​ញ៉ាំ​សាច់​ជ្រូក​អាំង​ ទាល់តែម៉ោង​ប្រហែល​​ ៦ ​ទើបទៅ​ដល់​ទីលាន​បាល់ទាត់នោះ។

មិត្តភក្ដិរបស់ Beam រូបនេះបានបន្ដថា នៅពេល​នោះ Beam ​ក្ដៅខ្លួនខុសធម្មតាបន្តិចដែរ ប៉ុន្តែពួកគេមិនចាប់អារម្មណ៍ ហើយការទាត់បាល់ នៅតែបន្តលេង។ នៅយប់នោះ ពួកគេបានបញ្ចប់ការលេងបាល់ទាត់នៅម៉ោងប្រហែល ១០យប់ រួចក៏ទៅញ៉ាំបាយចំហុយ នៅភោជនីយដ្ឋានមួយ ហើយជជែកគ្នាលេងបន្តិច ទើប Beam សុំទៅផ្ទះមុន។ ​លុះមកដល់ថ្ងៃទី២៣ ខែមីនា ទើបគេទទួលដំណឹងថា មិត្តរបស់គេបានលាចាកលោកទៅហើយ៕

Telegram-Troryorng
Share.