ល្បែងគ្របមាន់ ជាល្បែងកម្សាន្ដម្យ៉ាងរបស់ពួកកុមារាកុមារីជំទង់ៗ គ្រប់ភូមិស្រុក ទូទៅ​ទាំង​ប្រទេស កម្ពុជា ដែលតែងតែលេងនៅពេលទំនេរ ក្នុងវេលាយប់ខែភ្លឺ ។ អ្នកលេង​មាន​ស្រី​មាន​ប្រុស មានគ្នាតាំងពី ៥នាក់ ឬ១០នាក់ ម្ខាងឡើងទៅ ។ របៀបលេង​គេជ្រើសយកក្មេង​ប្រុស​ម្នាក់ និងក្មេងស្រីម្នាក់ ក្នុងបណ្តាពួកអ្នកទាំងពីរនោះ មកគ្របសំពត់ ឬក្រមា ឱ្យជិត​ខ្លួនតាំង​ពី​ក្បាល ដល់ចុងជើង ដើម្បីកុំឱ្យស្គាល់ជា នរណា ហើយគេឱ្យក្មេងពីរអ្នកនោះ ក្រាបបែរមុខរកគ្នា គឺខាងប្រុសតំណាងមាន់ឈ្មោល ខាងស្រីតំណាងមាន់ញី ។

កាលក្រាបហើយគេឱ្យពួកខាងប្រុសម្នាក់ គោះខ្នងមាន់ខាងស្រីឱ្យរងាវ មាន់ខាងស្រីរងាវថា “កិកកិកែកឺត” ឡើង ដោយខំធ្វើសំឡេងឱ្យប្លែកពីធម្មតា ។ តែបើស្តាប់សូរមិនបានគេអាចគោះ ឱ្យរងាវបានបីដង ពួកខាងប្រុស ចាំស្តាប់សម្លេងសំឡេងមាន់ខាងស្រីនោះ ហើយគេទាយតាមឈ្មោះ មនុស្សស្រីដែលគេស្គាល់ ទាយហើយគេបើកគ្រប ឡើង បើត្រូវ គេយកមាន់មកទុកជារបស់គេ រួចហើយខាងស្រីគោះមាន់ខាងប្រុសឱ្យរងាវម្តង ។​

មាន់ខាង ប្រុសរងាវថា “កិកកិកែកឺត” ដូចគ្នា ។ ពួកខាងស្រីចាំស្តាប់សំឡេងមាន់ខាងប្រុសនោះហើយគេ ទាយតាម​ឈ្មោះមនុស្សប្រុស ដែលគេស្គាល់ បើខាងស្រីទាយត្រូវ ឮខាងប្រុស​គេយកមាន់​ខាងស្រី​ដែល​គេ​យក ទៅនោះម​កសងស្រីវិញ តែបើខាង ប្រុសទាយខុស ខាងប្រុសគេយកមាន់ខាង​ស្រីនោះ​ទៅទៀត ។

ការទាយសំឡេងមាន់ ស្រេចលើខាងណាទាយត្រូវច្រើន គេបានមាន់ច្រើន ខាងណា​ទាយ​ខុសច្រើន ត្រូវបង់ខាតមាន់ច្រើនដែរ ។​​ គេធ្វើរបៀបនេះទាល់តែម្ខាងៗ អស់មាន់ទាំងអស់ ឬ​អស់​​មាន់​ច្រើនជាង គេទុកជាចាញ់ ខាងណាបានមាន់ច្រើន គេទុកជាឈ្នះ ហើយគេរៀបចំ​ជា​ថ្មី​ឡើងវិញ ។ គេចេះតែធ្វើរបៀបនេះ ដរាបដល់ពេល ដែលគេសន្មត់គ្នាថាឈប់ ទើបលែងលេង​។

ល្បែងនេះ ជាល្បែងកម្សាន្ដម៉្យាង សម្រាប់កុមារាកុមារីជំទង់ៗ លេងតាមសប្បាយ ដែល​ជាល្បែង ហាត់បញ្ញា ហាត់គំនិត ឱ្យប៉ិនប្រសប់ខាងស្តាប់ ខាងកាត់ប្រមាណ​តម្រូវតាម​សំឡេងរបស់មនុស្ស ។

*ចំណា៖ អ្នកស្រុកខ្លះគេហៅថា ល្បែងលាក់មាន់៕

សូមចូលអាន-ឈ្វេង​​យល់​​ប្រវត្តិ​​​ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​៖ ទី​ប្រាំពីរ​ ល្បែងប្រជល់មាន់!

សូមចូលអាន-ឈ្វេង​​យល់​​ប្រវត្តិ​​​ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​៖ ទី​ប្រាំមួយ​ ល្បែង​ឱប​ត្រឡាច​ ឬ​បេះ​ឪឡឹក​!

សូមចូលអាន-ឈ្វេង​​យល់​​ប្រវត្តិ​​​ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​៖ ទីប្រាំ​ ល្បែង​លាក់​កន្សែង​!​

Telegram-Troryorng
Share.