មន្រ្តីនគរបាលម្នាក់ដែលបានយកកាំភ្លើងបាញ់ឆ្កែចំនួន៣គ្រាប់ ដោយខឹងឆ្កែដេញខាំ បណ្តាលឲ្យប្រជាពលរដ្ឋនៅក្បែរនោះ ភិតភ័យកាលពីថ្ងៃទី១៦ខែ ឧសភាថ្មីៗនេះ នៅថ្ងៃនេះ មន្ត្រីរូបនោះ ត្រូវបានកោះហៅទៅសួរនាំនៅស្នងការដ្ឋាននគរបានខេត្តកណ្តាលជុំវិញហេតុការណ៍នេះ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា មន្រ្តី នគរបាលដែលបានយកកាំភ្លើងបាញ់ឆ្កែនោះ គឺលោកអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ ៦៥១៤៤ អាយុ៣៥ឆ្នាំ ជាមន្រ្តីនៅការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។មន្ត្រីនគរបាល រូបនោះបានប្រើប្រាស់កាំភ្លើងខ្លី ០១ដើម (ប្រើខ្យល់) ម៉ាក PIETRO BERTTA មានគ្រាប់ជ័រពណ៌សតូចៗ ០៨គ្រាប់ បាញ់អស់០៣គ្រាប់ នៅសល់០៥គ្រាប់។

តាមការបំភ្លឺពីលោកអនុសេនីយ៍ឯក អ៊ុន សំអាតថា៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី លោកបាននាំប្រពន្ធ និងកូនទៅលេងផ្ទះម្តាយបង្កើតនៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ហើយបានជិះម៉ូតូតែម្នាក់ឯងគោល បំណងទៅយកក្មួយ មកញាំនំនៅផ្ទះម្តាយ លុះពេលជិះដល់មុខផ្ទះរបស់ឈ្មោះ ភា ដែលជាកន្លែងលក់ទឹកត្នោតជូរ ស្រាប់តែមានឆ្កែពីរក្បាលរត់មកខាំជើងរបស់ខ្លួនតែមិនមុត លោកក៏ជិះម៉ូតូទៅផុតទៅ។

មួយសន្ទុះក្រោយមកលោកជិះម៉ូតូមកវិញដល់ចំណុចមុខផ្ទះឈ្មោះ ភា ដដែល ស្រាប់តែឆ្កែនោះរត់មកខាំជើងលោកម្តងទៀតតែមិនមុតដោយសារពាក់ស្បែកជើងឃ្លុប។ ពេលនោះលោកបានស្រែកតែម្ចាស់ឆ្កែធ្វើមិនដឹង មិនបានឃាត់ឆ្កែទេ ទើបលោកខឹង បានជិះម៉ូតូទៅយកកាំភ្លើងខ្លីប្រើខ្យល់ បាញ់គ្រាប់ជ័រពណ៌សតូចៗ សៀតនៅចង្កេះជិះម៉ូតូកាត់មុខផ្ទះនោះម្តងទៀត ស្រាប់តែឆ្កែនោះរត់មកខាំទៀត ទើបលោកដកកាំភ្លើងបាញ់សំដៅឆ្កែចំនួនបីគ្រាប់ តែមិនត្រូវទេ។

បើតាមស្នងការរដ្ឋាននគរបាលខេត្តកណ្តាល បច្ចុប្បន្ន លោកអនុសេនីយ៍ឯក អ៊ុន សំអាត កំពុងត្រូវបានសួរនាំ រួមជាមួយកាំភ្លើងខ្លី០១ដើម គ្រាប់ជ័រពណ៌សតូចៗ ០៥គ្រាប់ ត្រូវបានដកហូត នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចពីក្រុមប្រឹក្សាអនុវត្តវិន័យ៕

Share.