ជឿថាហ្វេនអ្នកគាំទ្រតារាចម្រៀងស្រី វ៉ាន់ នីឡា ប្រាកដជាពេញចិត្តស្ដូកជាក់ជាមិនខាន ខណៈតារាស្រីរូបនេះ បានវិលមកជ្រកក្រោមផលិតកម្មចម្រៀងវិញហើយ ដែលមានឈ្មោះថា Davitra Media ។ ហើយនៅពេលថ្មីៗនេះ ដើម្បីជាការបើកទំព័រស្វាមគមន៍តារាស្រី វ៉ាន់ នីឡា មកកាន់វិថីសិល្បៈចម្រៀងម្ដងទៀត ផលិតកម្មមួយនេះបានបញ្ចេញបទថ្មីរបស់កញ្ញាដែលមានចំណងជើងថា «ម៉ែតឹងចឹងល្អ» ជាការបកស្រាយរួមគ្នាដំបូងជាមួយតារាចម្រៀងចាស់វស្សា ហ៊ឹម ស៊ីវន ។

បទចម្រៀងថ្មីមួយនេះ ជាបទចម្រៀងចូលឆ្នាំបែបចង្វាក់រាំវង់រន្ថើន ដើម្បីជាចំណងដៃដល់អ្នកគាំទ្របានរាំលេងកម្សាន្ដនាឱកាសចូលឆ្នាំប្រពៃណីខ្មែរនាពេលមុខនេះ។ តារាចម្រៀងស្រី វ៉ាន់ នីឡា បានអះអាងថា៖ «នាងខ្ញុំពិតជាមានកិត្តយសមែនទែនដែលមានឱកាសបានបកស្រាយចម្រៀងជាមួយកំពូលតារាចំរៀងជើងចាស់របស់ប្រទេសកម្ពុជា អ្នកបង ហ៊ឹម ស៊ីវន»។ កញ្ញាបានបន្តថា ក្រៅពីបទចម្រៀងរួមគ្នានេះហើយ កញ្ញាក៏មានបទកន្ត្រឹមបែបច្រៀងទោលជាច្រើនទៀត ដែលត្រៀមបញ្ចេញនៅក្នុងផលិតកម្មផងដែរ។

យ៉ាងណាមិញ គេបានដឹងថា បទចម្រៀងថ្មីៗរបស់កញ្ញា វ៉ាន់ នីឡា ដែលត្រៀមបញ្ចេញដើម្បីអបអរឱកាសបុណ្យចូលឆ្នាំខ្មែរនេះ គឺក្រោមស្នាដៃនិពន្ធ និងសម្រិតសម្រាំងបទចម្រៀងដោយលោក សុខ ជំនោរ ដែលជាបងប្រុសបង្កើតរបស់កញ្ញា។ បើតាមសម្ដីពិតរបស់អ្នកគាំទ្ររបស់​កញ្ញា វ៉ាន់ នីឡា បានសរសើរនៅក្នុង Comment ថា​ ពួកគេពិតជារំភើបណាស់ ដែលតារាចម្រៀងរូបនេះវិលមកចេញបទចម្រៀងក្នុងផលិតកម្មវិញ បើទោះបីជាខកខានអស់រយៈពេលជាង ៧ឆ្នាំមកនេះ ប៉ុន្ដែពួកគេនៅតែទន្ទឹងចាំជានិច្ច ហើយនៅពេលនេះបានដូចបំណងហើយ។

តោះ! កុំឱ្យខាតពេលយូរ សូមរីករាយស្ដាប់ និងទស្សនាកម្សាន្ដ បទ «ម៉ែតឹងចឹងល្អ» ពីកញ្ញា វ៉ាន់ នីឡា និងលោកស្រី ហ៊ឹម ស៊ីវន តាមរយៈវីដេអូខខាងក្រោមនេះ៖

Telegram-Troryorng
Share.