ប្រធានាធិបតីបារាំង លោក Emmaunel Macron បានអំពាវនាវឲ្យមានការអត់ធ្មត់ទាំងពាក្យសំដី និង សកម្មភាពក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Joe Biden  បានហៅប្រធានាធិបតីរុស្សី Vladimir Putin ថាជា «ឃាតករ» និង បាននិយាយថា លោក ពូទីន មិនគួរបន្ដកាន់អំណាចឡើយ។

លោក Macron បាននិយាយនៅក្នុងបទសម្ភាស៍ជាមួយបុស្តិ៍ទូរទស្សន៍ France3 ថា «ខ្ញុំនឹងមិនប្រើពាក្យប្រភេទនេះទេ ព្រោះខ្ញុំត្រូវបន្ដពិភាក្សាជាមួយលោកប្រធានាធិបតី ពូទីន»។

លោក Macron បន្ដថា គោលដៅធំរបស់យើងគឺ ការបញ្ឈប់បទឈប់បាញ់នៅអ៊ុយក្រែន និងបន្ទាប់មកការដកទ័ពរុស្សីពីអ៊ុយក្រែន លោកយល់ឃើញថា ប្រសិនបើមានការបោះសំដីធ្ងន់ៗ ឬ ការធ្វើសកម្មភាពនានាមិនប្រយ័ត្ន គឺអាចធ្វើឲ្យសង្រ្គាមនៅអ៊ុយក្រែនកាន់តែអាក្រក់ និង មិនអាចដោះស្រាយបាន។

ក្រោយពីលោក Biden បោះពាក្យសំដីធ្ងន់ៗ យ៉ាងណាក៏ដោយ អាជ្ញាធរអាមេរិកបានបដិសេធថា លោក Biden មិនបានអំពាវនាវឲ្យមានការផ្លាស់ប្ដូររបបនៅក្នុងប្រទេសរុស្សីឡើយ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីលោក Biden អំឡុងពេលលោកធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញកាលពីចុងសប្ដាហ៍។

លោកប្រធានាធិបតីនៃប្រទេសបារាំងក៏បានសង្កត់ធ្ងន់ទៀតថា គោលបំណងរបស់យើងគឺដើម្បីទទួលបានបទឈប់បាញ់ និង ការដកទ័ពតាមមធ្យោបាយការទូត។ ប្រសិនបើនេះជាអ្វីដែលយើងចង់ធ្វើ នោះយើងមិនគួរបោះពាក្យសំដី ឬ ការធ្វើសកម្មភាពអ្វីនោះទេ។

កាលពីចុងសប្ដាហ៍កន្លងទៅលោក Macron បាននិយាយថា លោកកំពុងតែស្វែងរកការពិភាក្សាបន្ថែមទៀតជាមួយលោក Putin ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាផ្ដល់គំនិតផ្ដួចផ្ដើមដើម្បីជួយប្រជាជនចេញពីទីក្រុង Mariupol ដែលរងការទម្លាក់គ្រាប់បែក និង ការឡោមព័ទ្ធដោយកងទ័ពរុស្សី។

សូមរំលឹកថា លោក Putin បានបញ្ជូនកងទ័ពរុស្សីចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែ កុម្ភៈ កន្លងទៅ ដោយលោក Putin បានហៅថា «ប្រតិបត្តិការយោធាពិសេស» ដើម្បីគ្មានយោធា និង «បំផ្លាញ» អ៊ុយក្រែន ខណៈដែលឥលូវនេះរុស្សីបានប្រកាសថា ការធ្វើសង្រ្គាមក្នុងដំណាក់កាលទី១នេះ បានទទួលជោគជ័យហើយ។ ដោយអ៊ុយក្រែន និង លោកខាងលិច ធ្លាប់បាននិយាយថា រុស្សីចាប់ផ្ដើមឈ្លានពាន និង បង្កហេតុ ដែលល្មើសនឹងបំរាមនៃច្បាប់អន្តរជាតិ៕

ប្រភព៖ CNA

Telegram-Troryorng
Share.