លោក James Cameron ជាអ្នកដឹកនាំភាពយន្ដល្បី Titanic បានលើកឡើងថា លោកមានបញ្ហាជាមួយតាប៉ិ Harvey Weinstein ដែលជាអតីត Producer ប្រចាំសិល្បៈភាពយន្ដហូលីវូដដែលល្បីរឿងរំលោភបំពានផ្លូវភេទលើតារាស្រីហូលីវូដ រហូតធ្វើឱ្យលោកប៊ិះនឹងយកតុក្កតាមាសជាពានរង្វាន់អូស្ការវាយក្បាលតាប៉ិហ្នឹងទៅហើយ។

លោក James Cameron

រម្លឹកដល់ថ្ងៃប្រកាសពានរង្វាន់អូស្ការលើកទី ៧០ កាលពីឆ្នាំ១៩៩៨ នៅយប់នោះ លោក James Cameron បានលើកពានរង្វាន់ទី១១ រួមទាំងពានរង្វាន់ធំជាងគេបំផុត ពីភាពយន្ដល្បី Titanic ដូចជាពានកំពូលអ្នកដឹកនាំរឿងឆ្នើម ជាដើម។ លោកបានរម្លឹកដល់ហេតុការណ៍នៅយប់នេះថា ៖ «ខ្ញុំចាំយ៉ាងច្បាស់នៅយប់នោះ! ចំពេលសម្រាកពេលផ្សាយពាណិជ្ជកម្ម នៅពេលនោះខ្ញុំបានទទួលពានរង្វាន់នៅលើវេទិកា ហើយក៏រៀបនឹងចុះមកអង្គុយនៅបរិវេណខាងក្រោម ។ តន្រ្តីកំពុងតែប្រគំនៅឡើយទេ ។ នៅពេលនេះ ខ្ញុំបានជួបជាមួយតាប៉ិ Harvey Weinstein ហើយពួកយើងក៏បានប៉ះសម្ដីគ្នា។ ខ្ញុំចាំបានថា នៅពេលនោះ ខ្ញុំប៊ិះមែនទែន ប៊ិះនឹងយកពានរង្វាន់អូស្ការនៅក្នុងដៃ វាយចំកណ្ដាលក្បាលតាប៉ិហ្នឹងហើយ។ ខ្លួនគេក៏មិនព្រមស្ងាត់ ព្យាយាមចូលមកតតាំងជាមួយខ្ញុំដូចគ្នា។ មនុស្សម្ដុំៗហ្នឹង បានត្រឹមតែព្យាយាមឃាត់ខ្ញុំតែប៉ុណ្ណោះ នឹងស្រែកដាក់យើងទាំងពីរនាក់ថា ហ៊ើយ! មិនមែនពេលត្រូវវ៉ៃគ្នានៅពេលនេះទេ ទៅវ៉ៃគ្នាកន្លែងផ្សេងទៅ! ។ មានអីនៅពេលនេះខ្ញុំប៊ិះនឹងក្របួចកតាប៉ិនហ្នឹងទៅកន្លែងចំណតឡានហើយ តែសំណាងល្អ កាមេរ៉ាបានវិលចូលមកកម្មវិធីវិញ ហើយចាប់យកមុខពិធីករ ទើបពួកយើងក៏ពន្លែងដៃគ្នាវិញ មិនឱ្យកើតបញ្ហាឡើង»។

យ៉ាងណាមិញ បើសួរថា រឿងរ៉ាវកើតឡើងដោយរបៀបណា បានធ្វើឱ្យប៉ះសម្ដីគ្នាបែបនេះ ខាងភាគី James Cameron ក៏បានបន្ថែមថា ៖ «រឿងរ៉ាវវាវែងឆ្ងាយ ខ្ញុំត្រូវចាំបាច់ត្រូវតែធ្វើបែបនោះ ព្រោះខ្ញុំត្រូវការពារកិត្តិយសរបស់លោក Guillermo Del Toro»។

វិលទៅឆ្នាំ ១៩៩៧ លោក Guillermo del Toro គឺជាអ្នកដឹកនាំដ៏ល្បីល្បាញដូចជារឿងវិទ្យាសាស្ត្របែបរន្ធត់ព្រលឹង “Mimic“។ នៅក្នុងអំឡុងពេលថតភាពយន្ដនោះ លោក និងតាប៉ិ Harvey Weinstein មានការខ្វែងគំនិតគ្នាជាច្រើន រហូតដល់សម្ព័ន្ធមិត្តរបស់ពួកគេបានរហែកដូចក្រដាសផុយ។ តើអ្នកជឿទេថា តាប៉ិ Harvey Weinstein បានឆ្លាក់របួសចិត្តឱ្យ Guillermo យ៉ាងធំ រហូតដល់មានពេលខ្លះ ភាពអាម៉ាសរបស់ Guillermo បានធ្វើឱ្យលោកគិតដើរចេញពីសិល្បៈភាពយន្តរបស់ហូលីវូដទៀតផង។

យ៉ាងណាក្ដី តារាស្រី Mira Sorvino បានរម្លឹកហេតុការណ៍ឈ្លោះគ្នារវាងអ្នកទាំងពីរនៅក្នុងរឿង “Mimic” ថា៖ « នៅពេលតាប៉ិ Harvey Weinstein បានមើលវីដេអូសាកល្បងដំបូងនៃរឿង “Mimic” ដែលដឹកនាំដោយលោក Guillermo ។ គេក៏បានវិភាគយ៉ាងបែកម៉ាំ និងបាននិយាយថា ថូនរបស់រឿង និងសាច់រឿងនៅមិនទាន់គ្រប់គ្រាន់ ឱ្យភ័យរន្ធត់សោះ។ តាប៉ិហ្នឹងណែនាំឱ្យលោក Guillermo ធ្វើតាមអំពើចិត្តគាត់។ លុះចុងក្រោយមិនត្រូវតាមចិត្ត តាប៉ិហ្នឹងក៏បណ្ដេញលោក Guillermo ចេញពីគម្រោងភាពយន្ដដំបូងនោះទៅ»។

ទោះជាយ៉ាងណាក្ដី លោក Guillermo del Toro បានលើកឡើងថា ៖ «តាប៉ិ Harvey Weinstein ធ្លាប់បាននិយាយមកកាន់ខ្ញុំថា អ្នកឯងមិនអាចធ្វើភាពយន្តបានទេ យប់នេះអ្នកឯងទៅផ្ទះវិញទៅ។ ខ្ញុំតែងតែគិតជាប់ជានិច្ចថា រឿងអាក្រក់ដែលកើតឡើងចំពោះខ្ញុំមាន២រឿងកាលពី២០ឆ្នាំមុនគឺ ១-ខ្ញុំត្រូវបណ្ដេញចេញ ២-បញ្ហាខ្ញុំធ្វើការជាមួយបងប្អូនតាប៉ិ Harvey Weinstein។ នៅពេលនោះ គឺខ្ញុំបានបាត់បង់តួនាទីជាអ្នកដឹកនាំរឿងហើយ ខ្ញុំគិតថានោះជាជតាកម្មរបស់ខ្ញុំ។ តាំងពីពេលនោះមក ខ្ញុំមិនអាចរើសតួសម្ដែងដោយខ្លួនឯងបាន និងធ្វើសាច់រឿងដោយខ្លួនឯងបាន»។

តាប៉ិ Harvey Weinstein

គួរដឹងថា បច្ចុប្បន្ននេះ តាប៉ិ Harvey Weinstein ត្រូវតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារ ២៣ឆ្នាំ ដោយចោទប្រកាន់ពីបទរំលោភផ្លូវភេទលើតារាស្រីហូលីវដ ហើយលោក James Cameron ក៏កំពុងតែចូលខ្លួនដឹកនាំរឿងល្បី Avatar ភាគទី២ ហើយលោក Guillermo del Toro ក៏ទើបបានបញ្ចេញស្នាដៃថ្មីរឿង Nightmare Alley។ ខាងលើនេះជារឿងរ៉ាវដែលធ្វើឱ្យបណ្ដាអ្នកដឹកនាំរឿងល្បី ខឹងស្អប់តាប៉ិ Harvey Weinstein ៕

Telegram-Troryorng
Share.