ប្រទេសកម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសដែលបានគ្រប់គ្រងជំងឺកូវីដ១៩បានល្អ ហើយក៏ជាប្រទេសមានសុវត្ថិភាពបំផុត ដែលភ្ញៀវទេសចរមកកម្សាន្ត ក្នុងប្រទេសកម្ពុជា។ កាន់តែធ្វើឲ្យប្រទេសនេះ ស្រូបបានអ្នកទេសចរមកទស្សនា កាន់តែច្រើនថែមទៀត មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្ដុះបណ្ដាលធនធានមនុស្សលើផ្នែកបដិសណ្ឋារកិច្ច ដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរ ដើម្បីឲ្យកាន់តែយល់ច្បាស់ពីការបដិសណ្ឋារកិច្ច ដើម្បីជាផ្នែកមួយលើកកម្ពស់គុណភាពសេវាកម្ម និងសុវត្ថិភាពទេសចរ ក្នុងខេត្តព្រះសីហនុ។ 

នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានលើកឡើងបន្ថែមទៀតថា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានាដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាមាសបៃតង ដូចនេះដើម្បីជំរុញឱ្យវិស័យទេសចរណ៍នៅខេត្តព្រះសីហនុមានការកើនឡើងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីជាបន្តបន្ទាប់ ដោយមានកិច្ចសហការពីមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងការជំរុញទៅដល់បុគ្គលិកបានចូលរៀនបន្ថែមស្ដីពីបដិសណ្ឋារកិច្ច និងការផ្ដល់សេវាកម្មគេហកិច្ច ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈដល់បុគ្គលិកបម្រើការក្នុងផ្នែកបដិសណ្ឋារកិច្ចគេហកិច្ចសំដៅឲ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់មានជំនាញជាក់លាក់មានសិល្បៈ និងមានទេពកោសល្យខ្ពស់ក្នុងការផ្ដល់សេវាកម្មក្នុងវិស័យទេសចរណ៍ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

គួរកត់សម្គាល់ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលខាងលើមានរយៈពេលបីថ្ងៃ គឺមានសិក្ខាកាមចូលរួមចំនួន ៤៣ នាក់ស្រី ២៨ នាក់មកពីមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន២០ ទីតាំងរួមមានសណ្ឋាគារផ្ទះ រីស្សតនៅក្នុងក្រុងព្រះសីហនុ ទាំងអស់នេះ គឺជាការចូលរួមលើកកម្ពស់គុណភាពសេវាកម្ម និងសុវត្ថិភាពទេសចរណ៍នៅខេត្តព្រះសីហនុ។  សិក្ខាកាមទាំងអស់បានចុះអនុវត្តផ្ទាល់នៅតាមសណ្ឋាគារ វិនីណា ប៊ូទិក ដើម្បីឱ្យពួកគេយល់ដឹងវនិងអនុវត្តផ្ទាល់បន្ទាប់ពីបញ្ចប់វគ្គនេះទៅវគឺមានបទពិសោធន៍បន្ថែមវដែលពួកគេធ្លាប់អនុវត្តរាល់ថ្ងៃកន្លងមកនឹងទទួលបានលទ្ធផលកាន់តែខ្ពស់ក្នុងការបដិសណ្ឋារកិច្ច៕ 

Share.