ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​មាន​រយៈពេល​បី​ថ្ងៃ​ដែល​ថ្ងៃ​ទី​មួយ​មាន​ឈ្មោះ​ថា មហាសង្រ្កាន ថ្ងៃ​ទី​ពីរ​មាន​ឈ្មោះ​ថា​ វារៈ​វ័នបត​ និង​ថ្ងៃ​ទី​បី ដែល​ជា​ថ្ងៃ​ចុង​ក្រោយ មាន​ឈ្មោះ​ថា វារៈ​ឡើងស័ក។ ដោយសារ​ពិធី​បុណ្យ​ចូល​ឆ្នាំ ជា​ពិធី​បុណ្យ​មួយ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នោះហើយមហាជនគ្រប់រូបតែងតែត្រៀមរៀបចំ​ពិធី​បុណ្យ​តាម​បែប​សាសនា​ព្រះពុទ្ធ និង​សកម្មភាព​កម្សាន្ត​ផេ្សងៗ ត្រូវ​បាន​ធ្វើ​ឡើង​ទាំង​នៅ​តាម​ទីវត្ត​អារាម ក្នុង​ក្រុម​គ្រួសារ​ ទី​សាធារណៈ និង​កន្លែង​កម្សាន្ត​ផ្សេងៗ ដទៃ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

យ៉ាងណាមិញ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសកម្ពុជា បានផ្អាកសកម្មភាពនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ឬកម្មវិធីកម្សាន្ដសង្ក្រាន្ដតាមតំបន់ តាមខេត្ត នានា ឱ្យនៅត្រឹមតែចូលឆ្នាំក្នុងផ្ទះតែប៉ុណ្ណោះ។ ការខកខាន២ឆ្នាំកន្លងមកនេះ គេជឿថា មហាជនគ្រប់គ្នាច្បាស់ជារលឹកដល់កន្លែងធ្វើកម្មវិធីសង្ក្រាន្ដសប្បាយ និងជាពិសេសគឺការលេងល្បែងប្រជាប្រិយខ្មែរ។ យ៉ាងណាក្ដី ថ្ងៃសារព័ត៌មានត្រយងទទួលបានដំណឹងមកថា​ នៅលើទឹកដីកំពង់ត្រឡាច នឹងមានរៀបចំកម្មវិធីសង្ក្រាន្ដឆ្នាំថ្មី២០២២នេះ។

តាមការប្រកាសរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបរាប់ថា ៖ «ដើម្បីស្វាគមន៍ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ត្រីស័ក ពុទ្ធសករាជ ២៥៦៦ និងដើម្បីលើកស្ទួយ អភិរក្ស និងថែរក្សាវិស័យវប្បធម៌ និងប្រពៃណីជាតិ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យធម្មការ និងសាសនា និងអាជ្ញាធរមូលដ្ឋានស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ត្រឡាចរយៈពេលចំនួន ២ ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។

សូមចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិខ្មែរទាំងអស់គ្នា!
ជួបគ្នាឆាប់ៗនេះ!!!»៕

Telegram-Troryorng
Share.