ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក FIFA World Cup 2022 Qatar បាន​រក​ឃើញ​ក្រុម​​តំណាង​​ទ្វីប​អាស៊ី ៤ក្រុម​រួចរាល់​ហើយ ដោយ​ក្នុង​នោះ​មាន​កូរ៉េខាងត្បូង, អ៉ីរ៉ង់, ជប៉ុន និង​អារ៉ាប់ប៊ីសាអូឌីត ខណៈ​កន្លះ​កៅអី​ទៀត​គឺ​ត្រូវ​ប្រកួត​ជម្រុះ​រវាង​​អូស្រ្តាលី ជាមួយ​អារ៉ាប់រួម ក្រោយ​បញ្ចប់​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីប​ជុំទី៣។

សម្រាប់​ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង និង​ អ៊ីរ៉ង់ បានកក់សំបុត្រយន្តហោះទៅលេងពានរង្វាន់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតារ ក្រោយឆ្លងកាត់ ១០ប្រកួត ចាញ់តែ១លើកដូចគ្នាប៉ុណ្ណោះ នៅក្នុងវគ្គជម្រុះពូល A ប្រចាំ​ទ្វីប​អាស៊ី។ដោយ​ឡែក​ពូល B គឺក្រុមជម្រើសជាតិ ជប៉ុន និង​ អារ៉ាប៊ីសាអូឌីត ក៏ទទួលបានកៅអីទៅលេងពានរង្វាន់ពិភពលោកនេះផងដែរ។

ចំពោះកូតាកៅអី World Cup ប្រចាំទ្វីប​អាស៊ីគឺមានចំនួន ៤.៥ កៅអី ហើយបច្ចុប្បន្ននៅសល់តែកន្លះប៉ុណ្ណោះដែលក្រុម អូស្ត្រាលី និង អារ៉ាប់រួម ត្រូវប្រកួតដណ្តើមគ្នានៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។

ប្រសិនបើនរណាឈ្នះរវាង អូស្ត្រាលី និង អារ៉ាប់រួម នឹងត្រូវបន្តជួប ប៉េរ៊ូ ក្រុមកន្លះកៅអីមកពីទ្វីប​អាមេរិក​ខាងត្បូង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ដើម្បីយក១ក្រុមប៉ុណ្ណោះទៅលេង World Cup 2022 នៅប្រទេសកាតារ៕

Telegram-Troryorng

Share.