រឿងរ៉ាវបង្កកទ្រព្យសម្បត្តិប្រពន្ធចុង ឧកញ៉ា ឌួង ងៀប កំពុងក្លាយជាប្រធានបទក្ដៅ នៅក្នុងសប្ដាហ៍នេះ ក្រោយពីសារព័ត៌មានក្នុងស្រុកបានចុះផ្សាយ ដោយស្រង់ពីដីកាសម្រេចរក្សាការងាររបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ២០២០ ដែលបានសម្រេចផ្អាកជាបណ្ដោះអាសន្ន នៅទ្រព្យសម្បត្តិជាង៤លានដុល្លារ ពីប្រពន្ធចុងរបស់ ឧកញ៉ា ឌួង ងៀប។  តើមានមូលហេតុអ្វីខ្លះ ដែលនាំឲ្យមានការបង្កកទ្រព្យសម្បត្តិ មានទាំងលុយ ឡាន ភូមិគ្រឹះ សរុបជាទឹកប្រាក់ជាង ៤លានដុល្លារ? ដោយសារតែមានចម្ងល់ដូចខាងលើ ដែលប្រិយមិត្តបានផ្ញើសារមកកាន់សារព័ត៌មានត្រយង ថ្ងៃនេះ សារព័ត៌មានត្រយង នឹងស្រាយចម្ងល់នេះ ដោយផ្អែកលើ កត្តា៦យ៉ាងដូចខាងក្រោម៖ 

  • ទី១. បណ្ដឹងពីប្រពន្ធដើម៖ អាជ្ញាធរឈានទៅអនុវត្ត បង្កកទ្រព្យសម្បត្តិប្រពន្ធចុងរបស់ឧកញ៉ា ឌួង ងៀប តាមសេចក្ដីសម្រេចរបស់តុលាការ គឺធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងពីប្រពន្ធដើមរបស់ លោកឧកញ៉ា ឌួង ងៀប គឺលោកជំទាវ ខុង លីស៊ីណា​ ស្នើសុំទៅតុលាការ។  
  • ទី២. លោកជំទាវ ខុង លីស៊ីណា និងឧកញ៉ា ឌួង ងៀប មិនទាន់លែងលះដាច់ស្រាច់៖ អ្វីទៅជាការលែងលះ? ការលែងលះ គឺសំដៅទៅលើការផ្ដាច់ ឬការរំលាយចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ រវាងប្តី និងប្រពន្ធ ដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាន។ ប៉ុន្ដែ លោកជំទាវ ខុង លីស៊ីណា ដែលជាភរិយាដើម លោកឧកញ៉ា ឌួង ងៀប នៅមិនទាន់បានលែងលះគ្នាដាច់ស្រាច់នៅឡើយ ម៉្លោះហើយសិទ្ធិ និងកាតព្វកិច្ចផ្សេងៗ លោកជំទាវ លីស៊ីណា មានសិទ្ធិគ្រប់គ្រងលើទ្រព្យសម្បត្តិរួមប្ដីប្រពន្ធ​ រួមទាំងសិទ្ធិជាប្ដី ប្រពន្ធស្របច្បាប់នៅឡើយថែមទៀត។  
  • ទី៣. មិនមែនជាទ្រព្យសម្បត្តិរបស់ប្រពន្ធចុង ឈ្មោះ​ ប្រាក់​ ស៊ីណា៖ បើផ្អែកតាមការបញ្ជាក់ពីភាគីប្រពន្ធដើម វីឡា២ ឡាន និងទ្រព្យសម្បត្តិមួយចំនួន គឺមិនមែនជាទ្រព្យសម្បត្តិ របស់​ ប្រាក់​ ស៊ីណា​ នោះទេ គឺជាទ្រព្យសម្បត្តិរបស់លោកឧកញ៉ា ឌួង ងៀប​ ពាក់ព័ន្ធនឹងប្រពន្ធដើម។ 
  • ទី៤. មិនមែនជាទ្រព្យដោយឡែក៖​ អាចមកពីតុលាការរកឃើញថា​ ទ្រព្យទាំងនេះពុំមែនជាទ្រព្យដោយឡែករបស់លោកឧកញ៉ា​ ដែលមានមុនចំណងអាពាហ៍ពិពាហ៍​ ឬទទួលជាអំណោយផ្ដាច់មុខណាមួយតែឯង។ បើជាទ្រព្យដោយឡែក​ ជាសិទ្ធិផ្ដាច់មុខរបស់លោកឧកញ៉ាក្នុងការចាត់ចែង។ 
  • ទី៥. ទ្រព្យសម្បត្តិរួម រវាងលោកឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីណា៖ ការបង្កកទ្រព្យសម្បត្តិនេះ អាចតុលាការរកឃើញឬមានការយល់ឃើញថា ទ្រព្យសម្បត្តិ ដែលប្រពន្ធចុង លោកស្រី ប្រាក់ ស៊ីណា កំពុងកាន់កាប់ ឬកំពុងរស់នៅក្នុងវីឡានោះ គឺជាទ្រព្យសម្បត្តិរួម រវាងលោកជំទាវ ខុង លីស៊ីណា ជាប្រពន្ធដើម និងលោកឧកញ៉ា ដែលបានខិតខំរកស៊ីរួមគ្នានាពេលកន្លងមក ខណៈអ្នកទាំងពីរ នៅមិនទាន់បានលែងលះគ្នាដាច់ស្រាច់ និងបែងចែកទ្រព្យសម្បត្តិគ្នាតាមអនុភាព នៃសេចក្ដីសម្រេចណាមួយរបស់តុលាការនៅឡើយ។
  • ទី៦. តុលាការបារម្ភការចាត់ចែងទ្រព្យ៖​ ការសម្រេចតុលាការខាងលើនេះ គឺជាការបង្កកមិនឲ្យសហកូនបំណុលធ្វើការលក់ ជួល បញ្ចាំ ដាក់ធានា ដាក់ហ៊ឺប៉ូតែក ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ឈូសឆាយ សាងសង់សំណង់ផ្សេងៗ និង ការទាំងឡាយនៅលើដីមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលបារម្ភថា នឹងធ្វើឲ្យប៉ះពាល់ដល់ទ្រព្យដើម តាមការប្ដឹងទាមទារ ពីភរិយាដើម ដែលជាដើមបណ្ដឹង។

ការលើកឡើងខាងលើនេះ គ្រាន់តែជាទស្សនទានមួយរបស់សារព័ត៌មានត្រយង ប៉ុន្ដែចំពោះហេតុផលយ៉ាងណាទៀតនោះ សារព័ត៌មានត្រយង នៅតែស្វាគមន៍រាល់មតិយោបល់របស់សាធារណជន ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីធ្វើការឆ្លើយតប ឬពន្យល់បន្ថែម ហើយសារព័ត៌មានត្រយង នឹងកែសម្រួល ប្រសិនបើមានចន្លោះខ្វះខាត។ 

សូមបញ្ជាក់ថា លោកជំទាវ ខុង លីស៊ីណា នឹងឡើងតុលាការនៅថ្ងៃទី១៩ ខែឧសភា ស្អែកនេះ តបតាមបណ្ដឹង នៃការដាក់ពាក្យប្ដឹងលែងលះ ពីភាគីប្ដី គឺលោកឧកញ៉ា ឌួង ងៀប ។ ចំពោះលទ្ធផលយ៉ាងណា គឺនៅមិនទាន់ដឹងនៅឡើយ រឿងរ៉ាវដែលកំពុងកក្រើកលើបណ្ដាញសង្គមមួយនេះ គឺមហាជនកំពុងរង់ចាំអ៊ុតលទ្ធផលទាំងអស់គ្នា នៅថ្ងៃស្អែក ក្រោយពីភាគីទាំងពីរឡើងតុលាការស្អែកនេះ៕

Share.