គេជឿថា គ្រានតែលឺពាក្យ «បំណុល» គ្មាននរណាម្នាក់ចង់ជាប់ជំពាក់ឡើយ ហើយថាពាក្យនេះគឺជាពាក្យមួយដែលមនុស្សគ្រប់គ្នាគ្មាននរណាម្នាក់ចង់ លឺពាក្យនេះទេ បើទោះជាពាក្យនេះវាកំពុងតែលងមនុស្សច្រើននាក់ណាស់នាពេលបច្ចុប្បន្ន​និងកាន់តែច្រើន​នាពេល​អនាគត។

តែយ៉ាងណាមិញ មានតារាស្រីម្នាក់បានដកស្រង់សាច់រឿងពិតពីតថភាពសង្គមនិយាយពីអារម្មណ៍អ្នកជំពាក់បំណុលធនាគារ មករំលេចចេញជាបទចម្រៀងមួយបទ ដែលជាបកស្រាយដោយអ្នកនាង សុន ស្រីណុន។ តើតារាចម្រៀងស្រី សុន ស្រីណុន ជាអ្នកណា? ហើយបទនោះមានចំណងជើងអ្វី?

តារាចម្រៀងស្រី សុន ស្រីណុន ត្រូវបានមហាជនស្គាល់ថា ជាម្ចាស់បទល្បី «សុំទឹកមួយផ្តិល» ដែលមានអ្នកចូលទស្សនានៅក្នុងយូធូបដល់ទៅរាប់លានដង។ ក្រៅពីបទមួយនេះ កញ្ញាក៏មានប្រជាប្រិយភាពតាមរយៈបទ «ស្រណោះសត្វត្រយង» ដែលជាបទបែបប្រពៃណីភ្លេងការ។ មហាជនអ្នកគាំទ្របានចាប់អារម្មណ៍លើទឹកដមសំឡេងរបស់កញ្ញាដំបូង តាំងពីបង្ហាញខ្លួននៅក្នុងកម្មវិធីប្រលងលំដាប់ពិភពលោកគឺ Cambodian Idaol ឆ្នាំ២០១៥ ដែលជាបេក្ខភាពមកពីខេត្តកំពង់ស្ពឺ។ ប៉ុន្ដែអ្នកនាងពុំមានភព្វបានជាប់ចំណាត់ថ្នាក់កំពូល ឬបានក្លាយជាតារាចម្រៀងល្បីតាំងពីពេលនោះមកទេ។ ដោយសារតែស្រឡាញ់សិល្បៈចម្រៀង ទើបបានកញ្ញា ស្រីណុន ព្យាយាមប្រកួតកម្មវិធីប្រឡងចម្រៀងដល់ទៅ២លើក។ បច្ចុប្បន្ននេះ សុន ស្រីណុន បានវិវឌ្ឍន៍ខ្លួនជាតារាចម្រៀងស្រីល្បីឈ្មោះមួយរូប និងមានឱកាសកាន់តែច្រើនក្នុងវិស័យសិល្បៈទាំងច្រៀងនៅលើឆាកតន្រ្ដីតាមខេត្ដ និងចូលរួមកម្មវិធីធំៗថ្នាក់ជាតិផងដែរ។

បន្ទាប់ពីល្បីបទ «សុំទឹកមួយផ្តិល» នៅពេលថ្មីៗនេះអ្នកនាង សុន ស្រីណុន បានបញ្ចេញបទកន្ដ្រឹមថ្មីមួយបទទៀត ដែលមានការគាំទ្រខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ គឺមានចំណងជើងថា «ធ្មេចបើកធ្មើចបើក»។ បទថ្មីនេះដែរ មិនត្រឹមតែកំដរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រឱ្យកន្ទ្រាក់អារម្មណ៍ចង់រាំកម្សាន្តនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនោះទេ ក៏ប៉ុន្ដែបទនេះកំពុងតែចាក់ដោតអារម្មណ៍របស់មហាជនមួយចំនួនដែលកំពុងតែជាប់ផុងជាមួយបំណុលធនាគារ។ តើបទថ្មីនេះមានអត្ថន័យយ៉ាងដូចម្ដេច?

បទ«ធ្មេចបើកធ្មេចបើក»បកស្រាយដោយ ស្រីណុន បានរៀបរាប់សាច់រឿងពីអារម្មណ៍មួយថា រាល់ថ្ងៃនេះ ម្នាក់ៗគឺប្រឹងធ្វើការ ចូលតាំងពីព្រលឹម ចេញពេលព្រលប់ ប៉ុន្ដែពីមួយខែទៅមួយខែគឺគ្មានសល់អ្វីនោះឡើយ គឺមានតែរកបានយកមកសងបំណុលធនាគារតែប៉ុណ្ណោះ។ អ្នកនាងបន្ដច្រៀងរៀបរាប់ទៀតថា ក្រៅពីចាយមិនគ្រប់ហើយនោះ ក៏មានទៅខ្ចីបំណុលពីមិត្តភ័ក្ដបន្ថែមទៀត។ រហូតដល់ពេលខ្លះមានដំណើរកម្សាន្ដ គិតតែពីសប្បាយធ្វើឫកពារហំហាន តែទីបំផុតចុងក្រោយនៅតែសងគេមិនគ្រប់។

តោះកុំឱ្យខាតពេលយូរ ចង់ដឹងថា បទ«ធ្មេចបើកធ្មេចបើក»បកស្រាយដោយ ស្រីណុន ត្រូវសាច់រឿងយ៉ាងណាខ្លះនោះ សូមរីករាយស្ដាប់និងទស្សនាវីដេអូខាងក្រោមនេះ៖

Telegram-Troryorng
Share.