នៅពេលថ្មីៗនេះសារព័ត៌មានត្រយងបានទទួលដំណឹងថា តារាសម្ដែងស្រីដែលមានទេពកោសល្យខាងក្បាច់គុនល្បុក្កតោ កញ្ញា សំ ថារ័ត្ន បានចូលរួមសម្តែងនៅក្នុងភាពយន្ដហូលីវូដ ។ ភាពយន្ដដែលតារាស្រីរូបនេះបានចូលរួមសម្ដែងមានចំណងជើងថា « SHOTGUN WEDDING» ថែមទាំងបានជួបនិយាយគ្នាផ្ទាល់ជាមួយតារាសម្តែង Jennifer Lopez ថែមទៀតផង ។

យោងតាមហ្វេសប៊ុករបស់តារាស្រីរូបនេះដែលមានឈ្មោះថា Tharoth Sam Oum បានបង្ហោះឱ្យអ្នកគាំទ្របានដឹងថា «ខ្ញុំពិតជារំភើប ដែលមានវត្តមាននៅក្នុងភាពយន្តនេះ និងជាឱកាសដែលខ្ញុំបានបង្ហាញពីសមត្ថភាពខ្មែរ សិល្បៈ ក្បាច់ខ្មែរ អត្តចរិក សិលធម៌ វប្បធម៌ និងសិល្បៈនៃការចែករំលែកដែលខ្ញុំមានទៅកាន់ពិភពលោក»។ យ៉ាងណាមិញ ខ្សែភាពយន្ត SHOTGUN WEDDING ដឹកនាំសម្តែងដោយ លោក Jason Moore ហើយបានដំណើរការថតនៅឆ្នាំ២០២១ និងកំពុងដំណើរការថតបញ្ចប់ ដែលចូលរួមសម្តែងដោយតារាល្បីៗដូចជា Jennifer Lopez និង Josh Duhamel ជាដើម។

ដោយឡែកតារាសម្ដែង សំ ថារ័ត្ន ធ្លាប់បានបង្ហាញវត្តមានក្នុងភាពយន្ដលំដាប់អន្ដរជាតិ និងល្បីៗដូចជា ភាពយន្ដ Jailbreak និងភាពយន្ដដែលដឹកនាំសម្ដែងដោយអ្នកនាង Angelina Jolie គឺរឿង First They Kill My Father ជាដើម។ ចុងក្រោយនេះ ចង់ដឹងថាការសម្តែងរបស់តារាស្រីរូបនេះក្នុងវិស័យភាពយន្ដ Hollywood ល្អដល់កម្រិតណានោះ មានតែរងចាំតាមដានទាំងអស់គ្នា៕

Telegram-Troryorng
Share.