ស្របពេលដែលតម្រូវការចាក់វ៉ាក់សំាងនៅក្នុងស្រុកកំពុងកើនឡើង ហើយពលរដ្ឋថៃដែលមានលទ្ធផលពុំចង់ចាំនោះ ក្រុមហ៊ុនទេសចរណ៍មួយចំនួននៅប្រទេសថៃបាននិងកំពុងរៀបចំកញ្ចប់ទេសចរណ៍ថ្មីមួយហៅថា វ៉ាក់សាំងទេសចរណ៍(vaccine tourism)។

សារព័ត៌មានCNAបានរាយការណ៍ថា ពលរដ្ឋថៃមួយចំនួនដែលមិនចង់រង់ចាំចាក់វ៉ាក់សាំង COVID-19 ពីរដ្ឋាភិបាលនោះ បានសម្រេចចិត្ត ចំណាយ ប្រាក់រាប់ពាន់ដុល្លារធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសដើម្បីបានចាក់វ៉ាក់សាំងដែលជាទូទៅគេហៅ «វ៉ាក់សាំងទេសចរណ៍»។

នាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ Unithai Trip របស់ថៃបានបញ្ជាក់ថា៖ «ពលរដ្ឋដែលជ្រើសយកជម្រើសនេះ គឺដោយសារតែពួកគេមិនចង់រង់ចាំយូរតទៅទៀតដើម្បីបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋថៃម្នាក់ត្រូវចំណាយប្រាក់យ៉ាងហោច ២,៣០០ដុល្លារក្នុងម្នាក់ សម្រាប់កញ្ចប់ដំណើរកម្សាន្តទេសចរណ៍ រយៈពេល ១០ថ្ងៃ ទៅកាន់ទីក្រុង Los Angeles, San Francisco និងទីក្រុង Las Vegas របស់សហរដ្ឋអាមេរិកជាទីដែលពួកគេអាចទទួលបានការចាក់វ៉ាក់សាំង COVID-19 ចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ដោយឥតគិតថ្លៃ។

យ៉ាងណាក៏ដោយក្នុងចំណោមពលរដ្ឋដែលចុះឈ្មោះនោះ ភាគច្រើនមិនទាន់មានទិដ្ឋាការ របស់អាមេរិក។

គិតចាប់តាំងពីខែមកុម្ភៈដើមឆ្នាំ២០២១នេះមក មានពលរដ្ឋថៃប្រមាណជាង២លាន៣សែននាក់ប៉ុណ្ណោះបានទទួលវ៉ាក់សាំងកូវីដ១៩៕

Share.