ក្រោយផ្ទុះដំណឹងគ្រូតឿឆីអាចម៍គោត្រូវសមត្ថកិច្ចចាប់វាស់កម្ពស់ និងមានការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងលើបណ្ដាញសង្គមនិងបណ្ដាញសារព័ត៌មាននានា ស្រាប់តែតារាចម្រៀង យឿន ពិសី អតីតម្ចាស់ពាន Cambodia’s Got Talent របស់ទូរទស្សន៍ហង្សមាស ហាក់មិនអស់ចិត្តហើយបានចេញមកអំពាវនាវចំពោះករណីនេះដូចខាងក្រោម។
សូមចុចអាន – សមត្ថកិច្ច នាំខ្លួនគ្រូតឿ សួរនាំក្រោយធ្វើវីដេអូ យកអាចម៍គោធ្វើជាអាហារ
នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២២នេះ សមត្ថកិច្ច នគរបាលខេត្តកណ្ដាល ក្រោមការដឹកនាំ បញ្ជារបស់ លោកឧត្ដមសេនីយ៍ ទោ ឈឿន សុចិត្រ ស្នងការខេត្ត បានហៅគ្រូតឿមកប៉ុស្តិ៍រដ្ឋបាលឃុំវិហារសួគ៌។ ដំណឹងដ៏រសើបនិងផ្ទុះបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជននេះ ក៏មានការចាប់អារម្មណ៍និងផ្ដោតការយកចិត្តទុកដាក់តាមដានពីតារាចម្រៀង យឿន ពិសី អតីតម្ចាស់ពានរបស់ទូរទស្សន៍ហង្សមាស ដោយបុរសកូនមួយរូបនេះបានបញ្ចេញទស្សនៈផ្ទាល់ខ្លួន បង្ហាញពីអារម្មណ៍មិនសប្បាយចិត្តចំពោះបុគ្គលមួយចំនួនដែលប្រើប្រាស់រូបភាពផ្សេងៗដែលប្រាសចាកក្រមសីលធម៌ ដើម្បីតែទាក់ទាញប្រជាប្រិយភាពចង់បាន View, Like ច្រើន ដោយមិនបានគិតទៅដល់ផលប៉ះពាល់នានាដែលអាចនឹងកើតមានឡើងនាពេលអនាគត។
យោងតាមរយៈសំនេរនោះ យឿន ពិសីបានអំពាវនាវក៏ដូចជាសំណូមពរយ៉ាងទទូចទៅដល់មន្ត្រីមានសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌទាំងអស់ឱ្យពិនិត្យមើលចំពោះក្រុមសម្ដែងទាំងអស់ កុំចាប់ព្រមានតែបុគ្គលតែម្នាក់នោះអី។
យឿន ពិសីបង្ហោះសារលើផេកហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា យឿន ពិសី មាន (Blue Tick) ថា៖ «សូមគោរពបងៗមន្ត្រីប៉ូលីសនិងបងៗមន្ត្រីខាងផ្នែកព្រហ្មទណ្ឌទាំងអស់នៅទូទាំងប្រទេសកម្ពុជានៅព្រឹកនេះ ខ្ញុំបានឃើញហើយនូវព័ត៌មានមួយនេះដូចនេះហើយទើបខ្ញុំសូមសំណូមពរដល់បងៗមន្ត្រីប៉ូលីសព្រមទាំងមន្ត្រីផ្នែកព្រហ្មទណ្ឌទាំងអស់សូមបងមេត្តាបោសសំអាតសរុបតែម្ដងទភ ព្រោះនៅក្នុងប្រទេសយើងមានច្រើនខ្លាំងណាស់បង ប្អូនចង់ឱ្យបងកោះហៅយកទៅព្រមានសរុបតែម្ដងទៅបង ដើម្បីឱ្យសង្គមរបស់យើងស្រស់ស្អាតឡើងវិញណាបង»
ការលើកឡើងរបស់ យឿន ពិសី ក៏មានការគាំទ្រពីសំណាក់អ្នកគាំទ្ររបស់លោកដែរ ដោយអ្នកគាំទ្របានបង្ហាញមតិយល់ស្របចំពោះការលើកឡើងទាំងអស់របស់លោក។
អ្វីដែលមហាជនកំពុងរង់ចាំតាមដានជាបន្តនោះគឺចង់ដឹងថាក្រោយមានការកោះហៅគ្រូតឿឆីអាចម៍គោមកព្រមានហើយនោះ តើនឹងមានការកោះហៅតារាហ្វេសប៊ុកឬ Youtube ណាដែលផ្សព្វផ្សាយរូបភាពប្រាសចាកក្រមសីលធម៌ ឬបង្កឱ្យមានភាពអសកម្មក្នុងសង្គមជាតិជាបន្តទៀតដែរឬទេ? ព្រោះទង្វើខ្លះមហាជនយល់ឃើញថាគឺជាសកម្មភាពមួយមិនមានលក្ខណៈអប់រំដល់យុវជនដែលជាអ្នកទស្សនាបន្តិចសោះឡើយ មានតែបង្កើតឱ្យមានភាពច្របូកច្របល់ទៅវិញនោះទេ៕
ប្រភព៖ យឿន ពិសី