ថ្មីៗនេះអ្នកជំនាញក្រាហ្វីកដែលមានឈ្មោះថា ហេង លីម (Will) បានបញ្ចេញស្នាដៃថ្មីជាភាពយន្តខ្លីបែបតុក្កតា 3D Animation ដំបូងរបស់កម្ពុជា មានចំណងជើងថា «ឧកញ៉ា ឃ្លាំងមឿង» ។

ស្នាដៃមួយនេះមានការគាំទ្រពីក្រុមហ៊ុន Smart Axiata និងកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គមតែម្ដង។ បើតាមការបញ្ជាក់ពីខាងក្រុមហ៊ុនមួយនេះ បានអះអាងថា នេះគឺជាស្នាដៃសម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុននេះ។

តាមលោក ហេង លីម បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក បញ្ចេញពីអារម្មណ៍ពិតរបស់ខ្លួនឱ្យដឹងថា៖ «ក្នុងកាលៈទេសៈកូដនេះ បើមិនបានថតជាសាច់រឿងមនុស្ស ក៏បានធ្វើជារឿងក្នុងទម្រង់ Animation ដែរ។ នេះគឺជាជំហានទី១ ឆ្ពោះទៅអនាគត» ។ លោកក៏បានបញ្ជាក់ផងដែរថា ចំពោះភាពយន្ដខ្លីបែបតុក្កតា 3D Animation មួយនេះ ក៏ត្រូវបានចំណាយពេលអស់ជិត ១ឆ្នាំក្នុងកាផលិត ដោយទទួលបានការគាំទ្រពីក្រុមហ៊ុន Smart Axiata ។ អ្នកជំនាញលើវិស័យភាពយន្ដមួយរូបនេះ ក៏បានអរគុណចំពោះក្រុមការងារទាំងអស់ដែលបានផ្ដល់ទំនុកចិត្តចំពោះលោក ហើយលោកក៏បានរំពឹងថា មហាជនទាំងអស់នឹងជួយគាំទ្រស្នាដៃរបស់កូនខ្មែរមួយនេះ។

លោក ហេង លីម

សូមជម្រាបថា រឿង «ឧកញ៉ាឃ្លាំងមឿង» ជារឿងប្រវត្តិសាស្ត្រដែលតំណាលពីវីរបុរសខ្មែរដ៏អស្ចារ្យកាលពីសម័យលង្វែក បានបូជាជីវិតដើម្បីកេណ្ឌទ័ពខ្មោចមកកម្ចាត់សត្រូវ និងត្រូវបានប្រជាជនខ្មែរនិយាយតំណាលតៗគ្នាមក។ ចង់ដឹងថា ភាពយន្តខ្លីបែបតុក្កតា 3D Animation ដំបូងរបស់កម្ពុជារឿង «ឧកញ៉ាឃ្លាំងមឿង» មានភាពទាក់ទាញកម្រិតណានោះ សូមទស្សនាវីដេអូ Trailer ខាងក្រោមនេះ៖

ប្រភព៖ Lim Heng

Telegram-Troryorng
Share.